ខេត្តប៉ៃលិន ៖ ក្មេងស្រីម្នាក់ដែលត្រូវក្រុមគ្រួសារអះអាងថា ត្រូវមនុស្សស្រីម្នាក់ល្បួងនាំចេញពីផ្ទះបាត់ដោយគ្មានដំណឹង ពេលនេះ ត្រូវបានសមត្ថកិច្ចតាមស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់រកឃើញ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ និងបានប្រគល់ទៅឱ្យម្តាយបង្កើតនាំយកទៅផ្ទះវិញហើយ បន្ទាប់ពីក្មេងស្រីរូបនេះបានបាត់ខ្លួនចេញពីផ្ទះអស់រយៈពេល៣យប់។
យោងតាមប្រភពពីសមត្ថកិច្ចស្រុកសាលាក្រៅ បានបញ្ជាក់ប្រាប់ថា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ត្រី ចាន់ វាសនា អធិការនគរបាលស្រុកសាលាក្រៅ បានបញ្ជាឱ្យកម្លាំងជំនាញក្រោមឱវាទ ចុះធ្វើការស្រាវជ្រាវ និងរុករកភ្លាមៗ ករណីក្មេងស្រីឈ្មោះ ឆោម សុធាវី អាយុ១៥ឆ្នាំ ដែលបានបាត់ខ្លួនកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ លុះរហូតដល់វេលាម៉ោង៦ព្រលប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ទើបសមត្ថកិច្ចជំនាញបានរកឃើញក្មេងស្រីខាងលើវិញ ដោយបច្ចុប្បន្នបានធ្វើការប្រគល់ក្មេងស្រីនោះឱ្យទៅម្តាយបង្កើតរបស់នាងវិញរួចហើយផងដែរ។
យ៉ាងណាក្តី សមត្ថកិច្ចមិនបានបញ្ជាក់ឱ្យដឹងពីមូលហេតុដែលក្មេងស្រីខាងលើចេញបាត់ពីផ្ទះ និងចេញទៅជាមួយអ្នកណានោះឡើយ។
គួររំលឹកថា ក្មេងស្រីឈ្មោះឆោម សុធាវី អាយុ១៥ឆ្នាំ មុខរបរជាងអ៊ុតសក់នៅផ្សារសាលាក្រៅ មានលំនៅក្នុងភូមិលាវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ត្រូវក្រុមគ្រួសារអះអាងថា ត្រូវមនុស្សស្រីម្នាក់ល្បួងហៅឱ្យឡើងជិះម៉ូតូ រួចដឹកចេញទៅបាត់ តាំងពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។
តាមសម្តីស្ត្រីជាម្តាយក្មេងស្រីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ កូនស្រីនេះបានចេញពីផ្ទះទៅកន្លែងអ៊ុតសក់នៅផ្សារសាលាក្រៅ ដូចសព្វដង។ រហូតដល់វេលាម៉ោង១០ព្រឹកថ្ងៃដដែល ក៏មានគេឃើញកូនស្រីរបស់គាត់ បានឈរនិយាយគ្នាជាមួយមនុស្សស្រីម្នាក់មិនស្គាល់ឈ្មោះទំនងជាមិត្តភក្តិ ឬជាអ្នកស្គាល់គ្នា។ បន្ទាប់មកកូនស្រីរបស់គាត់ ក៏បានឡើងជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ជាមួយមនុស្សស្រីម្នាក់នោះចេញទៅបាត់តែម្តង មិនដឹងជាមានគោលដៅទៅណានោះទេ ហើយក៏មិនឃើញត្រឡប់មកផ្ទះវិញដែរ។
ស្ត្រីជាម្តាយបានអះអាងថា នៅពេលបាត់ខ្លួនទៅនេះ កូនស្រីរបស់គាត់មានសម្ភារៈ និងទ្រព្យសម្បត្តិជាប់ខ្លួន រួមមាន ចិញ្ចៀនចំនួន ១វង់ ខ្សែដៃចំនួន១ខ្សែ និងខ្សែកចំនួន១ខ្សែទៀតផង៕