Thursday, October 9, 2025
Homeព័ត៌មានជាតិគួរឲ្យអាណិតណាស់!!! កម្មការិនីមានផ្ទៃពោះ ចេញពីរោងចក្រឈរចាំឡាន ខ្យល់គរដួលស្លាប់

គួរឲ្យអាណិតណាស់!!! កម្មការិនីមានផ្ទៃពោះ ចេញពីរោងចក្រឈរចាំឡាន ខ្យល់គរដួលស្លាប់

ខេត្តស្វាយរៀង ៖ ស្ត្រីមានផ្ទៃពោះជាកម្មការិនីរោងចក្រម្នាក់ ទើបនឹងចេញពីធ្វើការ ឈរចាំឡានដឹកកម្មករនៅខាងមុខរោងចក្រ បំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែអកុសល កើតអាការៈខ្យល់គរ បណ្តាលឱ្យដួលស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខសហគ្រាសសង់លី Shuang Li Cambodia Garment មុខតំបន់សេដ្ឋកិច្ចពិសេសសានតុងសាន់សែល ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។

ស្ត្រីរងគ្រោះដែលកើតអាការៈខ្យល់គរស្លាប់ មានឈ្មោះដាំ ណយ បំរើការងារនៅក្នុងរោងចក្រ Shuang Li Cambodia Garment ស្ថិតនៅទីតាំងកើតហេតុ និងមានលំនៅក្នុងឃុំត្នោត ស្រុកកំពុងរោទ៍។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ គេឃើញស្ត្រីរងគ្រោះខាងលើ បានដើរចេញពីរោងចក្រមុនគេ១៥នាទី (ដោយសារតែស្ត្រីរងគ្រោះមានផ្ទៃពោះ) លុះចេញមកដល់មុខរោងចក្រ ស្ត្រីរងគ្រោះបានឈររង់ចាំឡានដឹកកម្មករមកទទួល ដើម្បីវិលត្រឡប់ទៅផ្ទះវិញ។ ស្រាប់តែបន្តិចក្រោយមក ស្ត្រីរងគ្រោះក៏បានដួលទាំងជំហរ រួចក៏បាត់ស្មារតីឈឹងតែម្តង ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលជួយសង្គ្រោះបឋម និងទាក់ទងហៅរថយន្តសង្គ្រោះមកដឹកស្ត្រីរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកជីភូ ដើម្បីសង្គ្រោះជីវិត ស្រាប់តែអកុសល ពេលដឹកទៅដល់មន្ទីរពេទ្យ គ្រូពេទ្យពិនិត្យរួចរាល់ បានបញ្ជាក់ថា ស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ជាមួយនេះ គ្រូពេទ្យជំនាញបានបញ្ជាក់ថា ស្ត្រីរងគ្រោះបានស្លាប់ដោយសារអាការៈខ្យល់គរ។

យោងតាមហ្វេសប៊ុករបស់លោកប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករ បានសរសេរបញ្ជាក់កាលពីវេលាទៀបភ្លឺ ឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ថា “កម្មការិនីមានផ្ទៃពោះម្នាក់ឈ្មោះដាំ ណយ បម្រើការងារនៅក្នុងរោងចក្រ Shuang Li Cambodia Garment ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុងសាន់សែល បានខ្យល់គរដួលស្លាប់ នៅមុខតំបន់សេដ្ឋកិច្ច ក្រោយពីប្អូនស្រីចេញពីធ្វើការ។ បច្ចុប្បន្ន សពប្អូនស្រីត្រូវបានសាច់ញាតិយកពីមន្ទីពេទ្យបង្អែកជីភូ ទៅកាន់លំនៅដ្ឋានដែលស្ថិតនៅក្នុងឃុំត្នោត ស្រុកកំពុងរោទ៍ ខេត្តស្វាយរៀង ដើម្បីធ្វើបុណ្យតាមប្រពៃណី។ ហើយខ្ញុំក៏សូមសំណូមពរខាង ប.ស.ស ជួយពន្លឿនផ្តល់ថវិកាដល់ក្រុមគ្រួសារសព ដើម្បីយកទៅចាត់ចែងកម្មវិធីបុណ្យ។ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយនិងក្រុមគ្រួសារសពផង…”។

គួរបញ្ជាក់ថា ករណីស្ត្រីជាកម្មការិនីខ្យល់គរស្លាប់ខាងលើនេះ បេឡាជាតិរបបសន្តិសុខ នឹងផ្តល់ប្រាក់វិភាជន៍បូជាសព ៤លានរៀល ដល់ក្រុមគ្រួសារសព និងអត្ថប្រយោជន៍ផ្សេងៗទៀត ដូចដែលមានចែងក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម។

ជាមួយគ្នានេះ សមាគមន៍អ្នកបើកបរយានយន្តដឹកកម្មករ បានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និងធ្វើកិច្ចការងារគិតពីកម្លាំងពលកម្មរបស់ខ្លួន បរិភោគអាហារឱ្យបានទៀងទាត់ និងគេងឱ្យបានគ្រប់គ្រាន់៕

RELATED ARTICLES