Thursday, October 9, 2025
Homeព័ត៌មានជាតិ១០ឆ្នាំហើយ ជំងឺសរសៃប្រសាទធ្វើទុក្ខខ្លាំង ទ្រាំលែងបាន លេបថ្នាំសម្លាប់ខ្លួន

១០ឆ្នាំហើយ ជំងឺសរសៃប្រសាទធ្វើទុក្ខខ្លាំង ទ្រាំលែងបាន លេបថ្នាំសម្លាប់ខ្លួន

ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់បានកើតមានជំងឺសរសៃប្រសាទប្រចាំកាយ អស់រយៈពេល១០ ឆ្នាំមកហើយ លុះស្ថានភាពជំងឺចេះតែធ្វើទុក្ខខ្លាំងពេក រហូតដល់ទ្រាំលែងបាន ក៏សម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង១៥នាទី រសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិមាត់ជ្រូក ឃុំក្រាំងចេក ស្រុកឧដុង្គ។

ស្ត្រីរងគ្រោះដែលលេបថ្នាំសម្លាប់ខ្លួននោះ មានឈ្មោះនាង ស្រីលាភ អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះមានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីឈ្មោះនាង ស្រី អាយុ៣១ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតរបស់ស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា បងស្រីរបស់នាង (ស្ត្រីរងគ្រោះ) បានកើតមានជំងឺសរសៃប្រសាទ អស់រយៈពេល១០ឆ្នាំមកហើយ និងត្រូវបានក្រុមគ្រួសារនាំយកទៅព្យាបាលនៅមន្ទីរពេទ្យ ហើយគ្រូពេទ្យបានតម្រូវឱ្យលេបថ្នាំជាប់ជាប្រចាំ។

ប្អូនស្រីរបស់ស្ត្រីរងគ្រោះ បន្តថា កន្លងមក នាងតែងតែរំលឹកបងស្រីឱ្យលេបថ្នាំជាប់រហូត ហើយបងស្រីក៏លេបថ្នាំបានទៀងទាត់ណាស់ដែរ ប៉ុន្តែនៅមួយរយៈចុងក្រោយនេះ ស្ថានភាពជំងឺរបស់បងស្រីនាងហាក់ធ្វើទុក្ខញឹកញាប់ណាស់ ចំណែកនាងក៏មិននឹកស្មានដល់សោះថា បងស្រីអាចនឹងមានគំនិតខ្លីបែបនេះ។

ប្អូនស្រីស្ត្រីរងគ្រោះ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ នាងបានទៅហៅបងស្រី ដើម្បីឱ្យគាត់លេបថ្នាំសសៃប្រសាទ ស្រាប់តែប្រទះឃើញបងស្រីដេកបែកពពុះមាត់ និងមានសំបកថ្នាំនៅចុងជើងយ៉ាងច្រើន មិនដឹងថា បងស្រីនេះលេបថ្នាំសម្លាប់ខ្លួនតាំងពីថ្មើរណាមកទេ។ ភ្លាមនោះ នាងបានស្រែកឆោឡោហៅបងប្អូនអ្នកជិតខាងឱ្យជួយដឹកបញ្ជូនបងស្រី តាមរថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញជួយសង្គ្រោះ តែអកុសល ពេលដឹកបានត្រឹមពាក់កណ្តាលផ្លូវ បងស្រីរបស់នាងក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង ទើបរថយន្តសង្គ្រោះបានដឹកសពបងស្រីត្រឡប់ទៅផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារលេបថ្នាំធ្វើអត្តឃាតប្រាកដមែន មូលហេតុដោយសារតែទ្រាំទ្រនឹងស្ថានភាពជំងឺសរសៃប្រសាទធ្វើទុក្ខលែងបាន ទើបសម្រេចចិត្តគិតខ្លីបែបនេះ។

សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី”

RELATED ARTICLES