Thursday, October 9, 2025
Homeព័ត៌មានជាតិបុរសចូលសម្រាកក្នុងផ្ទះ ស្ទុះទាញកាំបិតសស្ងាច អារកសម្លាប់ខ្លួន ផ្អើលពេញភូមិ

បុរសចូលសម្រាកក្នុងផ្ទះ ស្ទុះទាញកាំបិតសស្ងាច អារកសម្លាប់ខ្លួន ផ្អើលពេញភូមិ

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា ជាមនុស្សញៀនថ្នាំ រហូតដល់កើតមានសតិមិនប្រក្រតី តែងដើរអនាថា គ្មានគោលដៅច្បាស់លាស់ លុះពេលចូលមកសម្រាកនៅផ្ទះពូបង្កើតរបស់ខ្លួនសុខៗ ក៏ស្រាប់តែស្ទុះទៅទាញកាំបិតប៉័ងតោ យកមកអារបំពង់កខ្លួនឯងប៉ងសម្លាប់ខ្លួន បណ្តាលឱ្យហូរឈាមស្រោចពេញខ្លួន រងរបួសយ៉ាងធ្ងន់ធ្ងរបំផុត។

ហេតុការណ៍បុរសសតិមិនប្រក្រតីប៉ុនប៉ងធ្វើអត្តឃាត ដោយយកកាំបិតប៉័ងតោអារកខ្លួនឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង០៥នាទីល្ងាច ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះពូបង្កើតរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិរាម ឃុំរាម ស្រុកព្រៃនប់។

បុរសចិត្តខ្លាំងដែលទាញកាំបិតប៉័ងតោអារកសម្លាប់ខ្លួន មានឈ្មោះនោង ភារុណ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមនុស្សញៀនថ្នាំ មានលំនៅភូមិរាម ឃុំរាម ស្រុកព្រៃនប់។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា ពិតជាមានករណីបុរសម្នាក់ប៉ុនប៉ងអារកសម្លាប់ខ្លួនប្រាកដមែន ដោយករណីនេះបានកើតឡើងនៅចំណុចភូមិរាម ឃុំរាម ស្រុកព្រៃនប់ លើផ្ទះបុរសឈ្មោះទាវ កាក់ អាយុ៤១ឆ្នាំ ត្រូវជាពូបង្កើតរបស់ជនរងគ្រោះ។

លោកជួន ណារិន្ទ បានបញ្ជាក់ឱ្យដឹងទៀតថា មូលហេតុដែលនាំឱ្យបុរសខាងលើ ឈានដល់ការសម្រេចចិត្តទាញកាំបិតប៉័ងតោមកអារកខ្លួនឯងបែបនេះ គឺបណ្តាលមកពីបុរសរូបនោះ បានប្រើប្រាស់ថ្នាំញៀនលើសកម្រិត (បែកថ្នាំ) រហូតដល់មានសតិមិនប្រក្រតី ចេះតែដើរអនាថា រយៈពេល៤-៥ឆ្នាំមកហើយ លុះមកដល់ថ្ងៃកើតហេតុ ក៏កើតមានករណីអារកប៉ងសម្លាប់ខ្លួនបែបនេះតែម្តង។

តាមប្រភពពីសាច់ញាតិបុរសខាងលើ បានបញ្ជាក់ថា ពួកគាត់ក៏មិនដឹងច្បាស់ថា មូលហេតុអ្វីបានជាជនរងគ្រោះយកកាំបិតអារកខ្លួនឯងបែបនេះសោះ តែទំនងជាបណ្តាលមកពីបែកថ្នាំតែម្តង ទើបធ្វើឱ្យគ្រប់គ្រងសតិស្មារតីខ្លួនឯងលែងបាន ក៏ធ្វើរឿងបែបនេះទៅ។ យ៉ាងណា ពួកគាត់ជាសាច់ញាតិក៏មិនបានចាប់អារម្មណ៍អ្វីដែរ ព្រោះថាកន្លងមក ជនរងគ្រោះតែងតែដើរ ឬចូលដេកតាមតែចិត្ត លុះដល់វេលាម៉ោងកើតហេតុខាងលើ ក៏ឃើញមានឈាមស្រក់មកតាមប្រឡោះក្តារក្រាលផ្ទះ ទើបនាំគ្នាឡើងទៅមើល ស្រាប់តែប្រទះឃើញជនរងគ្រោះអារកខ្លួនឯង បណ្តាលឱ្យហូរឈាមជោកពេញខ្លួន រងរបួសធ្ងន់បាត់ទៅហើយ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពឃុំរាម៕

RELATED ARTICLES