Thursday, October 9, 2025
Homeព័ត៌មានជាតិបានឃើញមុខកូនហើយ ម្តេចឡើយព្រាត់អូន??? ពេទ្យវះកាត់សម្រាលកូនរួច ម្តាយធ្លាក់ឈាមរហូតដល់ស្លាប់

បានឃើញមុខកូនហើយ ម្តេចឡើយព្រាត់អូន??? ពេទ្យវះកាត់សម្រាលកូនរួច ម្តាយធ្លាក់ឈាមរហូតដល់ស្លាប់

ភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ ក្រោយពីឈឺពោះសម្រាល ក៏ត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅសម្រាលនៅមន្ទីរពេទ្យឯកជនមួយ លុះសម្រាលរួច ស្រាប់តែធ្លាក់ឈាមមិនឈប់ និងត្រូវគ្រូពេទ្យទាមទាវវះកាត់ស្បូនម្តងទៀត លុះវះកាត់ស្បូនរួច ស្ថានភាពស្ត្រីរងគ្រោះកាន់តែខ្សោយទៅៗ ទើបខាងមន្ទីរពេទ្យឯកជនប្រញាប់ដឹកបញ្ជូនទៅមន្ទីរពេទ្យជប៉ុន ដើម្បីសង្គ្រោះ តែអកុលស ស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម និងត្រូវក្រុមគ្រួសារចោទប្រកាន់ថា ខាងមន្ទីរពេទ្យវះកាត់បណ្តាលឱ្យស្ត្រីរងគ្រោះស្លាប់ និងមានបំណងគេចវេសមិនទទួលខុសត្រូវ តាមរយៈការបញ្ជូនអ្នកជំងឺចេញទៅខាងក្រៅ ដើម្បីផុតពីការទទួលខុសត្រូវរបស់ខ្លួន។

ស្ត្រីរងគ្រោះដែលត្រូវក្រុមគ្រួសារអះអាងថា បានស្លាប់ដោយសារតែការវះកាត់សម្រាលរបស់មន្ទីរពេទ្យឯកជននោះ មានឈ្មោះអ៊ុ ចន្ទ្រា អាយុ២៩ឆ្នាំ មានលំនៅក្នុងភូមិរកា២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកមន្ទីរពេទ្យឯកជន ដែលទទួលរងការចោទប្រកាន់ ថាបានធ្វើការវះកាត់បណ្តាលឱ្យអ្នកជំងឺស្លាប់ គឺមន្ទីរពេទ្យសម្ពពសោភា មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១២៥ សង្កាត់វាលវង់ ខណ្ឌ៧មករា។

តាមប្រភពពីក្រុមគ្រួសារសពស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ស្ត្រីរងគ្រោះមានផ្ទៃពោះកូនទី២ហើយ និងបានចូលមកសម្រាលដោយការវះកាត់នៅក្នុងមន្ទីរពេទ្យសម្ពពសោភា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨។ នៅអំឡុងពេលសម្រាលនោះ ការវះកាត់បានធ្វើឱ្យមានឈាមហូរយ៉ាងខ្លាំងមិនអាចទប់ជាប់។ ភ្លាមនោះ ខាងមន្ទីរពេទ្យសម្ពពសោភា បានអះអាងប្រាប់ក្រុមគ្រួសារអ្នកជំងឺថា បណ្តាលមកពីអ្នកជំងឺមានឈាមរាវ និងស្បូនខ្សោយ ហេតុនេះតម្រូវឱ្យមានការវះកាត់ស្បូនម្តងទៀត។ លុះក្រោយពេលវះកាត់ស្បូនរួចហើយ អ្នកជំងឺកាន់តែមានអាការៈខ្សោយទៅៗ ទើបខាងមន្ទីរពេទ្យសម្ពពសោភា ប្រញាប់បញ្ជូនស្ត្រីរងគ្រោះទៅមន្ទីរពេទ្យជប៉ុន នៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ជាបន្ទាន់។ ប៉ុន្តែអកុសល ក្រោយពេលបញ្ជូនមកមន្ទីរពេទ្យជប៉ុន រហូតដល់ម៉ោង១០ព្រឹកថ្ងៃដដែល អ្នកជំងឺក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

យ៉ាងណា ក្រុមគ្រួសារសពស្ត្រីរងគ្រោះខាងលើ បានអះអាងថា ពេលនេះខាងភាគីមន្ទីរពេទ្យសម្ភពសោភា កំពុងចរចាអំពីសំណងជូនក្រុមគ្រួសារសព ដើម្បីបញ្ចប់រឿង។

ដោយឡែកយោងតាមគណនីហ្វេសប៊ុកឈ្មោះសុខ ភក្ត្រា Sok Pheaktra ដែលគេដឹងថា ត្រូវជាប្តីរបស់ស្ត្រីរងគ្រោះ បានបង្ហោះសារជាបន្តបន្ទាប់ ក្នុងនោះនៅម៉ោង៩និង៥២ព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ម្ចាស់គណនីខាងលើបានសរសេរថា “មកដល់សម្ភពហើយ នៅចាំផ្លូវកូនស្រីកូកូ…” បន្ទាប់មក នៅម៉ោង៥និង៤៩ល្ងាចថ្ងៃដដែល ម្ចាស់គណនីបានបង្ហោះថា “សាច់ញាតិកំពុងរង់ចាំមុខបន្ទប់សម្រាល…”។

ស្រាប់តែមកដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ គណនីហ្វេសប៊ុក Sok Pheaktra បានបង្ហោះសារទុក្ខសោកមួយថា “ហេតុអ្វីប្រពន្ធថ្នាក់ហ្នឹងលោកអើយ សូមគុណបុណ្យម៉ែពុកជួយផង នេះហើយការឆ្លងទន្លេពេទ្យឯកជនស្រុកខ្មែរ ជឿហើយ…”។ បន្ទាប់មកទៀត ម្ចាស់គណនីដដែលនេះ បានបង្ហោះរូបថតសពស្ត្រីរងគ្រោះជាប្រពន្ធ រួចសរសេរថា “សូមអូនទៅកាន់សុខគតិភព សួមឱ្យជាតិក្រោយកុំឱ្យដូចជាតិនេះទៀត កូនយើងបងនឹងមើលថែឱ្យល្អ សាច់ញាតិរបស់អូន បងយកមកជាសាច់ញាតិបង្កើតបងដែរ បងសន្យាថានឹងថែរក្សាពួកគាត់តាមអ្វីដែលបងធ្វើបាន រហូតដល់ដង្ហើមចុងក្រោយរបស់បង ធ្វើម៉េចបើនិស្ស័យយើងបានត្រឹមតែប៉ុណ្ណឹង…”។

ជុំវិញករណីខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីតំណាងមន្ទីរពេទ្យសម្ភពសោភា បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។/

RELATED ARTICLES