ភ្នំពេញ ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានសម្រេចកោះហៅមន្ត្រី ចំនួន៨នាក់ ដែលក្នុងនោះ មានលោកស្នងការរងខេត្តតាកែវម្នាក់ផងដែរ មកសាកសួរក្នុងករណីស្លាប់ដោយចងករបស់ស្ត្រីស្រស់ស្អាតសោភា អ្នកស្រីចេវ សុវឌ្ឍនា កាលពីពេលថ្មីៗនេះ។
អ្នកស្រីចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ ដែលមានកូន៣នាក់ ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេកនៃផ្ទះជួលដ៏ធំរបស់ខ្លួន ក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ កន្លងទៅ ដែលករណីនេះក្រោយកើតហេតុភ្លាមៗត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា មានវិបត្តិស្នេហា។ ប៉ុន្តែប្រភពព័ត៌មានសេចក្តីរាយការណ៍ និងមជ្ឈដ្ឋានមួយចំនួន បានដាក់ការសង្ស័យថា ករណីនេះស្ថិតនៅក្នុងវាំងននខ្មៅ ដោយភាគរយខ្ពស់បំផុត គេជឿថា ស្ត្រីរងគ្រោះមិនបានចងកសម្លាប់ខ្លួនដោយចិត្តឯងនោះឡើយ។ ហេតុនេះហើយ ទើបមន្ត្រីនគរបាលខេត្តតាកែវ ចំនួន៨នាក់ ក្នុងនោះមានទាំងមន្ត្រីនគរបាលជាន់ខ្ពស់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជាពិសេស ស្នងការរង លោកឡាយ ណារិទ្ធ ជាបងបង្កើតរបស់លោកឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដែលត្រូវបានប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែង កាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ហៅមកសួរនាំ កាលពីល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា គេហៅមកសាកសួរ ដើម្បីពិនិត្យពាក់ព័ន្ធនឹងកន្លែងកើតហេតុឡើងវិញ ទាំងអស់៨នាក់ មានទាំងស្នងការរងម្នាក់ផងដែរ។
ប្រភពបានឱ្យដឹងថា លោកស្នងការរង និងមន្ត្រីនគរបាលខេត្តតាកែវ ដែលអគ្គស្នងការនគរបាលជាតិសាកសួរនេះ មិនទាន់អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះនៅឡើយទេ។
លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលស្គាល់រឿងកោះហៅនេះ ក៏ប៉ុន្តែមិនទាន់បញ្ជាក់លម្អិតពីលទ្ធផលនៃការសាកសួរនេះនៅឡើយ។
ដោយឡែក លោកសួន ផុន ស្នងការរងនគរបាលខេត្តតាកែវ ទទួលផ្នែកព្រហ្មទណ្ឌ ដែលបានកាន់សំណុំរឿងអត្តឃាតចងករបស់ស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា នោះ និងលោកជីវ ចន្ទដារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ដែលបានដឹកនាំស៊ើអង្កេតករណីនេះ មិនអាចទាក់ទងធ្វើអត្ថាធិប្បាយជុំវិញករណីអគ្គស្នងការ កោះហៅស្នងការរងនគរបាលខេត្តតាកែវ មកសួរនេះបានទេ កាលពីម្សិល។
គួររំលឹកថា កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ មានករណីចងកសម្លាប់ខ្លួនមួយ បានកើតឡើងនៅចំណុចផ្ទះជួល ក្នុងភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ដោយស្ត្រីមេម៉ាយរូបស្រស់ឈ្មោះចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ ជាមន្ត្រីបម្រើការនៅរដ្ឋសភា ហើយក៏ជាសមាជិកមួយរូបនៅក្នុងក្រុមយុវជនគណបក្សប្រជាជនកម្ពុជា លើការងារពង្រីកចលនាយុវជននៅក្រៅប្រទេសផងដែរនោះ បានចងកបញ្ចប់ជីវិតនៅក្នុងផ្ទះ ដោយបន្សល់ទុកកូនៗ៣នាក់ ឱ្យក្លាយជាក្មេងកំព្រា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានសម្ងំនៅក្នុងបន្ទប់ក្នុងផ្ទះយ៉ាងយូរ ពោលគឺតាំងពីថ្ងៃរសៀល។ រហូតដល់ល្ងាចឡើង ដោយមានការសង្ស័យ ទើបអ្នកបម្រើក្នុងផ្ទះបានដើរទៅគោះទ្វារហៅ តែមិនឮសូរមាត់ឆ្លើយតប ទើបបើកទ្វារចូលទៅមើល ក៏ប្រទះឃើញស្ត្រីរងគ្រោះបានចងកស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យដល់ទីតាំងកើតហេតុ និងបានធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែពណ៌ស ចងកភ្ជាប់នឹងចម្រឹងដែកវាំងននជាប់មាត់បង្អួច។ ជាមួយនេះ នៅក្នុងបន្ទប់ដែលស្ត្រីរងគ្រោះចងកសម្លាប់ខ្លួន សមត្ថកិច្ចបានរកឃើញសំបុត្រ១ច្បាប់ ដែលក្នុងខ្លឹមសារបានសរសេររៀបរាប់ពីទុក្ខសោករឿងស្នេហ៍។
លោកឆាយ សាវុធ អធិការនគរបាលក្រុងដូនកែវ បានបញ្ជាក់ប្រាប់ថា ស្ត្រីរងគ្រោះឈ្មោះចេវ សុវឌ្ឍនា ពិតជាបានចងកធ្វើអត្តឃាតមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។ ចំណែកមូលហេតុ សមត្ថកិច្ចនៅមិនទាន់ដឹងច្បាស់នៅឡើយ ប៉ុន្តែនៅក្នុងបន្ទប់ធ្វើអត្តឃាតនោះ សមត្ថកិច្ចបានរកឃើញសំបុត្រមួយច្បាប់ ដែលស្ត្រីរងគ្រោះបន្សល់ទុក និងបានសរសេររៀបរាប់ពីវិបត្តិស្នេហ៍របស់ខ្លួន ដែលនាំឱ្យសមត្ថកិច្ចសន្និដ្ឋានថា ការធ្វើអត្តឃាតនេះ អាចបណ្តាលមកពីវិបត្តិស្នេហា ឬស្នេហាត្រីកោណ ជាដើម។
ដោយឡែក លោកខៀវ សាមុត អធិការរងនគរបាលទទួលផែនព្រហ្មទណ្ឌក្រុងដូនកែវ បានអះអាងថា ស្ត្រីរងគ្រោះឈ្មោះចេវ សុវឌ្ឍនា មានកូន៣នាក់ តែបច្ចុប្បន្នកំពុងស្នាក់នៅជាមួយជីដូននៅឯរាជធានីភ្នំពេញ។ ចំណែកស្ត្រីរងគ្រោះមកជួលផ្ទះកន្លែងកើតហេតុ នៅក្រុងដូនកែវ ដើម្បីស្នាក់នៅ និងធ្វើអាជីវកម្មអស់ជាច្រើនឆ្នាំមកហើយ ហើយសព្វថ្ងៃ គេក៏មិនដែលឃើញស្ត្រីរងគ្រោះចេញទៅណាមកណាជាមួយស្វាមីនោះដែរ ជាហេតុនាំឱ្យមានការសន្និដ្ឋានថា ស្ត្រីរងគ្រោះរូបនេះ គឺជាស្ត្រីមេម៉ាយ។
យ៉ាងណា មរណភាពអ្នកស្រីចេវ សុវឌ្ឍនា ត្រូវបានសាច់ញាតិ និងមហាជនដាក់សង្ស័យថា មិនមែនជាករណីអត្តឃាតឡើយ ព្រោះស្ថានភាពស្លាប់បង្កប់នូវចំណុចគួរឱ្យសង្ស័យ ព្រោះនៅក្បែរសពស្ត្រីរូបនេះ មិនមានកៅអីដើម្បីឡើងចងក ហើយស្ត្រីនោះក៏បានយកដៃកាន់ខ្សែចងកថែមទៀត ហាក់ដូចជាប្រឹងរើបម្រះ មុននឹងស្លាប់។ ចំណែកនៅលើករបស់សព ក៏មានស្នាមម្រាមដៃផងដែរ។ ប៉ុន្តែនៅក្នុងរបាយការណ៍នគរបាលក្រុងដូនកែវ បានរៀបរាប់ថា ស្ត្រីរងគ្រោះ ចេវ សុវឌ្ឍនា បានយកខ្សែវាំងននបង្អួចចងកសម្លាប់ខ្លួនក្នុងកម្ពស់ ពីកម្រាលឥដ្ឋ ២៤០សង់ទីម៉ែត្រ ពីចុងជើង មកកម្រាលឥដ្ឋ ២០សង់ទីម៉ែត្រ។ ចំណែកមូលហេតុនាំឱ្យចងកសម្លាប់ខ្លួននេះ ត្រូវបានមន្ត្រីនគរបាល អះអាងថា ជាករណីវិបត្តិស្នេហា ដោយយោងតាមរយៈសំបុត្រមួយច្បាប់រហែក ជា២ចំណែក ដែលគេអះអាងថា រកឃើញនៅក្នុងកាបូបយួរដៃរបស់ស្ត្រីរងគ្រោះ តែរឿងសំបុត្រនេះ ប្រភពខ្លះថា មិនដឹងចេញពីណាទេ៕