ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ទើបនឹងត្រូវប្រពន្ធប្តឹងលែងលះថ្មីៗ ប៉ុន្តែដោយសារតែមិនទាន់ដាច់ចិត្តពីប្រពន្ធ ទើបធ្វើឱ្យឈឺចិត្តស្អិតទ្រូង ចេះតែស្រងូតស្រងាត់ មិនសូវមាត់កអ្វីសោះឡើយ ទីបំផុត បែរជាមានគំនិតខ្លីចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិក្រាំងត្រទ្បាច ឃុំស្គុះ ស្រុកសំរោងទង។
បុរសរងគ្រោះដែលឈឺចិត្តរឿងប្រពន្ធលែងលះ បែរជាសម្រេចចិត្តចងកធ្វើអត្តឃាត មានឈ្មោះអ៊ុំ រុន អាយុ២៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះទើបនឹងត្រូវប្រពន្ធលែងលះកាលពីពេលថ្មីៗកន្លងទៅនេះ មូលហេតុដោយសារតែភាគីស្ត្រីជាប្រពន្ធអះអាងថា រស់នៅមិនសូវចុះសម្រុងនឹងគ្នា ចេះតែកើតមានបញ្ហារកាំរកូសមិនចេះចប់មិនចេះហើយ ទើបសម្រេចចិត្តលែងលះចែកផ្លូវគ្នាដើរតែម្តង។
ប្រភពដដែលបន្តថា តាំងពីប្រពន្ធលែងលះរួចមក គេឃើញជនរងគ្រោះហាក់មានទឹកមុខស្រងូតស្រងាត់ខ្លាំងណាស់ ព្រោះតែជនរងគ្រោះនៅមិនទាន់ដាច់ចិត្តពីប្រពន្ធរបស់ខ្លួននៅឡើយ ហើយទោះជាក្រុមគ្រួសារ មិត្តភក្តិ អ្នកជិតខាងជួយនិយាយលើកទឹកចិត្តយ៉ាងណា ក៏ជនរងគ្រោះមិនសូវស្តីតបមកវិញសោះ។ យ៉ាងណា មិនមានអ្នកណាម្នាក់ចាប់អារម្មណ៍ ឬនឹកគិតដល់សោះថា ជនរងគ្រោះអាចនឹងមានគំនិតខ្លីបែបនេះ។
ប្រភពខាងលើ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ នៅព្រឹកព្រលឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីក្រោកពីដំណេក ក្រុមគ្រួសារបាននាំគ្នាចុះពីលើផ្ទះមកក្រោមអស់ នៅសល់តែជនរងគ្រោះម្នាក់ប៉ុណ្ណោះដែលមិនព្រមចុះ នៅតែសម្ងំដេកលើផ្ទះម្នាក់ឯង។ រហូតមកដល់វេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃដដែល នៅពេលដែលក្រុមគ្រួសារដើរឡើងទៅលើផ្ទះ ក៏ស្រាប់តែប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួនបាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យដល់កន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើកន្សែងពោះគោពណ៌ខៀវ ចងកភ្ជាប់នឹងធ្នឹមផ្ទះ បណ្តាលឱ្យដាច់ខ្យល់ស្លាប់។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច មូលហេតុដែលនាំឱ្យជនរងគ្រោះមានគំនិតខ្លីចងកសម្លាប់ខ្លួន គឺដោយសារតែជនរងគ្រោះកើតមានវិបត្តិផ្លូវចិត្តរឿងប្រពន្ធទើបនឹងលែងលះថ្មីៗ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕