Thursday, October 9, 2025
Homeព័ត៌មានជាតិឧស្សាហ៍ផ្ទុះជម្លោះនឹងគ្នា!!! បងថ្លៃគុំក្នុងចិត្ត មានឱកាសល្អទាញក្តារវាយប្អូនថ្លៃស្លាប់

ឧស្សាហ៍ផ្ទុះជម្លោះនឹងគ្នា!!! បងថ្លៃគុំក្នុងចិត្ត មានឱកាសល្អទាញក្តារវាយប្អូនថ្លៃស្លាប់

ខេត្តកោះកុង ៖ បុរស២នាក់ត្រូវជាសាច់ថ្លៃនឹងគ្នា រស់នៅផ្ទះជាមួយគ្នា ប៉ុន្តែមិនសូវចុះសម្រុងនឹងគ្នាសោះ ឧស្សាហ៍កើតមានជម្លោះជាញឹកញាប់ រហូតធ្វើឱ្យភាគីបងថ្លៃចងគំនុំទុកក្នុងចិត្ត លុះមានឱកាសល្អ ឃើញប្អូនថ្លៃកំពុងអង្គុយនៅខាងមុខផ្ទះតែម្នាក់ឯង ក៏ទាញក្តារសម្រាប់បោកខោអាវវាយសំពងទៅលើប្អូនថ្លៃចំចិញ្ចើម បណ្តាលឱ្យស្លាប់នៅនឹងកន្លែង ចំណែកជនដៃដល់ជាឃាតករបានរត់គេចខ្លួនបាត់ស្រមោល។

ករណីឃាតកម្មបងថ្លៃវ៉ៃសម្លាប់ប្អូនថ្លៃនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល។

ជនដៃដល់ជាឃាតករ មានឈ្មោះកើត វ៉ាត អាយុ៥៤ឆ្នាំ មុខរបរធ្វើចម្ការ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះពេជ្រ គា អាយុ៤៣ឆ្នាំ មានប្រពន្ធឈ្មោះណៃ វ៉េន អាយុ៤៦ឆ្នាំ និងមានកូន៤នាក់ក្នុងបន្ទុក មានស្រុកកំណើតនៅភូមិសិលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង សព្វថ្ងៃស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា រវាងជនរងគ្រោះនិងជនដៃដល់ជាឃាតករ ត្រូវជាសាច់ថ្លៃនឹងគ្នា ហើយរស់នៅផ្ទះជាមួយគ្នាទៀតផង ប៉ុន្តែអ្នកទាំង២ ហាក់មិនសូវស៊ីខ្សែគ្នាសោះ ចេះតែកើតមានជម្លោះពាក្យសម្តីនឹងគ្នាជាញឹកញាប់ រហូតដល់មើលមុខគ្នាមិនត្រង់ និងតមមាត់តមសម្តីគ្នាទៀតផង។

ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះនិងជនដៃដល់ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាសារជាថ្មីម្តងទៀត និងបានបោះពាក្យសម្តីឌឺដងដាក់គ្នាទៀតផង រហូតដល់ជនដៃដល់ជាបងថ្លៃទប់កំហឹងមិនបាន ណាមួយឃើញឱកាសល្អ ខណៈដែលជនរងគ្រោះជាប្អូនថ្លៃកំពុងអង្គុយនៅខាងមុខផ្ទះតែម្នាក់ឯង ក៏ទាញក្តារសម្រាប់បោកខោអាវ ស្ទុះទៅវាយជនរងគ្រោះចំចិញ្ចើមខាងឆ្វេង បណ្តាលឱ្យបែកចិញ្ចើមដួលស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពីធ្វើសកម្មភាពរួចហើយ ជនដៃដល់ជាបងថ្លៃបានរត់គេចខ្លួនបាត់ស្រមោល។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ រួចប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ជុំវិញករណីឃាតកម្មខាងលើនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល និងកម្លាំងប៉ុស្តិ៍ បានចុះធ្វើការស្រាវជ្រាវតាមស្វែងរកចាប់ខ្លួនជនដៃដល់ជាឃាតករ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES