Thursday, October 9, 2025
Homeព័ត៌មានជាតិកូនប្រសាផឹកចំស្រាកាច ខឹងម្តាយក្មេកចាស់ជរាស្តីបន្ទោស ទាញកៅអីដេញវាយរត់ពេញភូមិ

កូនប្រសាផឹកចំស្រាកាច ខឹងម្តាយក្មេកចាស់ជរាស្តីបន្ទោស ទាញកៅអីដេញវាយរត់ពេញភូមិ

ភ្នំពេញ ៖ បុរសចិត្តកំណាចឃោរឃៅម្នាក់ ទំនងជាផឹកប៉ះចំស្រាកាច ទើបពេលត្រឡប់មកដល់ផ្ទះវិញ គ្រាន់តែម្តាយក្មេកស្តីបន្ទោសតិចតួច ស្រាប់តែផ្ទុះកំហឹងរករឿងឈ្លោះប្រកែក រហូតឈានដល់អំពើហិង្សាទាញកៅអីដេញវាយម្តាយក្មេកជរា ធ្វើឱ្យលោកយាយជាម្តាយក្មេកភ័យស្លន់ស្លោ ព្យាយាមរត់គេចទាំងព្រលឹងចុងសក់ ជាហេតុធ្វើឱ្យកើតមានការផ្អើលឆោឡោដល់អ្នកជិតខាង រួមនឹងសមត្ថកិច្ចព័ទ្ធចាប់វ៉ៃខ្នោះ អូសកកូនប្រសាកំណាចយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍កូនប្រសាស្រវឹង ទាញកៅអីដេញវ៉ៃម្តាយក្មេកនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាកូនប្រសាចិត្តកំណាចដែលដេញវាយម្តាយក្មេកជរា រហូតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននេះ មានឈ្មោះឌឹត ដូរ៉េ អាយុ៤២ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនឯកជន មានស្រុកកំណើតនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកលោកយាយរងគ្រោះជាម្តាយក្មេក មានឈ្មោះសំ ដាវួច អាយុ៨២ឆ្នាំ ចាស់ជរា។ ម្តាយក្មេក និងកូនប្រសាចិត្តកំណាចខាងលើ សព្វថ្ងៃស្នាក់នៅផ្ទះជុំគ្នាក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារលោកយាយរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនបង្កហេតុជាកូនប្រសារូបនេះ គឺជាមនុស្សប្រមឹកតែងដើរផឹកស្រាស្រវឹងជាប់ជាប្រចាំ និងមិនសូវជួយធ្វើការរកស៊ី ដើម្បីបានប្រាក់ចំណូលចូលផ្ទះនោះទេ ដឹងតែទារលុយពីអ្នកផ្ទះយកទៅផឹកស៊ីជាមួយបនភឿនជារៀងរាល់ថ្ងៃ ហើយនៅពេលសុំលុយបានគឺមិនអីទេ តែបើមិនបានវិញ ច្បាស់ជាបង្ករឿងអុកឡុកពេញផ្ទះមិនខាន។

ប្រភពដដែលបន្តថា ក្រៅពីជាមនុស្សប្រមឹកហើយ ជនបង្កនៅជាមនុស្សដែលមានចិត្តកោងកាច មិនចេះស្តាប់សម្តីអ្នកណានោះឡើយ ហើយឱ្យតែបានស្រាចូលពោះ ដឹងតែតម្លើងឬកពារកោងកាចខ្លាំងដូចខ្លា តែងរករឿងឈ្លោះប្រកែកជាមួយអ្នកផ្ទះ និងចូលចិត្តប្រើហិង្សាវាយដំប្រពន្ធកូន ព្រមទាំងវាយបំផ្លាញទ្រព្យរបស់ក្នុងផ្ទះខ្ទេចអស់គ្មានសល់។

ប្រភពខាងលើ បានបញ្ជាក់ថា លុះមកដល់ថ្ងៃកើតហេតុ ជនបង្ករូបនេះបានចេញទៅផឹកស្រាតាំងពីព្រឹករហូតដល់ថ្ងៃរសៀល វេលាម៉ោងកើតហេតុខាងលើ ទើបត្រឡប់ចូលផ្ទះវិញទាំងស្ថានភាពស្រវឹងអួទីនួ។ ឃើញបែបនេះ លោកយាយជាម្តាយក្មេកក៏បានស្តីបន្ទោសជនបង្កជាកូនប្រសាតិចតួចពីរឿងដើរតែផឹកស៊ី មិនគិតរកការងារធ្វើ ហើយការស្តីប្រដៅនេះ ក៏ក្នុងន័យចង់ឱ្យកូនល្អដែរ ស្រាប់តែកូនប្រសាកំណាចមិនត្រឹមតែមិនខ្ចីយកត្រចៀកស្តាប់ប៉ុណ្ណោះទេ នៅថែមទាំងច្រឡោតខឹងដាច់ក្បាលកន្ទុយ ស្ទុះទៅទាញកៅអីដេញវាយម្តាយក្មេកទាំងកំរោល ធ្វើឱ្យលោកយាយជាម្តាយក្មេកភ័យស្លន់ស្លោ រត់គេចខ្លួនទាំងព្រលឹងចុងសក់ និងធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងជួយឃាត់ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះជួយអន្តរាគមន៍ឃាត់ខ្លួនជនកំណាចខាងលើ នាំយកទៅសាកសួរ។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ថាមានករណីអំពើហិង្សាក្នុងគ្រួសារ កូនប្រសាវ៉ៃម្តាយក្មេក រួចមកសមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ លុះពេលសមត្ថកិច្ចចុះទៅដល់ ជនកំណាចរូបនេះមិនត្រឹមតែមិនខ្លាចរអានោះទេ ថែមទាំងបានទាញកៅអីមកដេញវាយទាំងសមត្ថកិច្ចទៀត ទើបសមត្ថកិច្ចបានព័ទ្ធចាប់ជនកំណាចនេះបាននាំយកទៅចាត់ការតាមច្បាប់។

នៅចំពោះមុខសមត្ថកិច្ច ជនកំណាចជាកូនប្រសាបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សាទៅលើម្តាយក្មេកមែន មូលហេតុដោយសារតែខ្លួនផឹកស្រាស្រវឹងខ្លាំងពេក ណាមួយខឹងនឹងម្តាយក្មេកដែលចេះតែស្តីបន្ទោសខ្លួនជាកូនប្រសាដដែលៗ ពីរឿងផឹកស៊ីមិនជួយធ្វើការ ទើបធ្វើឱ្យខ្លួនខឹងពេកទ្រាំមិនបាន ក៏វ៉ៃប៉្រាវតែម្តង។

កូនប្រសាកំណាចដែលវាយម្តាយក្មេកខ្លួនឯងនេះ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES