ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវព្រះមុនីរ៉េត លេខ២១៧ បានសម្តែងនូវអារម្មណ៍ធុញទ្រាន់ចំពោះការកកស្ទះនៅចំណុចមុខផ្សារស្ទឹងមានជ័យចាស់ ដែលត្រូវបានគេមើលឃើញថា កំពុងត្រូវបានឈ្មួញឆ្លៀតឱកាសកេងចំណេញយកចំណីផ្លូវ ធ្វើជាកន្លែងរកស៊ីទទួលផ្ញើកង់ម៉ូតូ បំពេញតែប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគិតខ្វល់ចំពោះផលលំបាក ឬផលប៉ះពាល់ចំពោះការធ្វើចរាចរណ៍ ឬសណ្តាប់ធ្នាប់សាធារណៈបន្តិចណាសោះ។
ក្រុមប្រជាពលរដ្ឋជាអាជីវករលក់ដូរតាមផ្ទះ ដែលបើករបររកស៊ីនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ពិសេសម្តុំផ្សារស្ទឹងមានជ័យចាស់ បានធ្វើការរិះគន់ដោយត្រង់ចំពោះអាជ្ញាធរខណ្ឌមានជ័យថា កម្លាំងប្រជាការពារចុះរៀបចំសណ្តាប់ធ្នាប់មិនស្មើភាពគ្នាសោះ ព្រោះការរៀបចំសណ្តាប់ធ្នាប់នេះ ហាក់បីដូចជាធ្វើបានតែចំពោះពួកគាត់លក់ដូរតាមផ្ទះប៉ុណ្ណោះ ដែលម្នាក់ៗសឹងមិនហ៊ានដាក់លយលើចិញ្ចឹមផ្លូវផង នៅតែកម្លាំងប្រជាការពារចុះចាប់ ឬដេញឱ្យរៀបចំចូលក្នុង ។ ផ្ទុយទៅវិញ ទីតាំងទទួលផ្ញើកង់ម៉ូតូមុខផ្សារស្ទឹងមានជ័យចាស់ វិញ គឺមានអាទិភាពជាងគេ ដោយអាចយកចំណីផ្លូវ ធ្វើជាកន្លែងដាក់ផ្ញើកង់ម៉ូតូរកលុយចូលហោប៉ៅតែម្តង ដោយមិនមានខាងអាជ្ញាធរណាដេញសោះឡើយ ឬមួយគេមាន ខ្សែខ្នងធំ ទើបមិនហ៊ានដេញបែបនេះ។
ប្រជាពលរដ្ឋបានបន្ថែមទៀតថា ការចុះរៀបចំសណ្តាប់ធ្នាប់ឱ្យមានចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងនោះ គឺពួកគាត់មានការត្រេកអរណាស់ ប៉ុន្តែពួកគាត់គ្រាន់តែសំណូមពរឱ្យមានតម្លាភាពផង កុំរៀបចំតែពួកគាត់ចំណែកកន្លែងទទួលផ្ញើកង់ម៉ូតូ គឺយកចំណីផ្លូវតែម្តង ណាមួយ ចំណុចកន្លែងនេះ គឺសិស្សានុសិស្សច្រើនតែធ្វើដំណើរចេញពីសាលាបឋមសិក្សាស្ទឹងមានជ័យ ត្រូវធ្វើដំណើរឆ្លងកាត់ និងត្រូវដើរជៀស ឬជិះកង់គេចត្រង់ចំណុចនេះ ដែលអាចបង្កជាគ្រោះថ្នាក់ជាយថាហេតុដោយប្រការណាមួយបាន។
គួរបញ្ជាក់ផងដែរថា ទីតាំងទទួលផ្ញើកង់ និងម៉ូតូមុខផ្សារស្ទឹងមានជ័យចាស់នេះ គឺមានភាពស្មុគស្មាញ តែងបង្កឱ្យមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ហើយកន្លងមកគេឃើញលោកពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ ធ្លាប់បានចុះធ្វើការហាមឃាត់ និងចេញសេចក្តីណែនាំជាញឹកញាប់ដែរ តែហាក់ដូចជាគ្មានប្រសិទ្ធភាពសោះ មិនដឹងជាអាជ្ញាធរថ្នាក់ក្រោមឃុបឃិត ត្រូវជើងគ្នាជាមួយម្ចាស់ទីតាំង ឬម្ចាស់ទីតាំងផ្ញើកង់ម៉ូតូនោះ មានខ្សែទុយោធំ មិនស្តាប់អភិបាលខណ្ឌ ក៏មិនដឹង៕