ខេត្តកំពង់ចាម ៖ សិស្សសាលា១ក្រុមមានគ្នា៤នាក់ ក្រោយពេលទំនេរពីការសិក្សា បាននាំគ្នាចុះទៅហែលទឹកទន្លេមេគង្គលេង ស្រាប់តែអកុសល ពេលកំពុងហែលទឹកលេងយ៉ាងសប្បាយរីករាយ ក្មេងប្រុសម្នាក់ក្នុងចំណោមនោះក៏បានលង់ទឹក និងលិចបាត់ខ្លួនតាំងពីវេលាម៉ោង៣រសៀល រហូតដល់វេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ទើបរាវរកសាកសពឃើញ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងនៅត្រង់ចំណុចការដ្ឋានបូមខ្សាច់មួយកន្លែង ស្ថិតក្នុងភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម។
ក្មេងប្រុសរងគ្រោះដែលលង់ទឹកទន្លេស្លាប់ មានឈ្មោះយ៉ុន សុធារ៉ា អាយុ១៦ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះហ៊ុល យុវរិទ្ធ ម្តាយឈ្មោះជឹម ម៉ាលីស និងមានលំនៅក្នុងភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងប្រុសជាសិស្សសាលាមួយក្រុម បាននាំគ្នាចុះមកហែលទឹកទន្លេនៅចំណុចកើតហេតុខាងលើលេងយ៉ាងសប្បាយក្អាកក្អាយ លុះបន្តិចក្រោយមក ក្មេងប្រុសរងគ្រោះក៏បានលង់ទឹក ទើបធ្វើឱ្យមិត្តភក្តិ៣នាក់ទៀត ភ័យស្លន់ស្លោ ស្ទុះរត់ចូលទៅក្នុងភូមិស្រែកហៅចាស់ទុំឱ្យមកជួយ តែអកុសលពេលមកដល់ ក្មេងប្រុសរងគ្រោះបានលិចចូលទឹកបាត់ខ្លួនទៅហើយ។
តាមសម្តីបុរសឈ្មោះបាន វណ្ណី អាយុ៥២ឆ្នាំ ត្រូវជាអ៊ំប្រុសជីដូនមួយរបស់ក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា ក្នុងពេលដែលក្មួយប្រុសរបស់គាត់លង់ទឹកទន្លេភ្លាមៗនោះ គាត់មិនបានដឹងទេ រហូតដល់វេលាម៉ោង៤រសៀល ទើបមានគេនិយាយប្រាប់ ក៏ប្រញាប់មកមើលត្រង់កន្លែងកើតហេតុនោះ និងបានជួលទូកម៉ាស៊ីន១គ្រឿងតាមរកក្មួយប្រុស ដោយគេបានបង់សំណាញ់ជាច្រើនដងដែរ តែមិនប្រទះឃើញសោះ។
ប្រភពដដែលបន្តថា រាល់ថ្ងៃនេះក្មួយប្រុសរស់នៅជាមួយនឹងជីដូនជីតាជរាក្នុងភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ចំណែកឪពុកម្តាយរបស់គេធ្វើការនៅរាជធានីភ្នំពេញឯណោះ ប៉ុន្តែក្រោយពីបានដឹងពីហេតុការណ៏ខាងលើនេះ ឪពុកម្តាយក្មេងប្រុសរងគ្រោះបានចេញដំណើរពីភ្នំពេញ ឡើងមកកាន់ក្រុងកំពង់ចាម ហើយ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ សហការជាមួយក្រុមគ្រួសារក្មេងប្រុសរងគ្រោះ នាំគ្នាធ្វើការរាវរកសាកសព រហូតដល់វេលាម៉ោង៩និង២០នាទីយប់ថ្ងៃដដែល ទើបកម្លាំងនគរបាល រួមជាមួយប្រជាពលរដ្ឋបានប្រទះេឃើញសាកសពក្មេងប្រុសរងគ្រោះ នៅបាតទន្លេ ម្តុំកន្លែងកើតហេតុ។
សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចស្រង់មកលើគោក ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕