ពេជ្រ សោភា ដែលកំពុងសង្ឃឹមថា បទ ”ដឹកឆ្កែទៅរាំ” របស់នាងដែលចេញស្វាគមឆ្នាំច ២០១៨នេះ នឹងផ្ទុះដូចបទ ”ឆ្កែរត់បុកប៉ោត” កាលពីចូលឆ្នាំខ្មែរ២០១៧នោះ ស្រាប់តែពេលនេះ តារាហង្សមាសខកចិត្តជាខ្លាំង ព្រោះត្រូវបុរសម្នាក់មុខមាំ ពាក់មួកប៉ារ៉ា បានចេញវីដេអូឃ្លីបវាយប្រហារសោភា ថា បទចម្រៀងនាងដែលធ្វើតែបទឆ្កែដដែលៗនោះ គ្មានបានជួយអ្វីដល់ជាតិ គឺមានតែជាការបំផ្លិចបំផ្លាញប្រពៃណីខ្មែរទៅវិញ។
បុរសដែលមិនចូលចិត្តពេជ្រ សោភា ច្រៀងតែបទឆ្កែៗរាល់ឆ្នាំនោះ និយាយដោយកំហឹងថា ”ឆ្ងល់តារាចម្រៀងមេម៉ាយពេជ្រ សោភា ហ្នឹងដល់ហើយ ច្រៀងឆ្នាំណា ក៏តែបទឆ្កែដែរគួរឲ្យស្អប់មែន ដូចជាឆ្នាំមុនច្រៀងបទ ”ឆ្កែរត់បុកប៉ោត” ស្រាប់តែឆ្នាំនេះមកច្រៀងបទ ”បីឆ្កែចូលរាំ” អីណាទៀត ហើយអីចឹងខ្ញុំសង្ស័យតែឆ្នាំក្រោយ គាត់ច្រៀងបទឆ្កែខាំគ្នា ឆ្កែជុះអាចម៍អីទេ មើលទៅ។ ការច្រៀងអីចឹងហើយបានជាធ្វើឲ្យបទប្រពៃណីខ្មែរ មានការធ្លាក់ចុះហ្នឹង អីចឹងល្មមដឹងខ្លួនហើយ…”។
វីដេអូបប្រុសម្នាក់ចេញមុខវាយប្រហារទៅលើពេជ្រ សោភា នោះ ត្រូវបានគេចែកចាយពេញបណ្ដាញសង្គម តែមិនទាន់ឃើញមានការតបតពីតារាហង្សមាស ឡើយ។ ប៉ុន្ដែក្នុងជំនួបជាមួយ ”នគរធំ” នាពេលកន្លងមក ពេជ្រ សោភា បានឲ្យដឹងថា “បទចម្រៀងនាង ”បីឆ្កែចូលរាំ” នេះ មានការគាំទ្រច្រើន បើទោះជាមិនទាន់ចេញជា Full MV ក្ដី ហើយអ្នកចម្រៀងល្បីជាង១ទសវត្សរបស់ហង្សមាស រូបនេះថា ជារៀងរាល់ឆ្នាំ ទោះជានាងធ្វើបទចម្រៀងយ៉ាងណាក៏ដោយ តែមិនដែលធ្វើបទជាប្រពៃណីខ្មែរ ហើយរាល់បទចម្រៀងទាំងនោះ នាងថែមទាំងបានបង្ហាញពីការស្លៀកពាក់ជាប្រពៃណីខ្មែរអមទៅដោយរបាំប្រពៃណីខ្មែរផ្សេងៗទៀតផង។
ដោយឡែក សម្រាប់អ្នកចូលទៅបញ្ចេញយោបល់ទៅចូលវីដេអូដែលបុរសម្នាក់ចេញមុខរិះគន់ពេជ្រ សោភា នោះ បានឲ្យសរសេរថា ការធ្វើបទថ្មីៗសម្រាប់ចូលឆ្នាំខ្មែរនោះ គ្មានអ្វីខុសទេ តែគេនៅតែច្រៀងរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់អី មានទៅចោលឯណា ហើយពូដែលជេរគេច្រៀងបទ ”បីឆ្កែទៅរាំ” នោះ អីចឹងទុកឲ្យពូឯងរាំតែបទរាំវង់រហូតបានអត់?
គួរបញ្ជាក់ថា ក្រៅពីពេជ្រ សោភា ដែលចេញបទ ”បីឆ្កែទៅរាំ” សម្រាប់អបអរឆ្នាំថ្មីនេះ ក៏មានតារាល្បីឈ្មោះ៣ដួងទៀតដែរ ដែលធ្វើបទឆ្កែ នៅឆ្នាំ២០១៨នេះ គឺសុខ ពិសី ច្រៀងបទ ”អោបអាប៉មទៅរាំ”, ឱក សុគន្ធកញ្ញា ច្រៀងបទ ”អាគីមិត្តខ្ញុំ” និងឆាយ វីរៈយុទ្ធ ច្រៀងបទ ”ដឹកឆ្កែទៅលេងស្រុក”។ ប៉ុន្ដែក្នុងចំណោមបទឆ្កែទាំងនោះ គេឃើញបទពេជ្រ សោភា ហាក់មានការគាំទ្រច្រើនជាងគេ៕