ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ត្រូវបានអង្គភាពនាំខ្លួនបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីដាក់ពិន័យ បន្ទាប់ពីបុរសរូបនេះបានផ្ទុះអាវុធ១គ្រាប់ គំរាមមេបញ្ជាការរបស់ខ្លួន។ ហេតុការណ៍ផ្ទះអាវុធខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលនៅមុខមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ដែលស្ថិតនៅជាប់អធិការរដ្ឋានខណ្ឌជ្រោយចង្វារ ក្នុងខណ្ឌជ្រោយចង្វារ។
បុរសដែលត្រូវអង្គភាពសាមីឃាត់ខ្លួន មានឈ្មោះឱក សឿន មានតួនាទីជាមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មន្ត្រីកងរាជអាវុធហត្ថរូបនោះ (លោកឱក សឿន) បានផឹកស្រវឹងមកពីណានោះទេ និងមិនដឹងខឹងនឹងមេបញ្ជាការរឿងអ្វី ក៏ស្រាប់តែបានដកកាំភ្លើងខ្លីបាញ់ចំនួន១គ្រាប់គំរាមមេ នៅមុខមូលដ្ឋានរបស់ខ្លួនតែម្តង។ ភ្លាមៗត្រូវបានកម្លាំងកងរាជអាវុធហត្ថទទួលបញ្ជាឱ្យឃាត់ខ្លួនតែម្តង។ ទោះបីជាយ៉ាងណា កងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ហាក់ព្យាយាមលាក់បាំងព័ត៌មានមិនឱ្យបែកធ្លាយខ្ចរខ្ចាយឡើយ។
ដោយឡែក លោកសេង ឈាង មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានឱ្យដឹងថា មូលហេតុដែលផ្ទុះអាវុធដោយសារតែមន្ត្រីកងរាជអាវុធហត្ថរូបនោះ ផឹកស្រវឹងធ្លាក់កាំភ្លើងផ្ទុះ១គ្រាប់ មិនមែនបាញ់នោះទេ។ យ៉ាងណា លោកបានបញ្ជាឱ្យមន្ត្រីនាំខ្លួនមន្ត្រីរូបនោះ ទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីដាក់ពិន័យហើយ៕