Thursday, November 21, 2024
Homeបរិយាយមេអណ្តើកជប៉ុន

មេអណ្តើកជប៉ុន

ទោះបីជាមន្ត្រីរាជរដ្ឋាភិបាល បានស្រាយបំភ្លឺពីបេសកកម្មរបស់ទីប្រឹក្សានាយករដ្ឋមន្ត្រី ជប៉ុន មកកម្ពុជា ថាគ្មានបំណង ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ក្តី ក៏ពួកប្រឆាំង និងវិទ្យុក្រៅស្រុក បានឃោសនាថា មន្ត្រីជប៉ុន ម្នាក់នោះចូលមកកម្ពុជា ដើម្បី “ធ្វើមេអណ្តើក” ឱ្យមានការចរចាបញ្ចប់ជម្លោះនយោបាយ។ ការស្រាយបំភ្លឺរបស់អ្នកនាំពាក្យបក្សកាន់អំណាច និង ការឃោសនារបស់ពួកប្រឆាំង ក៏ដូចជាអ្នកវិភាគមួយចំនួន មិនស្របគ្នាសោះ ប៉ុន្តែ អ្នកតាមដាននយោបាយសន្និដ្ឋានថា ជប៉ុន ធ្លាប់ធ្វើមេអណ្តើក ជួយដោះស្រាយរឿងខ្មែរ ជាហូរហែមកហើយ ដែល “នគរធំ” សូមលើកពី

“មេអណ្តើក” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“មេអណ្តើក” ជាភាសាខ្មែរសុទ្ធ មានន័យថា អ្នកនាំពាក្យបុរសស្ត្រី អ្នកដែលនាំការចុះឡើង ពីប្រុសទៅស្រី ពីស្រី មកប្រុស ដើម្បីឱ្យបានគ្នាជាសហាយស្មន់ ដែលស្របនឹងពាក្យមិនគប្បីថា “អ្នកដឹកញី បន្ស៊ីឈ្មោល”។ មេអណ្តើកទាក់ប្រុស និងស្រីឱ្យខូចគ្នាហៅថា “មេបន” ក៏បានដែរ ប៉ុន្តែ នៅក្នុងប្រពៃណីទំនៀមទម្លាប់ខ្មែរ “មេអណ្តើក” សំដៅដល់ “អ្នកចែចូវ សុំផ្លូវដើរជណ្តើរឡើង” ប្រុសក៏មាន ស្រីក៏មាន ដោយគេបាត់ឱ្យចូលទៅស៊ើបសួរជាជំហានដំបូង ដើម្បីទាក់ទងស្រីក្រមុំណា ម្នាក់ ទៅឱ្យភាគីកូនកំលោះ មុនស្តីដណ្តឹង។

បើពាក់ព័ន្ធនឹងរឿងនយោបាយ គេតែងចាត់អ្នកដឹកនាំប្រទេសមួយ ឱ្យជួយរត់ការ ដើម្បីបញ្ចប់ជម្លោះរវាងប្រទេសមួយ និងប្រទេសមួយទៀត ដូចករណីប្រទេសស៊ុយអែដ ជួយធ្វើមេអណ្តើក ឱ្យមានជំនួបកំពូលរវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលគ្រោងជួបគ្នាក្នុងប្រទេសស៊ុយអែដ នៅខែឧសភា ខាងមុខ។

កាលពីពេលថ្មីៗនេះ លោកស៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីជប៉ុន បានចាត់លោកកេនតារ៉ូ សូនូរ៉ា (Kentaro Sonoura) ជាទីប្រឹក្សាផ្ទាល់ ឱ្យមកកម្ពុជា ១ថ្ងៃ ដើម្បីជួបថ្នាក់ដឹកនាំកម្ពុជា។ វត្តមានរបស់លោកទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន ត្រូវបានមន្ត្រីរាជរដ្ឋាភិបាល ពន្យល់ថា ជប៉ុន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច ជួយដល់សកម្មភាពកម្ចាត់មីន និងជួយស្ថាប័ន គ.ជ.ប ដោយជប៉ុន មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។ ផ្ទុយទៅវិញ ពួកប្រឆាំង ក៏ដូចអ្នកវិភាគមួយចំនួន បាននិយាយស្របគ្នាថា “ជប៉ុន ជាមេអណ្តើក” ចង់ឱ្យមានការចរចារវាង សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកសម រង្ស៊ី មេចលនាសង្គ្រោះជាតិ។

ការបកស្រាយខុសគ្នាបែបនេះ សម្រាប់សារព័ត៌មានអព្យាក្រឹត លុះត្រាតែអនុវត្តតាមសុភាសិតបារាំងថា “អ្នកណាស្តាប់ ជួងតែមួយ គឺស្តាប់សំឡេងតែមួយ” (Qui n’entend qu’une cloche n’entend qu’un son) មានន័យថា ត្រូវតែ ស្តាប់ជួងទាំងពីរទើបល្អ។ ដូច្នេះយើងទទួលស្គាល់ថា ជប៉ុន ពិតជាមិនហ៊ានលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា នោះទេ ហើយ នៅតែជួយកម្ពុជា រហូត ប៉ុន្តែ ជប៉ុន ក៏នៅតែមានទម្លាប់ “ធ្វើមេអណ្តើក” មិនបោះបង់ចោលទេ ដែល “នគរធំ” សូមដកស្រង់ពីករណីជប៉ុន ធ្វើមេអណ្តើក មកបង្ហាញដោយត្រួសៗដូចខាងក្រោម ៖

-កាលពីថ្ងៃទី០៩ ឧសភា ឆ្នាំ១៩៤១ មានការចុះហត្ថលេខាលើអនុសញ្ញាបារាំង-ជប៉ុន នៅទីក្រុងតូក្យូ ប្រគល់ខេត្ត បាត់ដំបង ទាំងមូល និងមួយភាគនៃខេត្តសៀមរាប កំពង់ធំ ឱ្យទៅប្រទេសសៀម។ ជំនាន់នោះ ប្រទេសសៀម បានគាបសង្កត់បារាំង ដែលដាក់អាណានិគមនៅកម្ពុជា រួចបានពឹងជប៉ុន ឱ្យធ្វើមេអណ្តើក ស្របពេលដែលជប៉ុន កំពុងមានកម្លាំងយោធា ដ៏ខ្លាំងក្លាក្នុងសង្គ្រាមលោកលើកទីពីរផងនោះ ជប៉ុន ក៏ជួយរត់ការកាន់ជើងសៀម រហូតដល់កម្ពុជា បាត់បង់ទឹកដីមួយចំនួន។

-ថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៤៥ ព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តម សីហនុ បានប្រកាសបដិសេធកិច្ចព្រមព្រៀង បារាំង-ខ្មែរ ពីមុនមកទាំងអស់ ដោយប្រកាសសហការជាមួយជប៉ុន ក្នុងក្របខ័ណ្ឌមហាតំបន់អាស៊ីបូព៌ា រហូតដល់សម្រេច យកលោកសឺង ង៉ុកថាញ់ ជាអ្នកនយោបាយស្និទ្ធជប៉ុន ឱ្យធ្វើនាយករដ្ឋមន្ត្រី។

-នៅដើមទសវត្សឆ្នាំ១៩៩០ ដោយមានជប៉ុន ជួយអន្តរាគមន៍ផងនោះ ភាគីជម្លោះនៅកម្ពុជា បានឈានដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបានជ្រើសតាំងលោកយ៉ាស៊ូស៊ី អាកាស៊ី ជនជាតិជប៉ុន ជាប្រធានអាជ្ញាធរបណ្តោះអាសន្ន អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា (UNTAC)។ ដោយសារមេអណ្តើកអាកាស៊ី រត់ការបានស្រួល ក៏មានការបោះឆ្នោត តាមប្រជាធិបតេយ្យសេរី ពហុបក្ស បញ្ចប់ជម្លោះនៅកម្ពុជា…។

ការលើកឡើងពីព្រឹត្តិការណ៍អតីតកាលនេះ បង្ហាញថា ជប៉ុន ធ្លាប់ធ្វើ “មេអណ្តើក” ឱ្យខ្មែរត្រូវរ៉ូវគ្នា ជាច្រើនលើកច្រើនសា មកហើយ លុះបានឃើញទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន មកកម្ពុជា ចូលជួបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលើកពី “លទ្ធភាពនៃការចរចា” ដើម្បីបញ្ចប់ជម្លោះនយោបាយមក មតិភាគច្រើនយល់ថា “ជប៉ុន ជួយធ្វើមេអណ្តើក”ទៀតហើយ។

សូមបញ្ជាក់ថា ជប៉ុន ជាប្រទេសកម្រងកោះ នៅអាស៊ីបូព៌ា ខ្លះហៅជប៉ុន ថាជា “ទឹកដីព្រះអាទិត្យរះ”។ ប្រទេសនោះ កាន់របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដោយមានព្រះចៅអធិរាជ អាគីហ៊ីតុ (Akihito) ជានិមិត្តរូបនៃរាជបល្ល័ង្ក និង មានលោកស៊ិនហ្សូ អាបេ (Shinzo Abe) ជានាយករដ្ឋមន្ត្រី។ ជប៉ុន មានផ្ទៃដីទំហំ ៣៧៧ ៩៧២គ.ម២ និងមានប្រជាជន ចំនួន ១២៦ ៦៧២ ០០០នាក់ យោងតាមស្ថិតិឆ្នាំ២០១៧។

យោងតាមសម្តីមន្ត្រីចូលនិវត្តន៍ម្នាក់ថា “ជប៉ុន ជាទឹកដីព្រះអាទិត្យរះ លុះបានដឹងថា គណបក្សព្រះអាទិត្យរះ (សង្គ្រោះជាតិ) ត្រូវរំលាយចោលមក ធ្វើឱ្យជប៉ុន នៅមិនសុខ ព្រោះឈ្មោះដូចគ្នា ក៏ជួយធ្វើមេអណ្តើក ឯរឿងសម្រេចឬយ៉ាងណា នោះ កូនសោនៅលើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឯណោះទេ”។ សម្តី១ឃ្លា ដែលមន្ត្រីចូលនិវត្តន៍លើកឡើងក្នុងហាង កាហ្វេនោះ បង្ហាញថា គាត់តាមដានឆាកនយោបាយខ្លាំងណាស់ និងជឿថា “ជប៉ុន ចាត់មេអណ្តើកឱ្យចូលចែចូវទៀតហើយ”។ កាលលោកយ៉ាស៊ូស៊ី អាកាស៊ី ធ្វើមេអណ្តើកឱ្យខ្មែរ រហូតដល់ហ៊្វុនស៊ិនប៉ិច ឈ្នះឆ្នោតនោះ មន្ត្រី CPP បានចោទប្រកាន់ថា “មានភាពលម្អៀង” មិនខុសពីជប៉ុន បានជួយប្រទេសសៀម ឱ្យបានទឹកដីខេត្តបាត់ដំបង សិរីសោភ័ណ កាលពីឆ្នាំ១៩៤១។ ឥឡូវបើសិនជាជប៉ុន ចូលធ្វើមេអណ្តើកម្តងទៀត ច្បាស់ជា បក្សកាន់អំណាច មានការប្រុងប្រយ័ត្នមិនខាន ព្រោះខ្លាចជាន់ ដានប្រវត្តិសាស្ត្រ។

ទោះយ៉ាងណា បើនិយាយពីរឿង “ឆ្លាត” មិនដល់ជប៉ុនទេ ព្រោះជនជាតិនេះមាន “ភ្នែកតឹង” និងភាគច្រើនទាបៗ ដែលមនុស្សមានលក្ខណៈបែបនេះបង្ហាញថា មានប្រាជ្ញាវាងវៃណាស់។ លោកនូ ហាច អ្នកនិពន្ធរឿង “ផ្កាស្រពោន” និង រឿង “មាលាដួងចិត្ត” បានហៅជប៉ុន ថា “បងកញ្ច្រឹកកន្តឿ” ប៉ុន្តែ បានសរសើរជប៉ុន ពីភាពប៉ិនប្រសប់ក្នុងការធ្វើពាណិជ្ជកម្ម និងសង្គ្រាម រហូតវាតយកបានមួយចំហៀងទ្វីបអាស៊ី កាលពីអំឡុងសង្គ្រាមលោកលើកទី២។ ដូច្នេះបើជប៉ុន ធ្វើមេអណ្តើក ឱ្យប្រទេសណា លុះត្រាតែមើលឃើញចំណេញ ទើបជប៉ុន លោតទៅជួយ។ ករណីជប៉ុន នៅតែបន្តជួយកសាងប្រទេសកម្ពុជា មិនឈប់ គឺមកពីជប៉ុន ប្រជែងគ្នាជាមួយចិន ដែលបញ្ហានេះ អ្នកវិភាគមានទស្សនៈស្របគ្នា ហើយបើជប៉ុន នៅតែជួយ មិនឈប់ បក្សកាន់អំណាចពិបាកប្រកែកណាស់ បើសិនជប៉ុន “ចែចូវឱ្យមានការចរចា”។

សរុបទៅ “មេអណ្តើកជប៉ុន” គ្រាន់តែជាការបកស្រាយតាមព្រឹត្តិការណ៍អតីតកាលតែប៉ុណ្ណោះ ព្រោះជប៉ុន ធ្លាប់ធ្វើមេអណ្តើកឱ្យខ្មែរ តាំងពីសម័យសង្គ្រាមលោកលើកទី២ម៉្លេះ។ បេសកកម្ម ១ថ្ងៃ របស់លោកទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន ហាក់ មានភាពប្រញាប់ប្រញាល់ខ្លាំងណាស់ ទំនងជាមានការអីសំខាន់ហើយ បានជាប្រញាប់យ៉ាងនេះ។ នៅខែមេសា ខាងមុខ នឹង មានដំណើរទស្សនកិច្ចលោកកាហ្ស៊ូយុគី ណាកាន (Kazuyuki Nakane) រដ្ឋមន្ត្រីការបរទេសជប៉ុន មកកម្ពុជា ទៀតហើយ ដូច្នេះរឿងជប៉ុន “ធ្វើមេអណ្តើក” ឬយ៉ាងណានោះ លុត៉្រាះតែព្យាយាមតាមដានតទៅទៀតទើបដឹងច្បាស់…៕

ដោយ អាចារ្យថាំ

RELATED ARTICLES