Thursday, October 9, 2025
Homeព័ត៌មានជាតិចាប់រំលោភកូនស្រីថៅកែបានសម្រេចហើយ លួងលោមកុំឲ្យប្រាប់ម្តាយឪពុក ប្រាប់បានអីមកវិញ?

ចាប់រំលោភកូនស្រីថៅកែបានសម្រេចហើយ លួងលោមកុំឲ្យប្រាប់ម្តាយឪពុក ប្រាប់បានអីមកវិញ?

ភ្នំពេញ ៖ យុវជនជាបុគ្គលិកផ្នែកគិតលុយក្នុងផ្ទះសំណាក់មួយកន្លែង ឆ្លៀតពេលថៅកែប្រុសស្រីមិននៅ រវល់ចេញទៅខេត្ត ក៏ស្រាប់តែបែកគំនិតចាប់រំលោភកូនស្រីរបស់ថៅកែ ដែលទើបនឹងមានវ័យ១៥ឆ្នាំ រហូតដល់បានសម្រេច លុះ២ថ្ងៃក្រោយ ក្មេងស្រីរងគ្រោះទម្លាយរឿងរ៉ាវប្រាប់ឪពុកម្តាយ ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចុះចាប់ខ្លួនប្រុសព្រានល្មោភកាមយកទៅចាត់ការតាមច្បាប់។

ករណីប្រុសព្រានថ្លើមធំ ចាប់រំលោភកូនស្រីបង្កើតរបស់ថៅកែខ្លួននេះ បានកើតឡើង តាំងពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ ស្ថិតក្នុងផ្ទះសំណាក់យីហោ ហូលីដេ  ក្នុងភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។ លុះបន្ទាប់ពីរឿងរ៉ាវបែកធ្លាយ ជនសង្ស័យក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់ហូលីដេ។

ជនសង្ស័យដែលចាប់រំលោភកូនស្រីថៅកែ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននេះ មានឈ្មោះផល ណាផា អាយុ២០ឆ្នាំ មុខរបរជាអ្នកគិតលុយក្នុងផ្ទះសំណាក់ហូលីដេ ស្នាក់នៅទីតាំងកើតហេតុ បន្ទប់លេខ១A ជាន់ផ្ទាល់ដី និងមានស្រុកកំណើតនៅភូមិកំពង់លាវ ឃុំលេខ២ ស្រុកកំពង់លាវ ខេត្តព្រៃវែង។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះល.ស.ដ.ន អាយុ១៥ឆ្នាំ ត្រូវជាកូនម្ចាស់ផ្ទះសំណាក់ហូលីដេ ស្នាក់នៅផ្ទះសំណាក់កើតហេតុខាងលើជាមួយគ្នា។

តាមសម្តីរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា រវាងនាងនិងជនសង្ស័យរាប់អានគ្នាធម្មតា ព្រោះតែជនសង្ស័យគឺជាបុគ្គលិកផ្នែកគិតលុយ បម្រើការនៅក្នុងផ្ទះសំណាក់របស់ឪពុកម្តាយនាង ហើយកន្លងមក នាងតែងតែខ្ចីទូរស័ព្ទដៃរបស់ជនសង្ស័យមកលេងហ្គេមជារឿយៗ។ លុះមកដល់យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ខណៈដែលឪពុកម្តាយរបស់នាងមានធុរៈត្រូវចេញទៅខេត្តបាត់ដំបង ២យប់ នាងក៏បានដើរទៅគោះបន្ទប់ជនសង្ស័យ ដើម្បីសុំខ្ចីទូរស័ព្ទមកលេងហ្គេមដូចរាល់ដង ស្រាប់តែពេលនាងគោះទ្វាររួច ជនសង្ស័យបានបើកទ្វារបន្ទប់សួរនាំ រួចបានចាប់អូសដៃនាងចូលទៅក្នុងបន្ទប់របស់គេ ហើយក៏ចាប់ផ្តើមធ្វើសកម្មភាពចាប់សម្រាតខោអាវរបស់នាងចេញអស់ពីខ្លួន បន្ទាប់មក ក៏ចាប់រំលោភនាងរហូតដល់បានសម្រេចតែម្តង ហើយពេលនោះ ទោះជានាងសំពះអង្វរកុំឱ្យជនសង្ស័យធ្វើបែបនេះ ក៏ជនសង្ស័យមិនស្តាប់ហើយទោះនាងប្រឹងរើបម្រះយ៉ាងណា ក៏មិនអាចឈ្នះកម្លាំងជនសង្ស័យដែរ ទីបំផុត ជនសង្ស័យក៏ចាប់នាងរំលោភរហូតដល់បានសម្រេចស្កប់ស្កល់តណ្ហា ទើបឈប់។

នារីរងគ្រោះបន្តថា ក្រោយពីត្រូវជនសង្ស័យចាប់រំលោភរួច នាងបានស្លៀកពាក់រួចដើរចេញមកខាងក្រៅវិញ បន្ទាប់មកជនសង្ស័យក៏បានដើរចេញមកតាមពីក្រោយនាង និងបានមកអង្គុយក្បែរនាងព្យាយាមលួងលោមកុំឱ្យនាងនិយាយរឿងនេះប្រាប់អ្នកណា ប៉ុន្តែនាងបាននិយាយប្រាប់ជនសង្ស័យថា ចាំមើលពេលឪពុកម្តាយនាងមកវិញ នាងនឹងប្រាប់ពួកគាត់ហើយ ពេលនោះ ជនសង្ស័យបានប្រាប់ថា កុំប្រាប់ពួកគាត់អី បើប្រាប់ទៅ តើបានអីមកវិញ យ៉ាងច្រើនបានត្រឹមជាប់គុកហ្នឹង។

នារីរងគ្រោះ បានបន្ថែមថា រហូតមកដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ពេលឪពុកម្តាយត្រឡប់មកពីខេត្តបាត់ដំបងវិញ នាងក៏បានប្រាប់ពីដំណើររឿងឱ្យឪពុកម្តាយបានដឹង ទើបឪពុកម្តាយរបស់នាងបាននាំខ្លួនជនសង្ស័យយកទៅប្រគល់ឱ្យសមត្ថកិច្ចធ្វើការសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយថា តាមពិតរូបគេពិតជាធ្លាប់បានរួមរ័កជាមួយនឹងក្មេងស្រីរងគ្រោះរហូតដល់បានសម្រេចមួយលើកប្រាកដមែន តែជាការព្រមព្រៀងគ្នា មិនមែនជាការបង្ខិតបង្ខំនោះទេ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES