ខេត្តពោធិ៍សាត់ ៖ បុរសចំណាស់ម្នាក់ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ឃើញក្មេងស្រីម្នាក់នៅផ្ទះតែម្នាក់ឯង មានឱកាសស្ងាត់ល្អ ក៏ធ្វើសកម្មភាពចាប់ថើប និងប៉ុនប៉ងរំលោភសេពសន្ថវៈ ស្រាប់តែភ្លាមនោះស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះត្រឡប់មកផ្ទះប្រទះឃើញផ្ទាល់ភ្នែក ក៏ស្រែកឆោឡោ និងចាប់ក្របួចបុរសចំណាស់ល្មោភកាមប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។
ករណីបុរសចំណាស់ប៉ងរំលោភកូនស្រីគេនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះផែបណ្តែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ។
ជនសង្ស័យល្មោភកាមដែលប៉ុនប៉ងរំលោភក្មេងស្រី មានឈ្មោះពូន ពៅ អាយុ៥៧ឆ្នាំ មុខរបរនេសាទ រស់នៅផ្ទះផែបណ្តែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះជ.ផ.ន អាយុ១៥ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។
តាមសម្តីរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីព្រឹកព្រលឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ គាត់និងកូនប្រុសម្នាក់បានចេញទៅនេសាទត្រីដូចសព្វដង ដោយទុកឱ្យប្តីរួមនឹងកូនៗ ក្នុងនោះមានកូនស្រីរងគ្រោះម្នាក់ផងនៅចាំផ្ទះ។ លុះមកដល់វេលាម៉ោង៩ព្រឹកថ្ងៃដដែល គ្រាដែលគាត់និងកូនប្រុសត្រឡប់មកពីនេសាទវិញ ស្រាប់តែប្រទះឃើញជនសង្ស័យឈ្មោះពូន ពៅ កំពុងធ្វើសកម្មភាពទៅលើកូនស្រីរបស់គាត់ ដោយកំពុងចាប់ថើបកូនស្រីគាត់ជាប់នឹងជញ្ជាំងក្នុងបរិវេណផ្ទះ ទើបធ្វើឱ្យគាត់ស្រែកហៅគេឯងឱ្យជួយ ហើយស្ទុះទៅទាញកូនចេញពីកណ្តាប់ដៃប្រុសព្រានចំណាស់ល្មោភតណ្ហា។ បន្ទាប់មក គាត់ជាម្តាយ រួមនឹងអ្នកភូមិ បាននាំគ្នាឃាត់ខ្លួនជនសង្ស័យយកទៅប្រគល់ឱ្យសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់តែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះពូន ពៅ បានឆ្លើយសារភាពថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ឪពុករបស់ក្មេងស្រីរងគ្រោះបានអ៊ុំទូកទៅចម្លងខ្លួនឱ្យមកផ្ទះ (ក្មេងស្រីរងគ្រោះ) ដើម្បីឱ្យមកជួយរុះរើឧបករណ៍នេសាទ បន្ទាប់មកក៏បានទិញស្រាមកនាំគ្នាអង្គុយផឹករហូតអស់ស្រា ចាប់ផ្តើមស្រវឹងស្រឿងៗ នៅម៉ោងប្រមាណ៩ព្រឹកថ្ងៃដដែលនោះ ឪពុករបស់ក្មេងស្រីរងគ្រោះ បានបើកកាណូតទៅចម្លងគេនៅមាត់ទឹក ដោយទុកឱ្យខ្លួន (ពូន ពៅ) នៅចាំផ្ទះជាមួយក្មេងស្រីរងគ្រោះ និងក្មេងប៉ុន្មាននាក់ទៀត។
ជនសង្ស័យបានបន្តថា ក្រោយពីឪពុករបស់ក្មេងស្រីរងគ្រោះចេញផុត ដោយឃើញឱកាសស្ងាត់ល្អ ទើបខ្លួនបានប្រើឱ្យក្មេងស្រីរងគ្រោះដួស និងលើកបាយយកមកឱ្យហូប គ្រានោះខ្លួន ក៏បានចាប់កៀកកក្មេងស្រីរងគ្រោះ រួចសុំថើប១ខ្សឺត ស្រាប់តែរំពេចនោះ ម្តាយរបស់ក្មេងស្រីរងគ្រោះមកទាន់តែម្តង។
ក្រោយធ្វើការសាកសួរជនសង្ស័យរួចរាល់ សមត្ថកិច្ចបានសម្រេចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕