ខេត្តបាត់ដំបង ៖ បុរសជាប្តីចិត្តកំណាចឃោរឃៅម្នាក់ ទើបនឹងត្រឡប់មកពីផឹកស្រាស្រវឹងធ្លាក់ភ្នែក មកដល់ផ្ទះដើរទៅបើកឆ្នាំងរកបាយហូប លុះឃើញប្រពន្ធអត់ដាំបាយ ក៏ផ្ទុះកំហឹងរករឿងឈ្លោះប្រកែកតឹងសរសៃកដាក់គ្នាជាមួយប្រពន្ធ រហូតឈានដល់អំពើហិង្សាច្រានប្រពន្ធទម្លាក់ពីលើគ្រែ រួចមិនទាន់អស់ចិត្តក៏ស្ទុះទៅទាត់ប្រពន្ធថែម១ជើងទៀត ចំកញ្ចឹងក បណ្តាលឱ្យស្ត្រីរងគ្រាះជាប្រពន្ធបាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកបុរសជាប្តីកំណាចត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ នាំយកទៅចាត់ការតាមច្បាប់។
ហេតុការណ៍ហិង្សា ប្តីទាត់ប្រពន្ធ១ជើងបាក់ស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្រុមទី៧ ក្នុងភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកមោងប្ញស្សី។
ជនដៃដល់ជាឃាតករដែលទាត់ប្រពន្ធ១ជើងចំកញ្ចឹងក បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម មានឈ្មោះម៉ែន ពិសី អាយុ៥៣ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះឆាត ឆោម អាយុ៥២ឆ្នាំ មុខរបរកសិរ។ ប្តីប្រពន្ធអ្នកទាំង២ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្រុមគ្រួសារខាងលើរស់នៅមិនសូវចុះសម្រុងនឹងគ្នាទេ ដោយសារតែបុរសជាប្តីគឺជាមនុស្សមានចិត្តកោងកាច តែងផឹកស្រាស្រវឹងជាប់ជាប្រចាំ និងមិនដែលប្រឹងជួយធ្វើការងារ ឬរកស៊ីអ្វី ដើម្បីបានប្រាក់យកមកផ្គត់ផ្គង់ជីវភាពឡើយ ហើយកន្លងមកឱ្យតែស្រវឹងតែរកឈ្លោះឈ្លោះប្រកែក វាយដំប្រពន្ធដែរ គ្រាន់តែមិនធ្ងន់ធ្ងរដូចលើកនេះឡើយ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី២៨ ខែមីណា ឆ្នាំ២០១៨ ជនសង្ស័យជាប្តីបានដើរចេញពីផ្ទះទៅផឹកស៊ីជាមួយបនភឿនក្នុងភូមិ រហូតដល់ក្បាលព្រលប់ត្រឡប់មកវិញ មានសភាពស្រវឹងដាបណាស់ទៅហើយ ក៏បានដើរទៅបើកឆ្នាំងរកបាយហូប តែអត់មានបាយ ព្រោះប្រពន្ធមិនទាន់ដាក់ដាំ។ ភ្លាមនោះ ជនសង្ស័យក៏បានរករឿងឈ្លោះជាមួយប្រពន្ធ រួចក៏ច្រានប្រពន្ធទម្លាក់ពីលើគ្រែ បន្ទាប់មកដោយមិនទាន់រំសាយកំហឹងអស់ ស្រាប់តែជនសង្ស័យបានស្ទុះទៅទាត់ប្រពន្ធថែម១ជើងទៀតចំកញ្ចឹងក បណ្តាលឱ្យស្ត្រីរងគ្រោះជាប្រពន្ធបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុ ប្រជាពលរដ្ឋជិតិខាងបានចូលមកជួយឃាត់ ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍។ ចំណែកបុរសជាប្តីក្រោយពីទាត់ប្រពន្ធបាក់កស្លាប់ហើយ ក៏មិនបានរត់គេចខ្លួនទៅណាដែរ រហូតដល់សមត្ថកិច្ចចុះមកដល់ ចាប់ឃាត់ខ្លួនជនដៃដល់ជាប្តី នាំយកទៅសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទាត់ប្រពន្ធបាក់កស្លាប់មែន មូលហេតុដោយសារតែរូបគេផឹកស្រាស្រវឹងខ្លាំងពេក ណាមួយខឹងនឹងប្រពន្ធដែលមិនព្រមដាំបាយហូប ទើបធ្វើឱ្យរូបគេអត់ទ្រាំពុំបាន ក៏ក្លាយជាអំពើហិង្សាបែបនេះតែម្តង។
ជនសង្ស័យជាឃាតករដែលទាត់ប្រពន្ធបាក់ស្លាប់ខាងលើនេះ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕