Monday, April 15, 2024
Homeបរិយាយបាលីបង្ក្រាបខ្មោចឆៅ

បាលីបង្ក្រាបខ្មោចឆៅ

មន្ត្រីរាជរដ្ឋាភិបាល បានលើកឡើងរួចមកហើយថា អតីតមន្ត្រីបក្សសង្គ្រោះជាតិ ដែលត្រូវដកសិទ្ធិធ្វើនយោបាយ ៥ឆ្នាំ បន្ទាប់ពីគណបក្សនេះ ត្រូវរំលាយថាជា “ខ្មោចដែលមិនអាចរស់វិញ”។ បក្សកាន់អំណាច បានប្រកាសបិទផ្លូវចរចា និង ប្រកាសកម្ចាត់លោកសម រង្ស៊ី ដូចកម្ចាត់ប៉ុល ពត ឬថា “ដេញខ្មោចឱ្យទៅចាប់ជាតិ” ប៉ុន្តែ ករណីដេញ “ខ្មោចឆៅ” លុះត្រាតែយក “ពុទ្ធមន្ត” មកប្រើ ផ្ទុយពី “វេទមន្ត” សម្រាប់ដេញ “ខ្មោចម្រឹត្យូវ” ដែល “នគរធំ” ក្តាប់បញ្ហានេះបានក៏សូម លើកពី “ខ្មោចឆៅ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ខ្មោចឆៅ” សំដៅដល់មនុស្សរស់នេះឯង ប៉ុន្តែ បានក្លែងខ្លួនជាខ្មោច លងបន្លាចគេឯងឱ្យភ័យលស់ព្រលឹង ជួនកាល ខ្មោចឆៅដែលពាក់មុខខ្មោចនោះ បង្កវិទ្ធង្សនាផ្សេងៗ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ឬប្រព្រឹត្តចោរកម្មក៏មានដែរ។ រីឯ “ខ្មោចម្រឹត្យូវ” សំដៅដល់មនុស្សដែលស្លាប់ពិតៗ ដោយចងក គេធ្វើឃាត លង់ទឹក ពស់ចឹក ជាដើម ពេលដាច់ខ្យល់ទៅ ព្រលឹងក៏នៅវិលវល់ក្នុងភពអសុរកាយ សណ្ឋិតតាមចុងឈើ ក្បែរជើងភ្នំជាដើម តែងតែយាយីមនុស្សយកសំណែន។ រវាង ខ្មោចឆៅ និងខ្មោចម្រឹត្យូវ បើត្រូវការកម្ចាត់ មានរបៀបធ្វើខុសគ្នា ពោលគឺ “បាលីបង្ក្រាបខ្មោចឆៅ” ត្រូវយក “ពុទ្ធមន្ត” មក សូត្រ រីឯ “ខ្មោចម្រឹត្យូវ” ត្រូវយក “វេទមន្ត” មកប្រើ។

បាលីបង្ក្រាបខ្មោចឆៅ ឬពុទ្ធមន្ត មានច្រើនមេ ច្រើនគាថា ដែលយើងសូមបង្ហាញតែ១មេ ថា “ទុក្ខប្បត្តា ច និទ្ទុក្ខា ភយប្បត្តា ច និព្ភយា សោកប្បត្តា ច និស្សោកា ហោន្តុ សព្វេ បិ បាណិណោ” ពុទ្ធមន្តនេះ សម្រាប់ព្រះ សង្ឃ សូត្រព្រះបរិត្ត ឬរំដោះគ្រោះញាតិញោម និងសូត្រក្នុងពេលស្រាវសីមាអំបោះដែលព័ទ្ធជុំវិញអ្នកមានគ្រោះ ដែលត្រូវ សូត្ររំដោះគ្រោះនេះ។ ពុទ្ធមន្តនេះ មានសេចក្តីប្រែថា “សត្វទាំងឡាយទាំងពួង ដែលដល់ហើយនូវសេចក្តីទុក្ខ សូមឱ្យ ជាសត្វបាត់សេចក្តីទុក្ខទៅ ដែលដល់ហើយនូវភ័យ សូមឱ្យជាសត្វបាត់ភ័យទៅ ដែលដល់ហើយនូវសេចក្តីសោក សូមឱ្យជា សត្វបាត់សេចក្តីសោកទៅ”។

ដោយឡែក “វេទមន្តបណ្តេញខ្មោចម្រឹត្យូវ” ក៏មានច្រើនដែរ អាចថា ជាមន្តអាគមអូមអាមក៏បានដូចវេទមន្ត ១មេថា “ទើបគ្រូប្រើអញឱ្យបាចពីងម៉ាំង ពីងខ្ចាត់ចុងកាត់ អញបាចពីងម៉ាត់ ពីងខ្ចាត់ក្រៅរបង អញធាក់អញថង ពីង រត់ខ្ចាត់ខ្ចាយ សព្វេ អន្តរាយ វិនាសន្តិ អសេសតោ”។

ដែលហៅថា “ពុទ្ធមន្ត” គឺជាមន្តគាថាត្រជាក់ត្រជំ មិនយកកំហឹងទល់កំហល់ ដូចឃ្លាថា “អ្នកមានទុក្ខភ័យសោក សូម ឱ្យរួចចាកទុក្ខភ័យសោកនោះទៅ” ផ្ទុយពី “វេទមន្ត” គឺជារបៀនសិល្ប៍សាស្ត្រ កំហឹងទល់កំហល់ បាចទឹកមន្ត ឬប្រាយលាជ បាចអង្ករដេញខ្មោច ឬ “ពីង” ឱ្យរត់ខ្ចាត់ខ្ចាយ កុំឱ្យយាយីអ្នកជំងឺតទៅទៀតបាន។

សព្វថ្ងៃ បក្សកាន់អំណាច បានចាត់ទុកអតីតមន្ត្រី ជណភ្រ ថាជាខ្មោចទៅហើយ ដែលខ្មោចប្រភេទនេះ នៅមាន ដង្ហើមដកចេញចូល និងធ្វើសកម្មភាពប្រឆាំងខ្លាំងលើសដើមទៅទៀត លុះត្រាតែប្រើ “ពុទ្ធមន្ត” ដូចអ្វីដែលយើងបង្ហាញ ខាងលើ ទើបមានប្រសិទ្ធភាព។ កាល “ដេញខ្មោចប៉ុល ពត” ដែលមានកងទ័ពវៀតណាម ១៨កងពល ជួយធ្វើអន្តរាគមន៍ ផងនោះ បានត្រឹមរុញពពួកខ្មោចអាវខ្មៅ ឱ្យរត់ចូលព្រៃ បង្កចលនាឧទ្ទាមកម្មមិនឈប់ឈរ តាំងពីឆ្នាំ១៩៧៩ ដល់១៩៩៦ ទើបស្ងប់ស្ងាត់។ ការចំណាយពេលជាង១០ឆ្នាំ ដេញខ្មោចឆៅពាក់អាវខ្មៅទាំងនោះ នៅពេលប្រើ “វេទមន្ត” ពោលគឺ “កំហឹង ទល់កំហល់” មានការបាញ់ផ្លោង ទម្លាក់គ្រាប់បែក ពួនស្ទាក់យ៉ាងណាក៏ខ្មោចអាវខ្មៅនៅតែមិនចុញ៉ុះម សូម្បីតែក្រុងប៉ៃលិន មួយ វាយយកមិនបានផង។ លុះបោះបង់ “វេទមន្ត” ឬកំហឹងទល់កំហល់ ងាកមកប្រើ “ពុទ្ធមន្ត” ពោលគឺការសន្តោសប្រោស ប្រណី ឱ្យអភ័យតាមរយៈអូសទាញមេខ្មោចធំៗ ឱ្យគ្រប់គ្រងទឹកដីនៅនឹងកន្លែងមក សន្តិភាពក៏កើតឡើង បានន័យថា “កម្ចាត់ ខ្មោចប៉ុល ពត ដោយពុទ្ធមន្ត មិនមែនឈ្នះដោយវេទមន្ត” នោះទេ។

ឥឡូវ “ខ្មោចសង្គ្រោះជាតិ” ក៏មិនខុសពី “ខ្មោចអាវខ្មៅ” បើបក្សកាន់អំណាច ចង់កម្ចាត់ឱ្យមានប្រសិទ្ធភាព លុះត្រាតែ ឧស្សាហ៍សូត្របាលី ថា “ទុក្ខប្បត្តា ច និទ្ទុក្ខា…” ទើបខ្មោចនោះចុះចាញ់។ ផ្ទុយទៅវិញ បើសូត្រវេទមន្តថា “អញធាក់ អញថង ពីងរត់ខ្ចាត់ខ្ចាយ” ច្បាស់ជាគ្មានប្រសិទ្ធភាព ដោយសារតែខ្មោចឆៅទាំងនោះ នៅរំលងទ្វីប។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់យកឈ្នះខ្មោចប៉ុល ពត ឬខ្មោចអាវខ្មៅ ដោយការប្រើ “ពុទ្ធមន្ត” ដូចជាតែងតាំងលោកអ៊ី ឈាន អតីតមនុស្សជំនិតប៉ុល ពត ឱ្យពាក់ផ្កាយលើស្មា និងជាអភិបាលក្រុងប៉ៃលិន ជាដើម សូម្បីតែកែ ពក ជាខ្មោចល្បីល្បាញប្រចាំភូមិភាគឧត្តរ ក៏ចាញ់ពុទ្ធមន្ត ដែលសម្តេចហ៊ុន សែន សូត្រស្វាធ្យាយដែរ។ ថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី បានប្រកាសថា នឹង “កម្ចាត់លោកសម រង្ស៊ី ដូចកម្ចាត់ប៉ុល ពត” ដូច្នេះអាចថា សម្តេចនឹងយកពុទ្ធមន្ត មក សូត្រមិនខានឡើយ ដើម្បីឯកភាពជាតិ និងអភិវឌ្ឍន៍ជាតិមាតុភូមិ។ បើទុកខ្មោចឆៅទាំងនោះ ឱ្យនៅធ្វើសកម្មភាពតទៅ ទៀត អត់ស្រួលទេ ព្រោះខ្មោចសំខាន់ៗបានហោះទៅពឹងអាមេរិក អឺរ៉ុប ឱ្យជួយ បើសិនជាប្រើវេទមន្តតូងតាង ក្តុងក្តាំង ជួនកាលអាចប៉ះទង្គិចនឹង “ធ្មប់អន្តរជាតិ” ក៏អាចថាបាន។

ក្នុងកាលៈទេសៈនេះ គួរសិក្សាឱ្យបានច្បាស់ពីលក្ខណៈរបស់ខ្មោច ដោយញែកឱ្យដាច់ពីគ្នារវាង “ខ្មោចឆៅ” និង “ខ្មោច ម្រឹត្យូវ”។ បើជាខ្មោចឆៅ ត្រូវប្រើពុទ្ធមន្ត តែបើជាខ្មោចម្រឹត្យូវ ត្រូវប្រើវេទមន្ត ជួនកាលគេប្រើ “ស្នងរូប” ដើម្បីអន្ទង ខ្មោចឱ្យចូលសណ្ឋិតក៏បាន ដើម្បីស្រួលអង្វរករខ្មោចម្រឹត្យូវនោះ ឱ្យដកពិសពរចេញពីខ្លួនអ្នកជំងឺ។ បើតាមដានទៅឃើញថា ខ្មោចពូកែយាយីបក្សកាន់អំណាច តាមហ្វេសប៊ុក យូធូប និងវិទ្យុក្រៅស្រុក ពិតជា “ខ្មោចឆៅ” ហើយមិនអាចប្រើវេទមន្ត កើតទេ ដែលជាបរិបទសម្រាប់ពិចារណា។ អាមេរិក អាចយកឈ្នះជប៉ុន នៅអំឡុងសង្គ្រាមលោកលើកទី២ ដោយការ ទម្លាក់គ្រាប់បែកបរមាណូ នៅលើកោះហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី បណ្តាលឱ្យប្រជាជនជប៉ុន រាប់សែននាក់ ស្លាប់តែមួយប៉ប្រិចភ្នែក។ ករណីនេះបានន័យថា អាមេរិក ប្រើ “វេទមន្ត” កំហឹងទល់កំហល់ ធ្វើឱ្យជប៉ុន ចាញ់សង្គ្រាម សងបំណុលគេ ជាច្រើនឆ្នាំ ទម្រាំរួច។ ចំណែកខ្មែរយើង ឬជាតិសាសន៍តែមួយ បើប្រើវេទមន្តដូចអាមេរិក មិនអាចទៅរួចទេ ម៉្យាងទៀត ពួកខ្មោចសង្គ្រោះជាតិ នៅរប៉ាត់រប៉ាយ បណ្តាក់គ្នាដូចខ្យង មិនអាចប្រើយន្តហោះ កាំភ្លើងតូចធំ កម្ចាត់បានឡើយ ប៉ុន្តែ អ្វីដែលធ្វើឱ្យខ្មោចចុះចាញ់ មានតែមេត្តា ករុណា មុទិតា ឧបេក្ខា តែប៉ុណ្ណោះ។ ពុទ្ធមន្តដែលប្រែថា “អ្នកមានទុក្ខសូមឱ្យរួច ចាកទុក្ខ មានភ័យឱ្យរួចភ័យ មានសោកឱ្យប្រាកចាកសោក” ពូកែស័ក្តិសិទ្ធិណាស់ គ្មានខ្មោចឆៅណាអាចយកឈ្នះពុទ្ធមន្ត នេះបានទេ ហើយបើអ្នកនយោបាយណាចេះចាំរត់មាត់ នឹងឈ្នះគេជារៀងរហូត។

សរុបទៅ “បាលីបង្ក្រាបខ្មោចឆៅ” ផ្ទុយពី “មន្តអាគមបង្ក្រាបខ្មោចតៃហោង”។ ប្រជាពលរដ្ឋខ្មែរ គ្រប់និន្នាការ ស្រលាញ់ សុខសន្តិភាព ស្អប់ខ្ពើមសង្គ្រាម មិនចង់ឃើញការបង្ក្រាបបង្ហូរឈាមខ្មែរ និងខ្មែរដូចគ្នាទៀតទេ គឺចង់ឃើញតែការធ្វើបុណ្យ ទាន កសាងវត្តអារាមជាដើម។ ហេតុនេះ គួរតែអ្នកនយោបាយទាំងបក្សកាន់អំណាច និងពួកប្រឆាំង មេត្តាកុំយកកំហឹងទល់ កំហល់ ដោយងាកមករៀនទន្ទេញ ពុទ្ធមន្ត “ទុក្ខប្បត្តា ច និទ្ទុក្ខា…” ឱ្យចេះព្រមៗគ្នា ទើបធានាថា មាតុភូមិកម្ពុជា និង រក្សាបានសុខសន្តិភាព និងអភិវឌ្ឍន៍ ជារៀងរហូត៕

ដោយ អាចារ្យថាំ

RELATED ARTICLES