ខេត្តស្ទឹងត្រែង៖ ឈើប្រណិតជាច្រើនដុំ និងឈើគ្រឿងសង្ហាររឹមជាច្រើនសន្លឹក រថយន្តតាកូម៉ាមួយគ្រឿង បាន រងនូវការបង្ក្រាប ពីកម្លាំងរដ្ឋបាលព្រៃឈើ ដោយសហការណ៍ជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង ។ការបង្ក្រាបរថយន្តដឹកឈើ១គ្រឿ ងនេះ ត្រូវគេធ្វើឡើងនៅវេលាម៉ោង១០ និង១០នាទីព្រឹកថ្ងៃ ១២ សីហានេះ នៅកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
នាយសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ លោកសួន ម៉េងលី បានបង្ហើបឲ្យដឹងថា រថយន្ត១គ្រឿងដែលសមត្ថកិច្ចបានចុះឃាត់នេះ ជាប្រភេទតាកូម៉ា១បាំងកន្លះ ពាក់ស្លាកលេខ ភ្នំ ពេញ ២K.៣២៤២ ពណ៌ខៀវចាស់ បានដឹកជញ្ជូនឈើពីរប្រភេទ រួមមាន ឈើធ្នង់មានចំនួន១១ដុំ និងឈើបេង និងធ្នង់ច្នៃជាសន្លឹកទ្វារ មានចំនួន១១សន្លឹក ព្រមទាំងតុសំអាងការដោយមិនទាន់មានបំពាក់កញ្ចក់ចំនួន៥គ្រឿងទៀតផងដែរ។
លោកសួន ម៉េងលី បានឲ្យដឹងទៀតថា ម្ចាស់រថយន្តនេះត្រូវគេស្គាល់ឈ្មោះជិន ជាតិ ភេទប្រុស អាយុ៣៧ឆ្នាំ ជាមន្ត្រីយោធា មានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ ហើយឈើប្រណិត និងគ្រឿងសង្ហាររឹមទាំងនេះ ត្រូវគេឲ្យដឹងថា ម្ចាស់រថយន្តបានដឹកចេញពីស្រុកសៀមប៉ាង ចូលមកក្រុងស្ទឹងត្រែង ។ ក្រោយការឃាត់នោះរួចមករថយន្តនិងឈើ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្ត បញ្ជូនកាន់ស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ចាត់ការជាបន្តទៅតាមនីតិវិធី ។
សូមជម្រាបថា ពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើនៅ ខេត្តស្ទឹងត្រែង ដដែលនេះផងដែរ កាលពីព្រលប់ម៉ោងជាង៦ ថ្ងៃព្រហស្បត្តិ៍ទី១១សីហាម្សិលមិញ រថយន្តយីឌុបផ្លូវប្រាំដឹកឈើប្រភេទលេខ២ចំនួន៦គ្រឿង ដែលគេដឹងថា ជារថយន្តដឹកឈើរបស់ក្រុមហ៊ុនសំអាតបាតអាង ទំនប់វារីអគ្គិសនីសេសាន្តក្រោម២ បានបើកចេញពីក្រុមហ៊ុនស្តុកឈើ កាត់លើដងផ្លូវជាតិលេខ៧៨អា បន្តបើកកិនសង្កត់លើផ្លូវជាតិលេខ៧ សំដៅឆ្ពោះចូលមកឈប់សំចតយ៉ាងត្រៀបត្រា នៅខាងមុខសាលាខេត្តស្ទឹងត្រែង ធ្វើឲ្យមានការភ្ញាក់ផ្អើលមកដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដែលមានលំនៅដ្ឋាននៅជិតសាលាខេត្តនោះយ៉ាងខ្លាំង ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅគ្រានោះគេបានឃើញសមត្ថកិច្ចជាច្រើនប្រភេទ ក្នុងនោះមានទាំងវត្តមាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត គឺលោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌី និងព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្ត លោកស្រីស៊ុន យ៉ឺត បានចុះមកមុខសាលាខេត្ត ពិនិត្យមើលលើការមកឈប់សំចតយ៉ាងត្រៀបត្រានៅខាងមុខសាលាខេត្ត ពីរថយន្តធន់យក្សដឹកឈើ៦គ្រឿង របស់ក្រុមហ៊ុនសំអាតបាតអាង ។
សេចក្តីរាយការណ៍ដដែលបានឲ្យដឹងទៀតថា មូលហេតុដែលក្រុមអ្នកបើកបររថយន្តដឹកឈើទាំង៦គ្រឿងនោះ បានបើកចេញពីក្រុមហ៊ុនមានចម្ងាយផ្លូវរាប់សិបគីឡូម៉ែត្រ មកឈប់សំចតនៅមុខសាលាខេត្តស្ទឹងត្រែងនោះ គឺលោកផុន សុភាព មេការក្រុមហ៊ុននេះ បានបញ្ជាឲ្យពួកគេបើកមក ដើម្បីចូលមកសុំលិខិតបើកផ្លូវ ពីលោកម៉ុម សារឿន អភិបាលខេត្ត និងទាមទារយក( PC )លិខិតអនុញ្ញាតពីលោកឈាង តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ។ហើយនៅពេលនោះ លោកមេការក្រុមហ៊ុន ត្រូវគេឲ្យដឹងថា បានទទួលលិខិតបើកផ្លូវពីថ្នាក់ដឹកនាំខេត្តរួចហើយ ឯ ( PC ) ពួកគេក៏ទទួលបានពីខណ្ឌរដ្ឋបាលព្រៃឈើខេត្ត នាពេលនោះដែរ ។ រថយន្តដឹកឈើរបស់ក្រុមហ៊ុនសំអាតបាតអាង នៅក្រោយទទួលបានលិខិតបើកផ្លូវ និង ប៉េសេនោះរួចមក ត្រូវគេឃើញ បានប្រញ៉ាប់សម្រុកបើកចាកចេញ ពីខាងមុខសាលាខេត្ត ទៅអស់តែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ។
ជុំវិញរឿងនេះ អប្សរាណិត មិនអាចស្វែងរកការសាកសួរពីសមត្ថកិច្ចពាក់ព័ន្ធ ពិសេស លោកឈាង តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានទេ នៅរសៀលថ្ងៃ១២សីហានេះ ។ប៉ុន្តែ សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តដឹកឈើរបស់ក្រុមហ៊ុនសំអាតបាតអាងនេះ មានការខកខានមិនបានដឹកឈើចេញ ចាប់តាំងពីគណៈកម្មាការទប់ស្កាត់ ដើម្បីបង្ក្រាបបទល្មើសព្រៃឈើថ្នាកើជាតិ បានចុះបំពេញបេសសកម្មរបស់ខ្លួននៅទូទាំងប្រទេស ដើម្បីត្រួតពិនិត្យ ពីការកើតឡើង នៃបទល្មើសព្រៃឈើនោះមក និងឈលដែលគេដឹកជញ្ជូននេះ គ្មាននរណាម្នាក់ហ៊ានអះអាងថា គឺជាប្រភេទឈើអ្វីនោះទេ តែគេគ្រាន់តែដឹងថា ឈើដែលដឹកចេញនៅយប់១១សីហាម្សិលមិញនោះ គឺជាឈើចាស់ និងគណៈកម្មាការថ្នាក់ខេត្ត និងថ្នាក់ជាតិ ធ្លាប់បានត្រួតពិនិត្យរួចហើយ ៕
ដោយ៖ឡុង សំបូរ