ខេត្តសៀមរាប ៖ ស្ត្រីមានផ្ទៃពោះ៥ខែ កំពុងអង្គុយសកក្រឡាននៅក្បែរចិញ្ចើមផ្លូវ ស្រាប់តែត្រូវរថយន្តដឹកទឹកកកមួយគ្រឿង បើកក្នុងល្បឿនលឿន បានជ្រុលមកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់ទាំងម្តាយនិងកូនក្នុងផ្ទៃនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកស្ត្រីម្នាក់ទៀតដែលអង្គុយក្បែរគ្នានោះទទួលរងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម។
ស្ត្រីរងគ្រោះដែលត្រូវរថយន្តដឹកទឹកកកបុកស្លាប់យ៉ាងអាណោចអាធ័ម មានឈ្មោះគឿយ ស្រីម៉ៅ អាយុ២៣ឆ្នាំ កំពុងមានផ្ទៃពោះ៥ខែ។ ចំណែកស្ត្រីម្នាក់ទៀតដែលទទួលរងរបួសធ្ងន់ មានឈ្មោះ ថូ ផ្លិច អាយុ៣៣ឆ្នាំ។ ស្ត្រីរងគ្រោះទាំងពីរនាក់ មានមុខរបរជាអ្នកលក់ក្រឡាននៅតាមបណ្តោយផ្លូវជាតិលេខ៦ ទីតាំងកើតហេតុខាងលើ។ ចំណែករថយន្តបង្ក ជាប្រភេទរថយន្តកូរ៉េ ចំណុះ១តោនកន្លះ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 2A-2991 ជារថយន្តដឹកទឹកកក បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានចុះរត់គេចខ្លួនបាត់ស្រមោល។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលស្រុកសូទ្រនិគម បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើ បានបើកក្នុងល្បឿនយ៉ាងលឿន ពីទិសខាងលិចឆ្ពោះទៅកើត លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ មិនដឹងជាមានឧបសគ្គអ្វី ក៏ស្រាប់តែរថយន្តបានជ្រុលចង្កូតទៅបុកស្ត្រីរងគ្រោះទាំង២នាក់ខាងលើ ដែលកំពុងអង្គុយសកក្រឡាននៅលើគ្រែក្បែរចិញ្ចើមផ្លូវ យ៉ាងពេញទំហឹងតែម្តង បណ្តាលឱ្យស្ត្រីដែលមានផ្ទៃពោះ៥ខែ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកស្ត្រីម្នាក់ទៀតបានរងរបួសធ្ងន់ និងត្រូវគេដឹកបញ្ជូនទៅកាន់គ្លីនិកឯកជនមួយនៅក្នុងស្រុកសូទ្រនិគម។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តដឹកទឹកកកបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ និងត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដើម្បីអនុវត្តតាមនីតិវិធី៕