Thursday, October 9, 2025
Homeព័ត៌មានជាតិផ្ទុះជម្លោះហើយ ដើរចេញក្រៅបាត់ ប្រពន្ធមិនរវល់តាមរក ប្តីចងសម្លាប់ខ្លួន

ផ្ទុះជម្លោះហើយ ដើរចេញក្រៅបាត់ ប្រពន្ធមិនរវល់តាមរក ប្តីចងសម្លាប់ខ្លួន

ខេត្តកំពង់ចាម ៖ បុរសជាប្តីម្នាក់ ទើបនឹងត្រឡប់មកពីចូលរួមមង្គលការអ្នកភូមិវិញ ផឹកស្រវឹងធ្លាក់ភ្នែក ឃើញភ្លើងដាច់ បែរជាបន្ទោសប្រពន្ធមិនព្រមបើកភ្លើងឱ្យភ្លឺ លុះប្រពន្ធតមាត់ ក៏ធ្វើឱ្យកើតជាជម្លោះតឹងសរសៃកដាក់គ្នា រហូតដល់បុរសជាប្តីច្រឡោតខឹងដើរចេញពីផ្ទះបាត់១យប់ រហូតដល់ព្រឹកឡើង ទើបមានអ្នកភូមិប្រទះឃើញបុរសជាប្តីចងកសម្លាប់ខ្លួននៅលើដើមស្លែងបាត់ទៅហើយ។

ករណីប្តីស្រវឹងខឹងប្រពន្ធ បែរជារត់ទៅចងកសម្លាប់ខ្លួននេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចដើមស្លែងតាមភ្លឺស្រែខាងលិចភូមិ ស្ថិតក្នុងភូមិតាំងគោក ឃុំតាំងគោក ស្រុកបាធាយ។

បុរសគំនិតខ្លីដែលដាច់ចិត្តចងកធ្វើអត្តឃាត មានឈ្មោះភឹម ថាវី អាយុ៣០ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ៦ព្រលប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ប្តីរបស់នាង (ជនរងគ្រោះ) បានចេញទៅស៊ីការគេនៅក្នុងភូមិ លុះដល់ម៉ោងប្រហែល១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីផឹកស្រាស្រឹងជោកជាំ ប្តីក៏បានត្រឡប់មកផ្ទះវិញ លុះមកដល់ឃើញភ្លើងដាច់ងងឹតសូន្យឈឹង ស្រាប់តែប្តីស្រវឹងបានស្រែកឡូឡា បន្ទោសនាងជាប្រពន្ធថា ហេតុអ្វីមិនព្រមបើកភ្លើង លុះនាងប្រាប់ថា ភ្លើងដាច់ ក៏ធ្វើឱ្យប្តីខឹងកើតជាទំនាស់ពាក្យសម្តីតឹងសសៃកដាក់គ្នា។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា ក្រោយពីឈ្លោះប្រកែកជាមួយនាងរួច ប្តីរបស់នាងក៏ចុះពីលើផ្ទះដើរចេញបាត់ មិនដឹងជាទៅណា ចំណែកនាងក៏មិនរវល់តាមទៅរកប្តីដែរ ព្រោះតែអារម្មណ៍ខឹងផង ណាមួយយប់ជ្រៅងងុយដេកផង ទើបប្រះខ្លួនដេករហូតទល់ភ្លឺទៅ។ ស្រាប់តែមកដល់វេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៤ មីនា ក៏មានអ្នកភូមិរត់មកប្រាប់ថា ប្រទះឃើញប្តីរបស់នាងចងកសម្លាប់ខ្លួននៅលើដើមស្លែង ខាងក្រោយភូមិបាត់ទៅហើយ ទើបនាងប្រញាប់រត់ទៅមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត។

លោកសំ ណាល់ អធិការនគរបាលស្រុកបាធាយ បានឱ្យដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចជំនាញបានចុះពិនិត្យដល់ទីតាំងកើតហេតុ រួចបានបង្កើតគណៈកម្មការមានមេភូមិ ក្រុមប្រឹក្សាឃុំ គ្រូពេទ្យមណ្ឌលសុខភាព និងក្រុមគ្រួសារសព ពិនិត្យ រួចបញ្ជាក់ថា ផ្នែកក្បាលពុំមានស្លាកស្នាម ឬបែកទេ ផ្នែកកមានស្នាមទ្រុតពីគុម្ពត្រចៀកខាងឆ្វេងដល់គុម្ពត្រចៀកខាងស្តាំ ប្រវែង២៧សម ផ្នែកដងខ្លួន និងអវយវៈ ពុំមានស្លាកស្នាម ឬបាក់បែកអ្វីទេ។

លោកអធិការបញ្ជាក់ថា តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែក្រណាត់ពណ៌ស ប្រវែង១,១៥ម៉ែត្រ ចំនួន៣សរសៃ មូលចូលគ្នាចងកធ្វើអត្តឃាត បណ្តាលឱ្យស្លាប់។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES