Thursday, October 9, 2025
Homeព័ត៌មានជាតិអាណោចអាធ័មណាស់!!! ជាងផ្សារដែកដាក់រន្ទាឡើងជាន់ទី៧ បាក់ធ្លាក់ជុងដែកស្លាប់

អាណោចអាធ័មណាស់!!! ជាងផ្សារដែកដាក់រន្ទាឡើងជាន់ទី៧ បាក់ធ្លាក់ជុងដែកស្លាប់

ភ្នំពេញ ៖ យុវជនជាជាងផ្សារដែកម្នាក់បានឡើងលើរន្ទាកម្ពស់៧ជាន់ ដើម្បីបាញ់វីសចាប់ស័ង្កសីបាំងជញ្ជាំងឃ្លាំង ស្រាប់តែអកុសល រន្ទាបានបាក់ បណ្តាលឱ្យធ្លាក់ជនរងគ្រោះចុះមកដីជុងនឹងចំរឹងដែក បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្នុងការដ្ឋានធ្វើឃ្លាំងដ៏ធំមួយកន្លែង ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ។

យុវជនរងគ្រោះដែលធ្លាក់ពីលើរន្ទាជុងដែកស្លាប់យ៉ាងអាណោចអាធ័ម មានឈ្មោះផល ភារ៉ា អាយុ២១ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិព្រែកប្រា ឃុំព្រែកប្ញស្សី ស្រុកល្វាឯម ខេត្តកណ្តាល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ រួមជាមួយនឹងជាងផ្សារដែកជាច្រើននាក់ទៀត កំពុងរៀបចំដាក់រន្ទាកំពស់៧ជាន់ ដើម្បីឡើងបាញ់វីសចាប់ស័ង្កសី ដើម្បីបាំងជញ្ជាំងឃ្លាំង។ បន្ទាប់មក ជនរងគ្រោះរួមនិងជាងម្នាក់ទៀត បាននាំគ្នាឡើងទៅលើរន្ទាដើម្បីបាញ់វីសចាប់ស័ង្កសីបាំងជញ្ជាំង ស្រាប់តែពេលកំពុងធ្វើការបានបន្តិច មិនដឹងជាយ៉ាងម៉េច រន្ទាដែកនៅខាងជើងបានបាក់ ទើបធ្វើឱ្យជនរងគ្រោះធ្លាក់ពីលើរន្ទាមកដី ជុងចំចំរឹងដែក បណ្តាលឱ្យស្លាប់នៅនឹងកន្លែងគួរឱ្យសង្វេគ ចំណែកជាងម្នាក់ទៀត សំណាងល្អ គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។

តាមប្រភពពីអ្នករួមការងារជាមួយជនរងគ្រោះ បានឱ្យដឹងថា មូលហេតុដែលបាក់រន្ទាដែក គឺអាចមកពីការរៀបរន្ទាឡើងខ្ពស់ខ្លាំងពេក ដល់ទៅ៧ជាន់ លុះពេលជនរងគ្រោះឡើងទៅលើរន្ទា បន្ថែមទំងន់ពីលើទៀត ទើបធ្វើឱ្យជើងរន្ទាខាងក្រោមទប់មិនជាប់ក៏បាក់ បណ្តាលឱ្យធ្លាក់ជនរងគ្រោះមកជុងនឹងដែកស្លាប់យ៉ាងអាណោចអាធ័មបែបនេះតែម្តង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចចុះពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារគ្រោះថ្នាក់ការងារប្រាកដមែន ដោយបាក់រន្ទាធ្លាក់ជុងនឹងដែកស្លាប់។ បន្ទាប់មក សមត្ថកិច្ចក៏បានប្រគល់សាកសពទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES