Thursday, October 9, 2025
Homeព័ត៌មានជាតិបែកធ្លាយ!!! ស្ត្រី២នាក់ផ្ទុះជម្លោះវ៉ៃគ្នាបែកក្បាលតាមផ្លូវ ដោយសារឯកឧត្តមម្នាក់

បែកធ្លាយ!!! ស្ត្រី២នាក់ផ្ទុះជម្លោះវ៉ៃគ្នាបែកក្បាលតាមផ្លូវ ដោយសារឯកឧត្តមម្នាក់

ភ្នំពេញ ៖ ស្ត្រី២នាក់បានកើតមានជម្លោះតឹងសរសៃកដាក់គ្នា ពីរឿងឯកឧត្តមម្នាក់ ខលហៅទៅរួមរ័កមេត្រី លុះធ្វើដំណើរតាមផ្លូវ ក៏កើតមានទំនាស់ពាក្យសម្តីនឹងគ្នា ដោយភាគីម្ខាងបានទាញទូរស័ព្ទរបស់គេមកនិយាយ រួចបើកកញ្ចក់គប់ចោលទៅខាងក្រៅ បណ្តាលឱ្យបាត់ទូរស័ព្ទ ជាហេតុធ្វើឱ្យផ្ទុះជាជម្លោះឈានដល់អំពើហិង្សា វាយតប់គ្នាបណ្តាលឱ្យបែកក្បាលហូរឈាមជោកខ្លួន។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីដែលរងរបួសបែកក្បាល មានឈ្មោះឈឹម វណ្ណារី អាយុ៣៨ឆ្នាំ មុខរបររកស៊ី ស្នាក់នៅផ្ទះជួលលេខ២៥៤ ផ្លូវ១៥០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ចំណែកស្ត្រីម្នាក់ទៀតឈ្មោះធីម ជីងជីង មុខរបរបកប្រែភាសាចិន ស្នាក់នៅផ្ទះជួល សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ជាម្ចាស់រថយន្តម៉ាក Morning ពណ៌ក្រហម ស្លាកលេខភ្នំពេញ 2AP-4773។

តាមសម្តីស្ត្រីជាម្ចាស់រថយន្ត បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានឯកឧត្តមម្នាក់សុំមិនបញ្ចោញឈ្មោះ បានខលហៅស្ត្រីបង្កខាងលើទៅរួមរ័ក លុះរួចរាល់ហើយ ក៏បានខលមកហៅឱ្យនាងមកទទួលយកស្ត្រីបង្កត្រឡប់ទៅវិញ ទើបនាងបានបើករថយន្តទៅទទួលស្ត្រីបង្ក។ ស្រាប់តែពេលនាងទៅដល់ ក៏ធ្វើឱ្យស្ត្រីបង្កមួម៉ៅក្តៅក្រហាយ ចោទថា នាងតាមទៅរករឿងរំខានបំផ្លាញសេចក្តីសុខរបស់គេទៅវិញ ហើយទោះជានាងប្រាប់ថា នាងត្រូវឯកឧត្តមខលហៅឱ្យមកទទួលយ៉ាងណា ក៏ស្ត្រីបង្កមិនព្រមស្តាប់សោះ។

ស្ត្រីជាម្ចាស់រថយន្ត បន្តថា ដោយសារតែចង់បញ្ជាក់ឱ្យច្បាស់ ទើបនាងបានខលទូរស័ព្ទទៅឯកឧត្តមនោះ ដើម្បីឱ្យនិយាយជាមួយស្ត្រីបង្កឱ្យដាច់ស្រេច ស្រាប់តែពេលយកទូរស័ព្ទម៉ាក iPhone របស់នាងទៅនិយាយបានបន្តិច ស្ត្រីបង្កក៏បានបើកកញ្ចក់រថយន្ត រួចគប់ទូរស័ព្ទរបស់នាងចោលតែម្តង ទើបនាងបានឈប់រថយន្តរកទូរស័ព្ទតែរកមិនឃើញ ទើបនាងបានខ្ចីទូរស័ព្ទពូរ៉ឺម៉កកង់បីម្នាក់ ម៉ាក iPhone6 ដើម្បីតេរកទូរស័ព្ទរបស់នាងដែលត្រូវស្ត្រីបង្កបានគប់ចេញពីរថយន្តនោះ តែមិនទាន់រកឃើញផង ក៏ទាស់សម្តីគ្នាជាមួយស្ត្រីបង្កនោះទៀត ហើយស្ត្រីបង្កក៏កញ្ឆក់យកទូរស័ព្ទពូម៉ូតូកង់៣ គប់ចោលទៀត តែសំណាងល្អគ្រាន់តែបែកកញ្ចក់អេក្រង់តែប៉ុណ្ណោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ ដើម្បីធ្វើការសាកសួរ និងនាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីសាកសួរដំណើររឿងបន្ថែម៕

 

RELATED ARTICLES