Thursday, October 9, 2025
Homeព័ត៌មានជាតិអាណោចអាធ័មខ្លាំងណាស់!!! ជិតបានជួបមុខកូនទៅហើយ ជិះម៉ូតូបុករថយន្តស្លាប់ ចោលប្រពន្ធកំពុងឈឺពោះសម្រាល

អាណោចអាធ័មខ្លាំងណាស់!!! ជិតបានជួបមុខកូនទៅហើយ ជិះម៉ូតូបុករថយន្តស្លាប់ ចោលប្រពន្ធកំពុងឈឺពោះសម្រាល

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូធំក្នុងល្បឿនយ៉ាងលឿន ប្រញាប់ទៅទៅមើលប្រពន្ធមានផ្ទៃពោះគ្រប់ខែ ឈឺពោះសម្រាល ស្រាប់តែអកុសល ជ្រុលចង្កូតទៅបុករថយន្ត១គ្រឿង បណ្តាលឱ្យរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យបានពាក់កណ្តាលផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុង ផ្លូវកែងបត់ចូលបុរីលឹម ឈាងហាក់ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

បុរសរងគ្រោះដែលជិះម៉ូតូបុករថយន្តស្លាប់ចោលប្រពន្ធពោះធំគ្រប់ខែ កំពុងឈឺពោះសម្រាលនេះ មានឈ្មោះព្រំ សាបឿន ហៅតាក់ អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិតាហង្ស ឃុំកំពង់ត្រឡាច ស្រុករមាសហែក ខេត្តស្វាយរៀង ជិះម៉ូតូធំ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GO-2121។ ចំណែកភាគីរថយន្ត ម៉ាកឡិចស៊ីស RX-400h ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AT-8979 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះម្នាក់ជិះម៉ូតូធំ ពណ៌ខ្មៅ តាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនគួរសម ប្រញាប់ទៅមើលប្រពន្ធមានផ្ទៃពោះគ្រប់ខែកំពុងឈឺពោះសម្រាល លុះទៅដល់ចំណុចផ្លូវកែងបត់ចូលបុរី លឹម ឈាងហាក់ ក៏មានរថយន្តឡិចស៊ីស RX-400h ពណ៌ស បើកបរក្នុងទិសដៅពីលិចទៅកើតបញ្ច្រាសគ្នាជាមួយម៉ូតូ ហើយក៏បានជ្រុលល្បឿនបុកគ្នាយ៉ាងពេញទំហឹងតែម្តង បណ្តាលឱ្យម្ចាស់ម៉ូតូបោកក្បាលរបួសធ្ងន់ធ្ងរ និងត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ តែអកុសល បានត្រឹមពាក់កណ្តាលផ្លូវ ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ក្រោយកើតហេតុ រថយន្តបានឈប់នៅកន្លែងកើតហេតុ ចំណែកអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ស្រមោល។ លុះបន្តិចក្រោយមក សមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែង រួចអូសយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ។

ដោយឡែក សពត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យសាច់ញាតិដឹកបញ្ជូនទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES