ខេត្តកំពង់ស្ពឺ ៖ រថយន្តដឹកឧបករណ៍តន្ត្រីសម័យមួយគ្រឿង បានជ្រុលចង្កូតបុកគ្នាយ៉ាងពេញទំហឹង ជាមួយនឹងរថយន្តដឹកទំនិញធុនធំមួយ គ្រឿង បណ្តាលឱ្យមនុស្សចំនួន៥នាក់ ទទួលរងរបួសធ្ងន់ស្រាល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៦-៥៧ ត្រង់ចំណុចភូមិវល្លិប្រេង ឃុំកាហែង ស្រុកសំរោងទង។
ភាគីរថយន្តទី១ ម៉ាកគា ប្រភេទកូរ៉េ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2A-6348 ដឹកក្រុមតន្ត្រីសម័យ បើកបរដោយឈ្មោះរ័ត្ន សម្បត្តិ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល (រងរបួសស្រាល)។ ចំណែកអ្នករួមដំណើរក្នុងរថយន្តដឹកក្រុមតន្ត្រី រួមមាន ទី១-ឈ្មោះប៊ុន ធឿន ភេទប្រុស អាយុ៣៥ឆ្នាំ ទី២-ឈ្មោះកៅ ម៉េងហុង ភេទប្រុស អាយុ១៦ឆ្នាំ និងទី៣ឈ្មោះអៀច សីហា ភេទប្រុស អាយុ១៦ឆ្នាំ (រងរបួសស្រាលទាំងអស់គ្នា)។
ចំណែកភាគីរថយន្តទី២ ម៉ាក DEWOO ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3C-1517 បើកបរដោយឈ្មោះពេជ្រ សុភាព ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច (រងរបួសស្រាល)។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកក្រុមតន្ត្រី បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ដោយបើកបរចេញថ្នល់ទទឹង ទៅសម្តែងនៅពេជ្រនិល នៅព្រឹកថ្ងៃទី២៥ខាងមុខ លុះពេលធ្វើដំណើរមកដល់ច់ណុំចកើតហេតុខាងលើ រថយន្តដឹកក្រុមតន្ត្រីក៏បានបែកកង់ ធ្វើឱ្យរេចង្កូតទៅឆ្វេងដៃជ្រុលទៅបុករថយន្តដឹកទំនិញ ពណ៌ក្រហម ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង ក្នុងនោះដែរគេឃើញរថយន្តដឹកទំនិញ បានព្យាយាមគេចចង្កូត រហូតដល់ធ្លាក់ផ្លូវដីក្រហមដែរ តែនៅតែគេចមិនផុត។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឱ្យមនុស្សចំនួន៥នាក់ទទួលរងរបួសស្រាល ចំណែករថយន្តទាំង២គ្រឿង ទទួលរងការខូចខាតកម្រិតធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែងរួច អូសយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំដោះស្រាយតាមនីតិវិធី។ ចំណែកជនរងគ្រោះទាំង៥នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗដែរ៕