Thursday, October 9, 2025
Homeព័ត៌មានជាតិប្តីចាប់បង្ខំរួមរ័ក ប្រពន្ធពោះធំ៨ខែមិនព្រម ចាប់ច្របាច់ក រួចយកស្បែកជើងវាយក្បាល

ប្តីចាប់បង្ខំរួមរ័ក ប្រពន្ធពោះធំ៨ខែមិនព្រម ចាប់ច្របាច់ក រួចយកស្បែកជើងវាយក្បាល

ភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ បានរត់មកដាក់ពាក្យបណ្តឹងទាំងត្រហេបត្រហប ភ្នែកនៅកញ្ចឹងក ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចំពោះករណីហិង្សាក្នុងគ្រួសារ ដែលបុរសជាប្តីចិត្តកំណាចបានចាប់បង្ខំរួមរ័កទាំងដែលនាងកំពុងពពោះ៨ខែ លុះមិនបានដូចបំណង ក៏វាយដំធ្វើទារុណកម្មចាប់ច្របាច់ក សំពងក្បាលប្រពន្ធនឹងស្បែកជើងគ្មានត្រាប្រណី។

ករណីស្ត្រីមានផ្ទៃពោះ៨ខែ រត់មកប្តឹងសមត្ថកិច្ចរឿងប្តីវ៉ៃធ្វើទារុណកម្មបង្ខំរួមរ័កនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍នគរបាលចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ លុះទទួលបានបណ្តឹងពីស្ត្រីរងគ្រាះ សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យជាប្តីភ្លាមៗ នៅចំណុចភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដើម្បីនាំខ្លួនយកមកសាកសួរ និងចាត់ការតាមច្បាប់។

ស្ត្រីរងគ្រោះដែលត្រូវប្តីវាយដំបង្ខំរួមរ័កទាំងកំពុងពពោះប៉ុនកញ្ជើនេះ មានឈ្មោះមឿន សុភ័ណ្ឌ អាយុ៣៣ឆ្នាំ មុខរបរដើរបេះបន្លែលក់ មានស្រុកកំណើតនៅភូមិ២ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។ ចំណែកបុរសជាប្តីចិត្តព្រៃផ្សៃ មានឈ្មោះកង សំអាត អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។ ប្តីប្រពន្ធអ្នកទាំងពីរ ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធពួកនាងបានរៀបការជាមួយគ្នា ដោយមានការទទួលស្គាល់ដឹងឮពីចាស់ទុំទាំងសងខាងត្រឹមត្រូវ អស់រយៈពេលជិត១០ឆ្នាំមកហើយ ហើយរហូតមកដល់ពេលនេះ នាងបង្កើតបានកូនប្រុសស្រី២នាក់ជាចំណងនិស្ស័យ និងកំពុងពពោះកូនក្នុងផ្ទៃម្នាក់ទៀត បាន៨ខែ ជិតដល់ថ្ងៃកើតទៅហើយ។

ស្ត្រីរងគ្រោះបន្តថា តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមក ពួកនាងស្រលាញ់គ្នាល្អូកល្អិនខ្លាំងណាស់ មិនធ្លាប់មានជម្លោះអ្វីធំដុំនោះទេ ប៉ុន្តែ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្តីរបស់នាងចាប់ផ្តើមវក់នឹងការផឹកស៊ីជាមួយបនភឿន ព្រមទាំងលង់ខ្លួនតាមការអូសទាញពីក្មេងស្ទាវ ដើរជក់គ្រឿងញៀនជាប្រចាំ លុះពេលស្រវឹងស្រា ឬបែកថ្នាំម្តងៗ ត្រឡប់មកដល់ផ្ទះវិញ ចាប់ផ្តើមរករឿងឈ្លោះប្រកែកវាយដំនាងជាប្រពន្ធញឹកញាប់ណាស់ ហើយគ្មានអ្នកណាម្នាក់និយាយស្តាប់ទេ មិនថាអ្នកជិតខាង ឬសាច់ញាតិបងប្អូនឡើយ។

ស្ត្រីរងគ្រោះ បានឱ្យដឹងទៀតថា កន្លងមក ប្តីរបស់នាងមិនសូវមានចំណង់តណ្ហាខ្លាំងក្លាប៉ុន្មានទេ ប៉ុន្តែតាំងពីចាប់ផ្តើមប្រើគ្រឿងញៀនមក ប្តីនេះតែងតែចាប់បង្ខំនាងឱ្យបម្រើតណ្ហាមិនចេះស្រាកស្រាន្ត ហើយទោះជានាងកំពុងមានផ្ទៃពោះ ក៏ប្តីមិនព្រមបន្ថយដៃដែរ តែផ្ទុយទៅវិញ កាន់តែសម្រុកខ្លាំងឡើង បង្ខំរួមរ័កជាមួយនាងកាន់តែញឹកញាប់ ពិសេសឱ្យតែប្តីទើបនឹងត្រឡប់មកពីជក់ថ្នាំវិញ ដឹងតែអូសដៃនាងឡើងលើគ្រែរួមរ័ក ហើយបើនាងហ៊ានប្រកែក ច្បាស់ជាត្រូវប្តីកំណាចនេះវ៉ៃដំជាំសុសខ្លួនមិនខានឡើយ។

ស្ត្រីរងគ្រោះ បានបញ្ជាក់ថា ជាក់ស្តែង កាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ប្តីនាងទើបនឹងមកពីជក់ថ្នាំ ត្រឡប់មកដល់ផ្ទះវិញ ក៏ចាប់បង្ខំនាងរួមរ័ក តែនាងមិនព្រម និងបានសំពះអង្វរប្តីថា កុំបង្ខំនាងទៀតអី ព្រោះពោះរបស់នាងប៉ុនកញ្ជើទៅហើយ ជិតដល់ថ្ងៃកើតហើយ តែប្តីមិនព្រមស្តាប់សោះ នៅតែបង្ខំរួមរ័កយកតែឈ្នះដៃ លុះដល់នាងប្រឹងរើបម្រះ ក៏ត្រូវប្តីប្រើអំពើហិង្សាវាយដំចាប់ច្របាច់ក រួចយកស្បែកជើងវាយសំពងនាងដោយគ្មានត្រាប្រណីអ្វីសោះឡើយ។

ដោយសារតែទ្រាំនឹងទង្វើដ៏ឃោរឃៅរបស់ប្តីតទៅទៀតលែងបាន ទើបនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះបានរត់មកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងឈានទៅដល់ការចាប់ខ្លួនប្តីកំណាចយកមកចាត់ការតាមច្បាប់តែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះភ្លាម សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យជាប្តី និងបានត្រួតពិនិត្យក្នុងផ្ទះ រកឃើញសម្ភារៈសម្រាប់ជក់គ្រឿងញៀនដែលជនខាងលើលាក់ទុកនៅក្នុងផ្ទះផងដែរ។

ស្ត្រីរងគ្រោះជាប្រពន្ធ បានបញ្ជាក់ទៀតថា តើស្រីណាអាចទ្រាំបាន បើប្តីប្រើអំពើហិង្សាចាប់បង្ខំប្រពន្ធរួមរ័ក គ្មានស្គាល់ពេលវេលាកាលៈទេសៈ សុខទុក្ខប្រពន្ធសោះ ទាំងដែលដឹងថា ប្រពន្ធកំពុងមានផ្ទៃពោះជិតគ្រប់ខែ សុខភាពមិនល្អគ្រប់គ្រាន់ ក៏នៅតែបង្ខំរួមរ័កយកតែឈ្នះដៃ ដើម្បីតែបំពេញតណ្ហារបស់ខ្លួន ហេតុនេះនាងមិនអាចទ្រាំទ្រទៀតបានទេ មានតែប្តឹងសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់តែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES