ភ្នំពេញ ៖ បុរសជាជនជាតិខ្មែរឥស្លាមម្នាក់ ទើបនឹងដើរចេញពីព្រះវិហារថ្វាយបង្គំព្រះអាឡោះ បំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែត្រូវក្មេងស្ទាវមួយហ្វូង បានព្រួតគ្នាធ្វើសកម្មភាពកាប់ប្រហារ បណ្តាលឱ្យរងរបួសសុះសាច់ប៊ិះស្លាប់ និងត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដេរមុខរបរជិត១០០ថ្នេរ។
ករណីអំពើហិង្សា ក្រុមក្មេងស្ទាវព្រួតកាប់បុរសម្នាក់ឱ្យរងរបួសធ្ងន់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្បែរព្រះវិហារឥស្លាម ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ។
បុរសរងគ្រោះដែលត្រូវក្រុមក្មេងស្ទាវព្រួតកាប់ប៊ិះស្លាប់ មានឈ្មោះអាប់ ឌុលឡោះ ជាជនជាតិខ្មែរឥស្លាម មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។
តាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានដើរចេញពីវិហារគីឡូ៩ បន្ទាប់ពីថ្វាយបង្គំរួច ក៏ដើរសំដៅទៅផ្ទះវិញ ស្រាប់តែភ្លាមនោះក្មេងស្ទាវមួយហ្វូងទំនងបែកថ្នាំញៀនផង បានព័ទ្ធកាប់ប្រហារទៅលើបុរសរងគ្រោះទាំងកំរោល បណ្តាលឱ្យជនរងគ្រោះរងរបួសជាច្រើនកាំបិតសុសពេញខ្លួន ដេកដួលក្នុងថ្លុកឈាមប៊ិះក្ស័យ ចំណែកក្រុមក្មេងស្ទាវក្រោយពីធ្វើសកម្មភាពរួច បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ និងអ្នកភូមិជួយដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ និងត្រូវគ្រូពេទ្យដេរមុខរបួស ជិត១០០ថ្នេរឯណោះ។
អ្វីដែលជាការកត់សម្គាល់ នៅពេលកើតហេតុភ្លាមៗ គេឃើញនគរបាលខ្លះដែរបានមកអើតមើលហេតុការណ៍ ស្រាប់តែមួយភ្លែតក្រោយមក ក៏ទៅវិញបាត់អស់ ធ្វើឱ្យប្រជាពលរដ្ឋនាំគ្នារិះគន់ថា សមត្ថកិច្ចមូលដ្ឋានហាក់គ្មានចំណាត់ការតាមផ្លូវច្បាប់អ្វីទាំងអស់។ ជាមួយនេះ ប្រជាពលរដ្ឋ ពិសេសសាមីខ្លួនជនរងគ្រោះបានស្នើដល់អធិការនគរបាលខណ្ឌឬស្សីកែវ ជាពិសេសនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យមើលការងារកូនចៅផង និងស្នើឱ្យចាត់វិធានការចំពោះក្មេងស្ទាវបង្កហេតុទាំងនោះឱ្យបាន ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ និងក៏ជាការរក្សាសេចក្តីសុខដល់ប្រជាពលរដ្ឋមូលដ្ឋានផងដែរ៕