Thursday, October 9, 2025
Homeព័ត៌មានជាតិពាក់កណ្តាលយប់ ប្រពន្ធស្រែកហៅគេឯងឲ្យជួយពេញភូមិ ព្រោះតែប្តី

ពាក់កណ្តាលយប់ ប្រពន្ធស្រែកហៅគេឯងឲ្យជួយពេញភូមិ ព្រោះតែប្តី

ខេត្តព្រៃវែង ៖ ប្តីប្រពន្ធ២នាក់ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាតិចតួច ស្រាប់តែបុរសជាប្តីតូចចិត្តតូចថ្លើមនឹងរឿងប្រពន្ធស្តីបន្ទោស ក៏មានគំនិតខ្លីដាច់ចិត្តចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះបាយក្នុងផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិសំបួរ ឃុំព្រែកសំបួរ ស្រុកពាមជរ។

បុរសគំនិតខ្លីដែលតូចចិត្តប្រពន្ធស្តីបន្ទោស បែរជាដាច់ចិត្តចងកធ្វើអត្តឃាត មានឈ្មោះជិន សុវណ្ណ អាយុ៤១ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ប្តីប្រពន្ធជនរងគ្រោះឧស្សាហ៍កើតមានទំនាស់ពាក្យសម្តីនឹងគ្នាណាស់ ប៉ុន្តែមិនដល់ថ្នាក់ប្រើហិង្សាអ្វីនោះទេ។ នៅមុនពេលកើតហេតុ កាលពីក្បាលព្រលប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ប្តីប្រពន្ធជនរងគ្រោះបានកើតមានទំនាស់នឹងគ្នាសារជាថ្មី តែមិនដឹងផ្តើមចេញពីមូលហេតុអ្វីឱ្យពិតប្រាកដទេ បន្ទាប់មក គេឮសូរសំឡេងស្ត្រីជាប្រពន្ធស្តីបន្ទោសឱ្យប្តីប៉ោចៗ រួចក៏ស្ងាត់ទៅវិញ ទើបធ្វើឱ្យគ្មានអ្នកជិតខាងណាម្នាក់ចាប់អារម្មណ៍អ្វីឡើយ។

ប្រភពដដែលបន្តថា ក្រោយពីទាស់សម្តីគ្នាមួយប៉្រាវរួចហើយ ប្តីប្រពន្ធជនរងគ្រោះក៏នាំគ្នាចូលដេកអស់ទៅ រហូតមកដល់វេលាម៉ោង១១និង១០នាទីយប់ថ្ងៃដដែល ក៏លាន់មាត់ប្រពន្ធរបស់ជនរងគ្រោះស្រែកឆោឡោ ថាប្តីរបស់គាត់បានចងកស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើងតែម្តង។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីក្បាលព្រលប់ ប្តីប្រពន្ធគាត់បានទាស់សម្តីគ្នាតិចតួច រួចក៏ចូលដេកទៅ ស្រាប់តែមកដល់ពាក់កណ្តាលយប់ គាត់ភ្ញាក់ពីដំណេក បាត់មិនឃើញប្តី ក៏បើកភ្លើងដើររកក្នុងផ្ទះ បែរជាប្រទះឃើញប្តីចងកសម្លាប់ខ្លួននៅក្នុងផ្ទះបាយបាត់ទៅហើយ។

បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើក្រមាពណ៌ក្រហមលាយខៀវ ចងកភ្ជាប់ទៅនឹងរបាផ្ទះបាយបណ្តាលឱ្យស្លាប់។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES