ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ ត្រូវសមត្ថកិច្ច និងម្ចាស់ទូរស័ព្ទ បើករថយន្តដេញបុកផ្តួលចាប់បាននាំមកសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ក្រោយពួកគេធ្វើសកម្មភាពជិះម៉ូតូឆក់យកទូរស័ព្ទរបស់ជនរងគ្រោះបានសម្រេច នៅចំណុចគល់ស្ពានព្រះមុនីវង្សថ្មី ផ្លូវជាតិលេខ១ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ កាលពីម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។
ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចចាប់បាននោះ ឈ្មោះណន គឹមលាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកហូខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះជាម្ចាស់ទូរស័ព្ទ ឈ្មោះឈួន សម្ផស្ស ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្តតាក់ស៊ី ស្នាក់នៅភូមិព្រែកវាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមសម្តីជនរងគ្រោះ បានឱ្យដឹងថា កាលពីម៉ោង៤ទៀបភ្លឺ គាត់បានយកទូរស័ព្ទដៃម៉ាក Samsun Galaxy-S8 ពណ៌ទឹកមាស មកចុចលេងហ្គេមនៅចំណុចកើតហេតុខាងលើ ស្រាប់តែពេលនោះមិនចាប់អារម្មណ៍ ស្រាប់តែមានជនសង្ស័យ៣នាក់ ទី១-ឈ្មោះណន គឹមលាង ទី២-ឈ្មោះសេះ និងទី៣-ឈ្មោះស្នា ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1V-4909 មកកៀក ហើយបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីគាត់បានសម្រេច រួចជិះគេចខ្លួន ពេលនោះគាត់ស្រែកចោរៗ ក៏មានសមត្ថកិច្ចយើងនៅក្បែរនោះជួយដេញតាមរហូតទៅដល់ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ទើបគាត់បើករថយន្តបុកជនសង្ស័យដួលម៉ូតូ ឃាត់ខ្លួនបានម្នាក់ ឈ្មោះណន គឹមលាង រួមនិងម៉ូតូជិះធ្វើសកម្មភាព១គ្រឿងខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។
ចំណែកជនសង្ស័យឈ្មោះសេះ និងឈ្មោះស្នា បានយកទូរស័ព្ទដៃជនរងគ្រោះរត់គេចខ្លួនបាត់។
ជនសង្ស័យបានឆ្លើយសារភាពថា រូបគេនិងបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះមែន តែពេលបើកម៉ូតូរត់គេច ត្រូវជនរងគ្រោះបើករថយន្តដេញបុកដួល ហើយចាប់រូបគេបានតែម្តង។ រីឯបក្ខពួកគេ២នាក់ទៀត យកទូរស័ព្ទជនរងគ្រោះរត់គេចខ្លួនបាត់ស្រមោល។
ជនសង្ស័យនិងម៉ូតូជិះធ្វើសកម្មភាព ត្រូវសមត្ថកិច្ចកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។ ចំណែកជនសង្ស័យ២នាក់ទៀត សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួន នាំមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ៕