Thursday, October 9, 2025
Homeព័ត៌មានជាតិព្រានព្រៃបាញ់សម្លាប់ទន្សោងគោព្រៃ១ក្បាល ទម្ងន់ជាង១២០គីឡូ ភ្លះសាច់លក់ ជាប់អន្ទាក់សមត្ថកិច្ច

ព្រានព្រៃបាញ់សម្លាប់ទន្សោងគោព្រៃ១ក្បាល ទម្ងន់ជាង១២០គីឡូ ភ្លះសាច់លក់ ជាប់អន្ទាក់សមត្ថកិច្ច

ខេត្តកំពង់ស្ពឺ ៖ សត្វទន្សោងគោព្រៃមួយក្បាល ដែលជាប្រភេទសត្វដ៏កម្រមួយ មានទម្ងន់ដល់ទៅជាង១២០គីឡូក្រាម ត្រូវបានព្រានព្រៃបាញ់សម្លាប់ ដើម្បីភ្លះសាច់ដឹកយកទៅលក់ ដោយគ្មានស្តាយស្រណោះអ្វីបន្តិចសោះ តែយ៉ាងណា ត្រូវកម្លាំងការពារសត្វព្រៃ និងកម្លាំងអាវុធហត្ថ តាមដានចាប់បាននៅកន្លែង ក្នុងនោះឃាត់ខ្លួនជនសង្ស័យបានម្នាក់ រថយន្ត១គ្រឿង រួមទាំងសាច់សត្វនេះនៅសល់តែជើងមុខនិងក្រោយប៉ុណ្ណោះ។

ករណីសម្លាប់សត្វទន្សោងគោព្រៃខាងលើនេះ ត្រូវបានកម្លាំងជំនាញការពារសត្វព្រៃ ប្រទះឃើញ កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភ្នំពពូល ក្នុងព្រៃសហគមន៍ចំរាក ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង។

ជនដែលបានបាញ់សម្លាប់សត្វព្រៃ មានឈ្មោះសូ ស៊ីណា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទៀប ខេត្តស្វាយរៀង។ ចំណែកសត្វទន្សោងគោព្រៃ ដែលត្រូវគេបាញ់សម្លាប់ ជាសត្វទន្សោងឈ្មោល១ក្បាល ក្នុងព្រៃសហគមន៍ខាងលើ។

មន្ត្រីកងរាជអាវុធហត្ថស្រុកថ្ពង បានឱ្យដឹងថា ករណីបាញ់សម្លាប់សត្វទន្សោងគោព្រៃនេះ បង្កឡើងដោយជនមួយក្រុមជិះរថយន្ត២គ្រឿង អាវុធ២ដើម កែវឆ្លុះ៤។ លុះក្រោយពីធ្វើការបង្ក្រាប ក៏ចាប់ខ្លួនជនសង្ស័យបានម្នាក់ ព្រមទាំងដកហូតរថយន្ត១គ្រឿង ម៉ាក VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2M-7435 សាច់ទន្សោង១២០គីឡូក្រាម ជើងមុខ២ ភ្លៅក្រោយ១។

ក្រោយទទួលបានព័ត៌មាននេះ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ លោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវកុំឱ្យពលរដ្ឋសម្លាប់សត្វដ៏កម្រតទៅទៀត ជាពិសេសសត្វដែលរស់នៅក្នុងដែនអភិរក្ស ជាក់ស្តែងដូចជាករណីសម្លាប់សត្វទន្សោងគោព្រៃមួយក្បាល មានទម្ងន់រហូត១២០គីឡក្រាម ជាបទល្មើស និងត្រូវទទួលទោសតាមច្បាប់ជាកំហិត។

ជនបង្ក និងវត្ថុតាង ត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបញ្ជូនទៅមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។ ចំណែកកងរាជអាវុធហត្ថស្រុកថ្ពង និងរដ្ឋបាលព្រៃឈើ នគបាលស្រុកបរិស្ថាន កំពុងចុះធ្វើកំណត់ហេតុ កន្លែងកើតហេតុដើម្បីបំពេញសំណុំរឿងបញ្ជូនទៅតុលាកាតាមនីតិវិធី៕

RELATED ARTICLES