ភ្នំពេញ ៖ បុរសជាអ្នករកស៊ីពុះដីឡូត៍លក់ម្នាក់ ត្រូវបានអតិថិជនរបស់ខ្លួន (អ្នកទិញ) ប្តឹងចោទប្រកាន់ថា វេចលុយរត់មិនទទួលខុសត្រូវ ក្រោយកក់លុយទិញដីរួច ហើយត្រូវសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ រឿងទិញលក់ដីឡូត៍ក្នុងភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវប៉ូលិសចាប់ខ្លួន មានឈ្មោះ លឹម ពិសិដ្ឋ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរទិញលក់ពុះដីឡូត៍ មានលំនៅសង្កាត់កើតហេតុ និងបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់មាន ឈ្មោះស វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរពុះដីឡូត៍លក់ ដូចគ្នា។
តាមប្រជាពលរដ្ឋជាអ្នកទិញដីមានចំនួន៤នាក់ បានឱ្យដឹងថា ពួកគាត់ទិញដីឡូត៍ ជនសង្ស័យខាងលើក្នុងតម្លៃផ្សេងៗគ្នាទៅតាមប្រភេទទំហំដី តម្លៃចាប់ពី២៧០០ដុល្លារ រហូតដល់ជាង១ម៉ឺនដុល្លារ ប៉ុន្តែ ពួកគាត់ទៅទិញទើបតែកក់លុយជាមុនប៉ុណ្ណោះ ក្នុងកិច្ចសន្យារយៈពេល១ខែ ទើបកាត់ឈ្មោះចេញប័ណ្ណកម្មសិទ្ធិជូនអតិថិជន ហើយកក់ទៅតាមដំណាក់កាល ស្រាប់តែនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ដីឡូត៍ដែលពួកគាត់ទិញកក់លុយហើយនោះ មានអ្នកផ្សេងមកអះអាងថា ជាដីរបស់គេទៅវិញ មិនមែនជាដីរបស់បុរសទាំង២នាក់ខាងលើ ដែលពួកគាត់លុយទិញនោះទេ ឱ្យពួកគាត់មិនមានការសង្ស័យ និងមិនទុកចិត្តបុរសទាំង២ ក៏ប្តឹងប៉ូលិសជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យមកធ្វើដោះស្រាយគ្នា។
សមត្ថកិច្ចបានឱ្យដឹងថា រឿងរ៉ាវទិញលក់ដីខាងលើ សមត្ថកិច្ចទុកឱ្យភាគីសងខាងចរចាគ្នាសិន តែបើសិនមិនត្រូវគ្នាទេនោះ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕