ខេត្តកណ្តាល ៖ នារីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ ត្រូវជនសង្ស័យ២នាក់ល្បួងនាំទៅជក់ថ្នាំញៀនជាមួយគ្នា លុះជក់រួច ជនសង្ស័យក៏ធ្វើសកម្មភាពចាប់រំលោភបូក រហូតដល់បានសម្រេចម្តងម្នាក់ ធ្វើឱ្យនារីរងគ្រោះសន្លប់បាត់ស្មារតីនៅនឹងកន្លែង លុះភ្ញាក់ដឹងខ្លួនទូរស័ព្ទប្រាប់ម្តាយមកជួយនាំទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ខ្លួនជនសង្ស័យបានម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។
ករណីប្រុសព្រាន២នាក់លួងលោមនារីរោងចក្រជក់ថ្នាំញៀន រួចនាំគ្នាចាប់រំលោភបូករហូតដល់សន្លប់បាត់ស្មារតីនេះ បានកើតឡើង កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅត្រង់ចំណុចអូរអណ្តែង (ព្រៃអូយយះ) ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង។
ជនសង្ស័យដែលចាប់រំលោភបូកនារីម្នាក់ដល់សន្លប់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះរ៉ុម ម៉ូលីកា ហៅអូន អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាជួញដូរគ្រឿងញៀន មានលំនៅក្នុងភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង។ ចំណែកជនសង្ស័យជាបក្ខពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួន មានឈ្មោះខុន រតនា អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ដោយឡែក នារីរងគ្រោះមានឈ្មោះស.រ.ត.ន អាយុ២៥ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ មានលំនៅក្នុងភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង។
លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះរ៉ុម ម៉ូលីកា និងជនសង្ស័យឈ្មោះខុន រតនា បានកាន់អាវុធច្នៃ១ដើម ទៅបបួលនារីរងគ្រោះមកប្រើប្រាស់គ្រឿងញៀន នៅចំណុចកើតហេតុខាងលើ។ លុះពេលធ្វើដំណើរមកដល់ចំណុចអូរអណ្តែង (ព្រៃអូយយះ) ទីតាំងកើតហេតុខាងលើ ជនសង្ស័យទាំង២នាក់ រួមទាំងនារីរងគ្រោះ បាននាំគ្នាប្រើប្រាស់គ្រឿងញៀន ប្រភេទម៉ាទឹកកក អស់ចំនួន១កញ្ចប់តូច។
លោកអធិការបន្តថា ក្រោយពីជក់ថ្នាំញៀនរួចហើយ ជនសង្ស័យឈ្មោះរ៉ុម ម៉ូលីកា ក៏កើតមានអារម្មណ៍តណ្ហា បានធ្វើសកម្មភាពចាប់នារីរងគ្រោះរំលោភសេពសន្ថវៈទាំងកំរោល រហូតដល់បានសម្រេច។ លុះពេលស្កប់ស្កល់តណ្ហាហើយ ជនសង្ស័យក៏បានប្រគល់នារីរងគ្រោះទៅឱ្យគូកនរបស់ខ្លួន ឈ្មោះខុន រតនា រំលោភសេពសន្ថវៈបន្តទៀត រហូតបានសម្រេចដូចគ្នា ធ្វើឱ្យនារីរងគ្រោះទន់ដៃជើងសន្លប់បាត់ស្មារតីនៅនឹងកន្លែង។
លោកអធិការបានឱ្យដឹងទៀតថា ក្រោយពីធ្វើសកម្មភាពរំលោភបូកទៅលើនារីរងគ្រោះរួចហើយ ជនសង្ស័យទាំង២នាក់ ក៏បែកគ្នាត្រឡប់ទៅផ្ទះវិញអស់រៀងៗខ្លួន។ ចំណែកនារីរងគ្រោះនៅពេលក្រោកពីសន្លប់វិញ ដោយសារតែមានសភាពទន់ដៃទន់ជើងដើរពុំរួច ក៏សម្ងំដេកនៅកន្លែងកើតហេតុសិន រហូតដល់ម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ទើបនារីរងគ្រោះទូរស័ព្ទទៅប្រាប់ម្តាយរបស់នាង ឈ្មោះនួន សាន ដើម្បីទៅទទួលខ្លួនទៅផ្ទះវិញ។
ក្រោយកើតហេតុ នៅវេលាម៉ោង៥និង១០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចប៉ុស្តិ៍សិត្បូ បានទទួលបានព័ត៌មានខាងលើ ក៏ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ រួចធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះរ៉ុម ម៉ូលីកា រួមទាំងដកហូតវត្ថុតាង រួមមានអាវុធឆ្នៃចំនួន១ដើម (ជារបស់ឈ្មោះខុន រតនា) ស្រោមអនាម័យប្រើរួចចំនួន២ កញ្ចប់ស្រោមអនាម័យចំនួន៣ កញ្ចប់ប្រេងរំអិលចំនួន១កញ្ចប់ សំបកកំប៉ុងទឹកចាហួយចំនួន១ និងសំបកដបសាមូរ៉ៃចំនួន១ផងដែរ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី។ រីឯជនសង្ស័យម្នាក់ទៀតឈ្មោះ ខុន រតនា សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ។
ដោយឡែក នារីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ៕