Thursday, October 9, 2025
Homeព័ត៌មានជាតិប្តីទាញដាវដេញកាប់សមត្ថកិច្ច ខឹងចូលឃាត់ ពេលកំពុងផ្ទុះជម្លោះជាមួយប្រពន្ធ

ប្តីទាញដាវដេញកាប់សមត្ថកិច្ច ខឹងចូលឃាត់ ពេលកំពុងផ្ទុះជម្លោះជាមួយប្រពន្ធ

ភ្នំពេញ ៖ បុរសជាប្តីម្នាក់ក្រោយពីផឹកស្រាស្រវឹងជោកជាំ ត្រឡប់មកដល់ផ្ទះវិញ បានរករឿងឈ្លោះជាមួយប្រពន្ធបែកផ្សែង ផ្អើលដល់អ្នកជិតខាង ខ្លាចកើតមានអំពើហិង្សា ក៏បានរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច លុះគ្រាន់តែឃើញសមត្ថកិច្ចចុះមកដល់ ស្រាប់តែបុរសជាប្តីចិត្តកំណាចបានស្ទុះទៅទាញដាវដេញកាប់សមត្ថកិច្ចទាំងកំរោល តែចុងក្រោយរអិលជើងដួលជ្រុះដាវពីដៃ ក៏ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ នាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍ប្តីស្រវឹងស្រារករឿងប្រពន្ធ លុះសមត្ថកិច្ចចុះជួយអន្តរាគមន៍ បែរជាទាញដាវដេញកាប់សមត្ថកិច្ចទៀតនោះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៥០នាទីល្ងាច  ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្បែររោងចក្រកាត់ដេរ ឃ្យូអឹមអាយ (QMI) ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសកំណាចជាប្តី មានឈ្មោះសូ ឡេងហុង អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះម៉េង ចាន់តេង អាយុ៣២ឆ្នាំ។ ប្តីប្រពន្ធអ្នកទាំងពីរស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនបង្កជាប្តីមិនដឹងជាទើបនឹងត្រឡប់មកពីផឹកស៊ីនៅឯណា ស្ថិតក្នុងសភាពស្រវឹងអួទីនួ បានមករករឿងឈ្លោះប្រកែកជាមួយប្រពន្ធ រហូតកើតជាជម្លោះតឹងសរសៃកដាក់គ្នា ជាហេតុធ្វើឱ្យអ្នកជិតខាងខ្លាចបុរសជាប្តីប្រើអំពើហ្សិាទៅលើស្ត្រីជាប្រពន្ធ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍។

ប្រភពដដែលបន្តថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម គេឃើញកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅ បានចុះមកដល់ទីតាំងកើតហេតុភ្លាមៗដែរ លុះគ្រាន់តែឃើញសមត្ថកិច្ចចុះមកដល់ភ្លាម ជនបង្កហេតុជាប្តីចិត្តកំណាចបានស្ទុះទៅទាញដាវប្រវែងជាង១ម៉ែត្រ មានមុខច្រែះចាប់ រត់ទៅដេញកាប់សមត្ថកិច្ចទាំងកំរោល។ ភ្លាមនោះ សមត្ថកិច្ចក៏មិនបានតបតអ្វីឡើយ ដោយព្យាយាមគេចពីជនបង្កហេតុសិន ស្រាប់តែជនបង្កនៅតែរត់ដេញតាមរកកាប់សមត្ថកិច្ចទៀត រហូតដល់ភ្លាត់ជើងដួលជ្រុះដាវពីដៃ ទើបសមត្ថកិច្ចបានចូលទៅចាប់ឃាត់ខ្លួនជនសង្ស័យជាប់ ព្រមទាំងដកហូតយកដាវ១ដើមទៀតផង។

ក្រោយឃាត់ខ្លួនជនបង្កហេតុខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅ មុននឹងត្រូវសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES