Thursday, October 9, 2025
Homeព័ត៌មានជាតិវាយដុំទាត់ធាក់ប្រពន្ធ ប្តីកំណាចឃើញប៉ូលិសចុះជួយឃាត់ ស្ទុះទាញកាំបិតចេញចាក់ទាំងកំរោល

វាយដុំទាត់ធាក់ប្រពន្ធ ប្តីកំណាចឃើញប៉ូលិសចុះជួយឃាត់ ស្ទុះទាញកាំបិតចេញចាក់ទាំងកំរោល

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា វក់នឹងថ្នាំញៀន រហូតដល់លែងដឹងខុសត្រូវ លុះក្រោយពីជក់ថ្នាំញៀនរួច ក៏បង្ករឿងអុកឡុកក្នុងផ្ទះ ប្រើអំពើហិង្សាវាយដំច្រំធាក់ប្រពន្ធ រហូតផ្អើលដល់អ្នកជិតខាងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ លុះគ្រាន់តែឃើញសមត្ថកិច្ចចុះមកដល់ បុរសជាប្តីកំណាចស្រាប់តែស្ទុះរត់ទៅយកកាំបិតដេញចាក់សមត្ថកិច្ចទាំងកំរោល ទម្រាំសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន នាំយកទៅសាកសួរ។

ហេតុការណ៍អំពើហិង្សាក្នុងគ្រួសារ រហូតឈានដល់ការទាញកាំបិតដេញចាក់គេឯង រួមទាំងសមត្ថកិច្ចទៀតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ក្នុងចំណុចប្លុកផ្ទះជួលមួយកន្លែង ទល់មុខមន្ទីរពេទ្យរុស្សី ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ជនសង្ស័យខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយកើតហេតុ ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួននាំយកទៅសាកសួរបាត់ ក្នុងនោះបានដកហូតវត្ថុតាងកាំបិត១ផងដែរ ។ ដោយឡែក សមត្ថកិច្ចដែលទទួលរងរបួស ក៏មិនត្រូវស្គាល់ឈ្មោះដែរ គ្រាន់តែដឹងថា រងរបួសត្រង់ចំដៃហូរឈាម។

តាមប្រភពពីអ្នករស់ក្បែរផ្ទះជួលរបស់ជនសង្ស័យខាងលើ បានឱ្យដឹងថា ជនសង្ស័យខាងលើបានមកជួលផ្ទះខាងលើស្នាក់នៅជាមួយប្រពន្ធ ទើបបាន២ខែប៉ុណ្ណោះ។ កន្លងមក ជនសង្ស័យតែងប្រើប្រាស់គ្រឿងញៀនជាប់ជាប្រចាំ និងតែងរករឿងឈ្លោះប្រកែក វាយដំធ្វើទារុណកម្មប្រពន្ធមិនឈប់ និងថែមទាំងបានវាយបំផ្លាញទ្រព្យរបស់ក្នុងផ្ទះខ្ទេចអស់គ្មានសល់ឡើយ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ជនសង្ស័យមិនដឹងថា ទើបនឹងត្រឡប់មកពីជក់ថ្នាំនៅឯណាទេ ស្ថិតក្នុងសភាពបែកថ្នាំ ក៏ធ្វើសកម្មភាពស្រែកឡូឡារករឿងស្ត្រីជាប្រពន្ធ និងបានវ៉ៃដំប្រពន្ធយ៉ាងចាស់ដៃ ទើបធ្វើឱ្យអ្នកជិតខាងធុញទ្រាន់រកដេកពួនមិនបានផង ណាមួយអាណិតស្ត្រីជាប្រពន្ធផង ក៏រាយការណ៍ប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍។

 

ប្រភពខាងលើ បញ្ជាក់ថា លុះគ្រាន់តែប្រទះឃើញសមត្ថកិច្ចចុះទៅអន្តរាគមន៍ ស្រាប់តែជនសង្ស័យរូបនោះបានព្យាយាមរត់គេចខ្លួន ចុះទៅក្នុងច្រកតូច ផ្លូវចូលបន្ទប់ជួលរបស់ខ្លួន រួចចូលក្នុងបន្ទប់ចាក់សោជាប់ ជាហេតុធ្វើឱ្យកម្លាំងសមត្ថកិច្ចលំបាកក្នុងការចាប់ខ្លួនជនសង្ស័យខ្លាំងណាស់។ ក្រោយមក សមត្ថកិច្ចបានល្បួងជនសង្ស័យចេញមកក្រៅបាន ដោយកាន់កាំបិតជាប់ដៃ រួចក៏បានដេញចាក់ បណ្តាលឱ្យសមត្ថកិច្ចម្នាក់រងរបួសដៃ ហើយភ្លាមនោះ កម្លាំងសមត្ថកិច្ចបាននាំគ្នាចាប់ក្របួចវាយខ្នោះជនសង្ស័យជាប់ទាំងលំបាក ដោយសារតែជននេះនៅតែប្រឹងរើបម្រះ ព្យាយាមតដៃជាមួយសមត្ថកិច្ចរហូត។

ក្រោយឃាត់ខ្លួនបាន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី។/

RELATED ARTICLES