ភ្នំពេញ ៖ យុវជនម្នាក់ព្រោះតែវក់នឹងល្បែងស៊ីសងខ្លាំងពេក ក៏បែកគំនិតខ្ចីម៉ូតូមិត្តភក្តិជិះ ដោយប្រាប់ថា ទៅរកទិញអីហូបបន្តិច ស្រាប់តែបង្ហួស ទៅដាក់បញ្ចាំយកលុយលេងល្បែងបាញ់ត្រីចាញ់ម៉ត់ លុះម្ចាស់ម៉ូតូដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ នាំយកទៅសាកសួរ កាលវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅត្រង់ចំណុចបន្ទប់ជួលអត់លេខ ក្បែរសាលាអន្តរជាតិប៊ែលធី ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យមានឈ្មោះស៊្រីម ម៉េងហៀង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះខុម គីមហ័ង ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ ដោយឡែកម៉ូតូដែលជនសង្ស័យយកទៅបញ្ចាំ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GF-3861។
តាមសម្តីយុវជរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ រូបគេបានជិះម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ មកពីផ្ទះនៅឯខេត្តព្រៃវែង មកបន្ទប់ជួលរបស់បងធម៌ឈ្មោះវិចិត្រ ដែលនៅជាន់ទី២ ក្នុងភូមិសង្កាត់កើតហេតុខាងលើ។ លុះពេលមកដល់រូបគេបានអង្គុយលេងជាមួយប្តីប្រពន្ធបងធម៌ មួយសន្ទុះ ក៏លេចមុខជនសង្ស័យមកលេងបន្ទប់ជួលរបស់បងធម៌ដែរ ហើយរវាងរូបគេ និងក៏ធ្លាប់ស្គាល់គ្នាពីមុនមកដែរ។
យុវជនរងគ្រោះ បន្តថា បន្ទាប់មកបុរសជាបងធម៌បានខ្ចីម៉ូតូរបស់គេ ដើម្បីជូនប្រពន្ធទៅធ្វើការមួយស្ទុះ ក្រោយមកក៏ត្រឡប់មកវិញ ហើយពួកគេក៏បានអង្គុយជជែកគ្នាលេងនៅក្នុងបន្ទប់ជួលរួមជាមួយជនសង្ស័យរហូតមក។ លុះដល់ម៉ោង១១យប់ថ្ងៃដដែល ជនសង្ស័យបានខ្ចីម៉ូតូពីរូបគេ ដោយប្រាប់ថា ទៅទិញអីផឹកមួយភ្លែត លុះមួយស្ទុះក្រោយមក ជនសង្ស័យក៏ជិះម៉ូតូត្រឡប់មកវិញ ដោយយកម៉ូតូដាក់នៅខាងក្រោមជាន់ផ្ទាល់ដី ហើយបានឡើងទៅដេកនៅក្នុងបន្ទប់ជួលរួមគ្នាជាមួយនឹងជនរងគ្រោះ រួមទាំងបងធម៌នៅជាន់ទី២ ដោយមិនបានឱ្យសោម៉ូតូមកឱ្យរូបគេវិញទេ។
យុវជនរងគ្រោះ បញ្ជាក់ថា លុះដល់វេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៨ ខែមីនា ជនសង្ស័យបានលារូបគេ និងបងធម៌ដែលជាម្ចាស់បន្ទប់ថា ខ្លួនត្រឡប់ទៅផ្ទះវិញហើយ រួចហើយជនសង្ស័យក៏បានចាកចេញពីបន្ទប់ជួលខាងលើបាត់ទៅ ចំណែករូបគេក៏មិនចាប់អារម្មណ៍ទាររកសោម៉ូតូវិញដែរ។ រហូតដល់ព្រឹកឡើង បុរសជាបងធម៌បានប្រាប់ឱ្យរូបគេទៅរកទិញអីមកហូប ទើបរូបគេបានចុះទៅជាន់ផ្ទាល់ដីរកមើលម៉ូតូ ស្រាប់តែបាត់មិនឃើញម៉ូតូសោះ ទើបភ្ញាក់ផ្អើលឆោឡោ និងនឹកសង្ស័យទៅលើជនសង្ស័យ ទើបទាក់ទងទូរស័ព្ទទៅសួរនាំ តែជនសង្ស័យថាអត់ដឹងទេ ហើយរូបគេក៏ហៅជនសង្ស័យមកជួប រួចក៏នាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីឱ្យសមត្ថកិច្ចជួយដោះស្រាយតែម្តង។
ពេលទៅដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា សមត្ថកិច្ចជំនាញបានធ្វើការសាកសួរជនសង្ស័យ រហូតជនសង្ស័យព្រមឆ្លើយសារភាពថា រូបគេពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះមែន ដោយរូបគេបានយកទៅដាក់បញ្ចាំនៅម្តុំឃ្លាំងរំសេវ បានលុយចំនួន៥៥០ដុល្លារ បន្ទាប់មករូបគេបានយកលុយនោះទៅលេងហ្គេមបាញ់ត្រីនៅម្តុំវត្តនាគវ័ន រហូតចាញ់អស់ពីខ្លួន ក៏ត្រឡប់មកផ្ទះវិញ។ លុះពេលជនរងគ្រោះទាក់ទងមកសួររឿងបាត់ម៉ូតូ រូបគេធ្វើដូចជាមិនដឹងរឿង រហូតដល់ត្រូវជនរងគ្រោះនាំមកប្រគល់ឱ្យប៉ូលិសតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា កសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បចាត់កាទៅតាមនីតិវិធី៕