Wednesday, October 8, 2025
Homeព័ត៌មានជាតិចាប់រំលោភក្បែរមាត់ស្ទឹង អូនចោទថាបានម្តង បងប្រកែកថាបាន២ដង

ចាប់រំលោភក្បែរមាត់ស្ទឹង អូនចោទថាបានម្តង បងប្រកែកថាបាន២ដង

ខេត្តពោធិ៍សាត់ ៖ នារីវ័យក្មេងម្នាក់បានដើរទៅងូតទឹកនៅស្ទឹងខាងក្រោយផ្ទះ លុះដល់មាត់ស្ទឹងកំពុងផ្លាស់សំពត់អាវរៀបចុះងូតទឹក ស្រាប់តែលេចមុខប្រុសព្រានម្នាក់ចូលមកចាប់ផ្តួលទៅលើដី រួចធ្វើសកម្មភាពរំលោភសេពសន្ធវៈរហូតដល់បានសម្រេច លុះនារីរងគ្រោះទម្លាយរឿងរ៉ាវប្រាប់ឪពុកម្តាយ ប្តឹងសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យ ក៏ត្រូវជនសង្ស័យប្រកែកថា តាមពិតរូបគេធ្លាប់បានខ្លួននារីរងគ្រោះចំនួន២ដងរួចមកហើយ។

ករណីរំលោភសេពសន្ធវៈខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៥និង៤៧នាទីល្ងាច ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចអូសមិត ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ។ លុះរឿងរ៉ាវបែកធ្លាយឪពុកម្តាយនារីរងគ្រោះបានដាក់ពាក្យបណ្តឹង សមត្ថកិច្ចក៏ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ។

នារីរងគ្រោះដែលត្រូវប្រុសព្រានចាប់រំលោភ ខណៈដែលកំពុងផ្លាស់សម្លៀកបំពាក់ចុះងូតទឹកស្ទឹងរូបនេះ មានឈ្មោះភ.ស ហៅស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ។ ចំណែកជនសង្ស័យខាងលើ មានឈ្មោះឡុម សុរិន អាយុ១៩ឆ្នាំ រស់នៅភូមិឃុំ ដែលសមត្ថកិច្ចចុះឃាត់ខ្លួន។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងបានដើរចេញពីផ្ទះសំដៅទៅស្ទឹងខាងក្រោយផ្ទះ បំណងទៅងូតទឹក លុះពេលដែលនាងដើរទៅដល់កំពង់ទឹក (មាត់ស្ទឹង) នាងក៏បានរៀបចំផ្លាស់សំពត់អាវត្រៀមចុះងូតទឹក លុះគ្រាន់តែផ្លាស់សំពត់អាវរួច ក៏ស្រាប់តែលេចមុខជនសង្ស័យឈ្មោះឡុម សុរិន បានដើរសំដៅមកជិតនាង រួចក៏បានចាប់នាងផ្តួលទៅលើដី រួចខ្ទប់មាត់ បន្ទាប់មកក៏ធ្វើសកម្មភាពចាប់ស្រាតខោអាវនាងចេញអស់ពីខ្លួន រួចក៏ចាប់រំលោភសេពសន្ថវៈនាងទាំងកំរោល រហូតដល់បានសម្រេចតែម្តង។

នារីរងគ្រោះ បន្តថា ក្រោយពីចាប់រំលោភនាងស្កប់ស្កល់តណ្ហាហើយ ជនសង្ស័យក៏ក្រោកដើរចេញបាត់ធ្វើព្រងើយ ចំណែកនាងលែងហ៊ានចុះងូតទឹកស្ទឹងតទៅទៀត ក៏ប្រញាប់រត់ត្រឡប់មកផ្ទះវិញ និងបានទម្លាយរឿងរ៉ាវខាងលើ ប្រាប់ឪពុកម្តាយគ្មានសល់។ លុះពេលស្តាប់នាងរៀបរាប់ចប់ ឪពុកម្តាយរបស់នាងក៏បាននាំនាងទៅដាក់ពាក្យបណ្តឹងភ្លាមៗ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមស្វែងរកចាប់ខ្លួនជនសង្ស័យ ដើម្បីនាំយកមកចាត់ការតាមច្បាប់។

លោកតាន់ គារិទ្ធ អធិការស្តីទីនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានបញ្ជាក់ប្រាប់ថា ក្រោយពេលទទួលបានពាក្យបណ្តឹងរបស់អាណាព្យាបាលនារីរងគ្រោះ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចក៏បានចុះដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះឡុម សុរិន បាននៅចំណុចផ្ទះជនសង្ស័យស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ នៅវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃដដែល រួចក៏នាំខ្លួនជនសង្ស័យយកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះឡុម សុរិន បានឆ្លើយសារភាពថា តាមពិតរូបគេមិនបានរំលោភនារីរងគ្រោះ រហូតដល់បានសម្រេចម្តង ដូចអ្វីដែលនាងប្តឹងចោទប្រកាន់នោះទេ តាមពិតរូបគេធ្លាប់បានខ្លួននារីរងគ្រោះចំនួន២ដងរួចមកហើយ ដោយគ្មានភាគីណាបង្ខិតបង្ខំភាគីណាឡើយ មូលហេតុដោយសារតែរវាងពួកគេទាំង២នាក់ ធ្លាប់បានស្រលាញ់គ្នាជាគូសង្សារមួយរយៈមកហើយ។

យ៉ាងណាក្តី នារីរងគ្រោះបានច្រានចោលចម្លើយសារភាពរបស់ជនសង្ស័យ ដោយនាងបានអះអាងថា រវាងនាងនិងជនសង្ស័យ មិនធ្លាប់មានទំនាក់ទំនងស្នេហាអ្វីនឹងគ្នាឡើយ ហើយក៏មិនធ្លាប់ព្រមព្រៀងគ្នារួមរ័កដូចអ្វីដែលជនសង្ស័យឆ្លើយនោះដែរ។ ជាមួយនេះនារីរងគ្រោះនៅតែបង្ហាញជំហរប្តឹងចោទប្រកាន់ទៅលើជនសង្ស័យថា បានចាប់រំលោភនាងរហូតដល់បានសម្រេចចំនួន១លើក នៅកំពង់ទឹកមាត់ស្ទឹង។

លោកតាន់ គារិទ្ធ បានបញ្ជាក់ថា ចំពោះករណីប្រុសប្រកែកស្រីប្រកាន់ខាងលើនេះ សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES