Thursday, October 9, 2025
Homeព័ត៌មានជាតិជម្លោះសុីសាច់ហុតឈាមក្មេងស្ទាវ២ក្រុម ៦នាក់ជាប់ខ្នោះ ៣នាក់រងរបួសធ្ងន់

ជម្លោះសុីសាច់ហុតឈាមក្មេងស្ទាវ២ក្រុម ៦នាក់ជាប់ខ្នោះ ៣នាក់រងរបួសធ្ងន់

ខេត្តកំពង់ធំ ៖ ក្មេងស្ទាវចំនួន២ក្រុម បានកើតមានជម្លោះស៊ីសាច់ហុតឈាមគ្នា ដោយយកដំបងនិងកាំបិតមកដោះស្រាយបញ្ហា ទីបំផុត ភាគីម្ខាងដែលមានគ្នាតិចជាងទទួលរងរបួសធ្ងន់ចំនួន៣នាក់ ចំណែកភាគីម្ខាងទៀតជាអ្នកឈ្នះ ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះចំនួន៦នាក់ នាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍ជម្លោះស៊ីសាច់ហុតឈាមគ្នារវាងក្រុមក្មេងស្ទាវទាំង២ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបរិវេណស្តាតចាស់កំពង់ធំ ស្ថិតក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ករណីហិង្សាដោយចេតនាខាងលើនេះ បង្កឡើងដោយក្រុមក្មេងស្ទាវចំនួន២ក្រុម រួមមាន ៖

ក្រុមទី១ មានគ្នា៣នាក់ ទី១-ឈ្មោះតេ ស៊ីម៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់តុនៅហាងពេញវង់ រស់នៅភូមិជាំស្រាយ ឃុំមានរិទ្ធិ ស្រុកសណ្តាន់ (រងរបួសក្បាល១កន្លែង លើថ្ងាសឆ្វេង១កន្លែង) ទី២-ឈ្មោះវ៉ា សុខលីម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន (រងរបួស១កន្លែងលើខ្នងខាងស្តាំធ្ងន់) និងទី៣-ឈ្មោះផុន ផាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន (រងរបួសត្រង់ក១កន្លែង)។ ជនទាំង៣នាក់ខាងលើ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យវៀតណាម ៥១៥។

ចំណែកក្រុមទី២ មានគ្នា៦នាក់ រួមមាន ទី១-ឈ្មោះណាល់ ហៀ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ទី២-ឈ្មោះណាល់ សំប៊ុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ទី៣-ឈ្មោះហ៊ា ម៉ៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ទី៤-ឈ្មោះសុង ណេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ទី៥-ឈ្មោះភោគ ឆាយ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់។ ទាំង៥នាក់រស់នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាមួយគ្នា។ និងទី៦-ឈ្មោះពេជ រដ្ឋធី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិក្បាលថ្នល់សែប ឃុំស្វាយមាស ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យទាំង៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន រង់ចាំចាត់ការតាមនីតិវិធី៕

RELATED ARTICLES