Thursday, October 9, 2025
Homeព័ត៌មានជាតិខ្ចីម៉ូតូជិះ ឪពុកម្តាយមិនឲ្យព្រោះឃើញបែកថ្នាំ កូនប្រុសខឹងជេរប្រមាថ

ខ្ចីម៉ូតូជិះ ឪពុកម្តាយមិនឲ្យព្រោះឃើញបែកថ្នាំ កូនប្រុសខឹងជេរប្រមាថ

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ក្រោយពីប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) ក៏បានដើរមកខ្ចីម៉ូតូឪពុកយកទៅជិះ លុះឪពុកម្តាយឃើញសភាពកូនប្រុសបែកថ្នាំ មិនចង់ឱ្យជិះខ្លាចមានគ្រោះថ្នាក់ ស្រាប់តែកូនប្រុសចិត្តកំណាចច្រឡោតខឹង ក៏រករឿងជេរប្រមាថឪពុកម្តាយកប់ៗមាត់ រួចក៏ស្ទុះទៅទាញដំបងវាយម៉ូតូរបស់ឪពុក បណ្តាលឱ្យខូចខាតយ៉ាងដំណំ។

ករណីកូនប្រុសខឹងខ្ចីម៉ូតូឪពុកជិះអត់បាន បែរជាទាញដំបងវាយម៉ូតូខ្ទេចនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិស្បែកព្រាល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

ជនបង្កហេតុ មានឈ្មោះភួង រតនា អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកម៉ូតូដែលត្រូវជនបង្កវាយឱ្យទទួលរងការខូចខាត ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៧ ឡើងស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1G-5091។

តាមប្រភពពីក្រុមគ្រួសារជនបង្ក បានឱ្យដឹងថា ជនបង្កគឺជាមនុស្សដែលចូលចិត្តដើរលេងប៉ោឡែ មិនមានការងារអ្វីធ្វើនោះទេ និងថែមទាំងកំពុងលង់ខ្លួនជាមួយថ្នាំញៀនទៀតផង តែងដើរជក់ថ្នាំញៀនជាមួយគូកនជារៀងរាល់ថ្ងៃ ហើយឱ្យតែបែកថ្នាំម្តងៗ តែងរករឿងអុកឡុកក្រុមគ្រួសារមិនឈប់ឈរសោះ ធ្វើឱ្យឪពុកម្តាយពិបាកចិត្ត រស់នៅមិនមានសេចក្តីសុខទាល់តែសោះ។

ប្រភពដដែលបន្តថា លុះមកដល់យប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ជនបង្កទើបនឹងត្រឡប់មកពីជក់ថ្នាំជាមួយមិត្តភក្តិវិញ ក៏បានមកខ្ចីម៉ូតូរបស់ឪពុកយកទៅជិះដើរលេង តែត្រូវឪពុកម្តាយឃើញថា ជនបង្កកំពុងបែកថ្នាំខ្លាំង ខ្លាចជិះម៉ូតូយប់ព្រលប់​ក្រែងជួបគ្រោះថ្នាក់ដោយប្រការណាមួយ ទើបហាមឃាត់មិនឱ្យយកម៉ូតូទៅជិះនោះទេ ស្រាប់តែធ្វើឱ្យជនបង្កមួម៉ៅក្តៅចិត្ត រករឿងជេរប្រមាថឪពុកម្តាយកប់ៗមាត់ ដោយមិនខ្លាចបុណ្យបាបចុះនរកអ្វីទាំងអស់ លុះមិនទាន់រំសាងកំហឹងអស់ ជនបង្កថែមទាំងបានស្ទុះទៅទាញដំបងមកវាយម៉ូតូរបស់ឪពុក បណ្តាលឱ្យបែកបាក់ខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ ដោយសារតែទ្រាំនឹងទង្វើរបស់កូនប្រុសកំណាចរូបនេះតទៅទៀតលែងបាន ទើបឪពុកម្តាយសម្រេចប្តឹងឱ្យសមត្ថកិច្ចចុះជួយអន្តរាគមន៍ចាប់ខ្លួនកូនប្រុសកំណាចខាងលើ នាំយកទៅចាត់ការតាមច្បាប់ ព្រោះតែពួកគាត់ជាឪពុកម្តាយទូន្មានប្រៀនប្រដៅលែងស្តាប់ទៅហើយ៕

RELATED ARTICLES