ខេត្តរតនគិរី ៖ ក្មេងស្រីអាយុ8ឆ្នាំម្នាក់ ត្រូវបានប្រុសព្រានល្មោភកាមម្នាក់ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ ជាបន្តបន្ទាប់ អស់រយៈពេល3ខែ ដោយបានសម្រេចដល់ទៅ4ដង តែមិនហ៊ានប្រាប់ម្តាយសោះ ព្រោះខ្លាចជនសង្ស័យសម្លាប់ចោល លុះរឿងរ៉ាវបែកធ្លាយ ក៏ត្រូវម្តាយក្មេងស្រីរងគ្រាះដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ខ្លួនជនល្មោភកាមរូបនោះ យកទៅចាត់ការតាមច្បាប់។
ករណីរំលោភសេពសន្ថវៈក្មេងស្រីអាយុ8ឆ្នាំ ជាបន្តបន្ទាប់ រហូតដល់បានសម្រេច4ដងនេះ បានកើតឡើងអស់រយៈពេល3ខែមកហើយ ប៉ុន្តែរឿងរ៉ាវទើបនឹងបែកធ្លាយ និងត្រូវសមត្ថកិច្ចចុះចាប់ខ្លួនជនសង្ស័យ កាលពីវេលាម៉ោង3រសៀល ថ្ងៃទី28 ខែមីនា ឆ្នាំ2018 នៅចំណុចភូមិ1 ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភក្មេងស្រីរហូតបានសម្រេចដល់ទៅ4ដង មានឈ្មោះសំ សុភី ភេទប្រុស អាយុ35ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ8ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។
តាមសម្តីរបស់ក្មេងស្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នាងត្រូវបានជនសង្ស័យចាប់រំលោភជាបន្តបន្ទាប់ អស់រយៈពេល3ខែកន្លងមកហើយ ដោយនាងមិនបានចាប់ថ្ងៃខែច្បាស់លាស់នោះទេ គ្រាន់តែចាំបានថា ជនសង្ស័យបានចាប់រំលោភនាងរហូតដល់សម្រេចចំនួន4ដង តែមិនហ៊ានប្រាប់ម្តាយទេ ព្រោះរាល់ពេលចាប់នាងរំលោភរួច ជនសង្ស័យតែងសម្លុតគំរាមនាងមិនឱ្យនិយាយប្រាប់អ្នកណាដាច់ខាត ពិសេសម្តាយរបស់នាង ពុំនោះទេ គេនឹងសម្លាប់នាងចោលមិនខាន។
ក្មេងស្រីរងគ្រោះ បន្តថា លុះមកដល់ថ្ងៃទី28 ខែមីនា ឆ្នាំ2018 ម្តាយរបស់នាងមានការសង្ស័យក៏ហៅនាងសួរនាំ រហូតដល់នាងដាច់ចិត្តទម្លាយប្រាប់ថា នាងត្រូវជនសង្ស័យឈ្មោះសំ សុភី ចាប់រំលោភរហូតបានសម្រេចដល់ទៅ4ដង អំឡុងពេល3ខែកន្លងមកនេះ។ បន្ទាប់មក ម្តាយបាននាំនាងទៅដាក់ពាក្យបណ្តឹង រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យតែម្តង។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីម្តាយរបស់ក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងពិនិត្យឃើញថា ករណីនេះមិនមែនទើបតែកើតឡើងនោះទេ តែបានកើតអស់រយៈពេល3ខែមកហើយ។ បន្ទាប់មក សមត្ថកិច្ចក៏បានចុះឃាត់ខ្លួនជនសង្ស័យឈ្មោះសំ សុភី នាំយកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសំ សុភី បានឆ្លើយសារភាពថា រូបគេពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះ រហូតដល់បានសម្រេច4ដងមែន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋានគបាលខេត្តរតនគិរី ដើម្បីចាត់ការបន្តតាមនីតិវិធី។/