Thursday, October 9, 2025
Homeព័ត៌មានជាតិម្តាយស្រែកយំស្តាយកូនស្រីអាយុ៤ឆ្នាំ រអិលជើងលង់ទឹកស្រះស្លាប់ យ៉ាងអាណោចអាធ័ម

ម្តាយស្រែកយំស្តាយកូនស្រីអាយុ៤ឆ្នាំ រអិលជើងលង់ទឹកស្រះស្លាប់ យ៉ាងអាណោចអាធ័ម

ខេត្តមណ្ឌលគិរី ៖ ក្មេងស្រីតូចម្នាក់ ខណៈដែលឪពុកម្តាយកំពុងរវល់នឹងការងារក្នុងផ្ទះភ្លេចខ្លួន ក៏បានដើរលេងតែម្នាក់ឯងក្បែរមាត់ស្រះទឹក ស្រាប់តែអកុសលរអិលជើងធ្លាក់ចូលស្រះ បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចស្រះទឹកសហគមន៍ ស្ថិតក្នុងភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង។

ក្មេងស្រីរងគ្រោះដែលលង់ទឹកស្រះស្លាប់ មានឈ្មោះរាជ លីសា អាយុ៤ឆ្នាំ ជាជនជាតិព្នង មានឪពុកឈ្មោះរ៉ាត់ រាជ ម្តាយឈ្មោះរញ័យ ប្រេន ជាជនជាតិព្នង មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីឪពុកម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ទាំងភ្នែកប្រាប់ថា នៅមុនពេលកើតហេតុ ពួកខ្លួនជាឪពុកម្តាយរវល់ធ្វើការងារ ក្នុងផ្ទះ និងបានបណ្តោយឱ្យកូនស្រីដើរលេងនៅក្រៅផ្ទះតែម្នាក់ឯង ស្រាប់តែកូនស្រី បានដើរទៅលេងនៅក្បែរមាត់ស្រះទឹកសហគមន៍ រួចក៏រអិល ជើងធ្លាក់ចូលទឹកបណ្តាលឱ្យលង់ស្លាប់តែម្តង។

ឪពុកម្តាយក្មេងស្រីរងគ្រោះបន្តថា លុះក្រោយពីរួចដៃពីការងារ ពួកខ្លួនក៏នឹកឃើញបាត់កូនស្រី ក៏នាំគ្នាដើរតាមរកមើល និងស្រែកហៅ ដែរតែមិនលឺសំឡេងកូនស្រីឆ្លើយតបសោះ លុះរកកូនស្រីនៅក្នុងបរិវេណផ្ទះមិនឃើញ ក៏សង្ស័យថាកូនស្រីលង់ទឹកស្រះសហគមន៍ ដែលនៅជិតផ្ទះ ទើបស្រែកឆោឡោហៅអ្នកភូមិឱ្យជួយចុះរាវរក ស្រាប់តែប្រទះឃើញកូនស្រីបានស្លាប់ក្នុងស្រះទឹកបាត់ទៅហើយ។

ក្រោយកើតហេតុ ឪពុកម្តាយក្មេងស្រីរងគ្រោះ បានស្រង់យកសពកូនស្រីឡើងមកលើគោក រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ។

បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យសពរួចរាល់ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

 

សាកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES