ខេត្តកណ្តាល ៖ បុរសម្នាក់ទំនងជាខកបំណងរឿងស្នេហា ទើបធ្វើឱ្យកើតមានវិបត្តិផ្លូវចិត្តធំធេង រកដំណោះស្រាយមិនចេញ ក៏ដាច់ចិត្តគិតខ្លីផឹកថ្នាំបំពុលសត្វធ្វើអត្តឃាត បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ។
បុរសគំនិតខ្លីដែលផឹកថ្នាំពុលសម្លាប់ខ្លួន មានឈ្មោះមឿន សុខា អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅក្នុងរង្វង់ក្រុមគ្រួសារជនរងគ្រោះមិនមានជម្លោះ ឬមានការអាក់អន់ស្រពន់ចិត្តជាមួយនឹងអ្នកណាឡើយ ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះ ជនរងគ្រោះហាក់មានទឹកមុខស្រពោនស្រពាប់ខុសសព្វមួយួដង និងមិនសូវនិយាយស្តីរកអ្នកណាឡើយ ហើយទោះជាក្រុមគ្រួសារនាំគ្នាឈ្លេចសួរយ៉ាងណា ក៏ជនរងគ្រោះមិនព្រមនិយាយប្រាប់សោះឡើយ ទីបំផុត មកដល់ថ្ងៃកើតហេតុ ជនរងគ្រោះក៏ដាច់ចិត្តគិតខ្លីផឹកថ្នាំពុលសម្លាប់ខ្លួនតែម្តង។
ដោយឡែក តាមប្រភពពីមិត្តភក្តិជិតស្និទ្ធជនរងគ្រោះ បានបង្ហើបប្រាប់ថា ជនរងគ្រោះទើបនឹងជួបវិបត្តិផ្លូវចិត្តរឿងស្នេហាមិនសមបំណង ទើបធ្វើឱ្យជនរងគ្រោះខូចចិត្តយ៉ាងខ្លាំង រហូតដល់ធ្លាប់ព្រលយពាក្យប្លែកៗថា ជីវិតរស់នៅគ្មានន័យ មិនដឹងជាប្រឹងរស់ដើម្បីអ្វីទៀតទេ លុះមិនបានប៉ុន្មានថ្ងៃផង ជនរងគ្រោះក៏ដាច់ចិត្តគិតខ្លីបែបនេះតែម្តង។
ក្រោយប្រទះឃើញជនរងគ្រោះផឹកថ្នាំពុលសម្លាប់ខ្លួន ក្រុមគ្រួសារបានរាយការណ៍ទៅលោកមេភូមិ ដើម្បីឱ្យជួយផ្តល់ដំណឹងដល់សមត្ថកិច្ចចុះមកពិនិត្យ។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ ប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានទទួលព័ត៌មានពីលោកមេភូមិព្រែកស្វាយ ថា មានជនរងគ្រោះឈ្មោះមឿន សុខា បានផឹកថ្នាំបំពុលសត្វនៅលើផ្ទះរបស់ខ្លួន បណ្តាលឱ្យស្លាប់ដោយមិនដឹងមូលហេតុ។ បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍បានសហការជាមួយលោកមេភូមិព្រែកស្វាយ ក្រុមប្រឹក្សាឃុំឈើទាល គ្រូពេទ្យបង្អែកឃុំ និងកម្លាំងជំនាញស្រុកកៀនស្វាយ បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ពុំមានស្នាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មើសផ្សេងឡើយ ពោលគឺជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតផឹកថ្នាំបំពុលសម្លាប់ខ្លួនពិតប្រាកដមែន។
នៅកន្លែងកើតហេតុ ក្បែរសាកសព សមត្ថកិច្ចបានរកឃើញវត្ថុតាង រួមមាន បោយជ័រលាយថ្នាំសម្លាប់សត្វជាមួយស្រាបៀរ ពណ៌ផ្កាឈូក ចំនួន១ សំបកកំប៉ុងស្រាបៀរចំនួន១ និងកញ្ចប់ថ្នាំពុលមានអក្សរ VIFU SUPER-5GR ពណ៌សលាយក្រហមចំនួន១ ផងដែរ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕