ម្ចាស់ពាន The Voice Cambodia រដូវកាលទី១ របស់ក្រុមហ៊ុនហង្សមាស ដែលត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ និងបានដោះលែងវិញនៅថ្ងៃដដែល ពាក់ព័ន្ធគ្រឿងញៀននោះបានខកខានឱកាសចេញទៅច្រៀងសម្ដែងនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែមីនា ជាមួយតារាចម្រៀងម្ចាស់បទ ”មាន់ស្រែ” កញ្ញារ៉ាប៊ី ព្រោះទូតអាមេរិក មិនឲ្យវីសា និងតម្រូវឲ្យអ្នកចម្រៀងរូបនេះរៀបចំឯកសារជាថ្មីម្ដងទៀត។យ៉ាងណា តារាចម្រៀងប៊ុត សីហា បានប្រាប់អ្នកយកព័ត៌មានយើងកាលពីពេលថ្មីៗនេះថា រូបគេបានទៅពិនិត្យមើលទឹកនោមហើយ ដើម្បីជាការបញ្ជាក់ថា គ្មានគ្រឿងញៀនដូចគេចោទលើខ្លួនឡើយ ដែលមានទាំងឯកសារសំអាងពីគ្រូពេទ្យទៀតផង តែការទៅពិនិត្យទឹកនោមរបស់សីហា ដោយពន្យារពេលរហូតដល់ទៅ១ខែទៀតនោះ ត្រូវបានទស្សនិកជនជាច្រើនរិះគន់លើអ្នកចម្រៀងរូបនេះថាបានពន្យាពេល យឺតយ៉ាវហួស ដើម្បីឲ្យដឹងសខ្មៅនោះ ស្របពេលដែលតារាចម្រៀងម៉ៃ សុគន្ធ បានវាយប្រហារសីហា កាន់តែស្ពឹកមុខថា អ្នកចម្រៀងរូបនេះចង់បំភ័ន្តភ្នែកគេ ព្រោះថាធម្មតាការសេពគ្រឿងញៀន៣ទៅ៥ថ្ងៃ ក្រោយមកការតេស្ដរកក្នុងទឹកនោមមិនឃើញឡើយ អីចឹងបើសីហា ចិត្តសឿងទៅពិនិត្យឈាមវិញ ទើបគេហៅថាកូនប្រុស ព្រោះថាជោះភ្លាមដឹងការពិតភ្លាម។
ប៊ុត សីហា ស្ងាត់មាត់ដូចគេចុក ក្រោយពេលដែលត្រូវម៉ៃ សុគន្ធ ដាក់ធ្ងន់ៗបែបនេះ ហើយសីហា ដែលសង្ឃឹមថា រូបគេនឹងអាចចេញទៅច្រៀងសម្ដែងនៅអាមេរិក បានវិញ ក្រោយកញ្ញារ៉ាប៊ី ១សប្ដាហ៍នោះ មកដល់ពេលនេះ សីហា នៅតែគាំងវីសា មិនអាចចេញទៅបានឡើយ ហើយសូម្បីតែលេខទូរស័ព្ទទាំង២ប្រព័ន្ធរបស់អ្នចម្រៀងរូបនេះក៏ត្រូវបានបិទទាំង២ប្រព័ន្ធដែរ ។
កញ្ញារ៉ាប៊ី ដែលបានចេញទៅច្រៀងសម្ដែងនៅសហរដ្ឋអាមេរិក តាំងពីថ្ងៃទី១៥ ខែមីនា នោះ បានប្រាប់តាមឆាតថា ”ខ្ញុំមិនទាន់ដឹងរឿងថា បងប៊ុត សីហា បានមកអាមេរិកវិញនោះទេ តែឮថាគេឲ្យរៀបចំឯកសារ សាជាថ្មី ឥឡូវអត់ដឹងម៉េចផង”។
សំណួររបស់មហាជនបានលើកឡើងនៅពេលនេះថា តើអតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស ប៊ុត សីហា នឹងអាចមានវាសនាដូចអតីតតារាចម្រៀងរស្មីស្ទឹងសង្កែ លោកសាន ផានិត ឬយ៉ាងណា?
ការប៉ះរឿងអាស្រូវទាក់ទងនឹងការសេពគ្រឿងញៀនរបស់តារាចម្រៀងប៊ុត សីហា នៅពេលនេះ បើទោះជារូបគេថាជាភ្នាក់ងារសម្ងាត់របស់អង្គភាពប្រឆាំងគ្រឿងញៀនក្ដី តែមិនអាចលាងជម្រះរឿងអាស្រូវនេះបានទេ ហើយការដែលទូតអាមេរិក មិនឲ្យសីហាចេញទៅច្រៀងសម្ដែងនោះ រឹតតែធ្វើឲ្យអតីតម្ចាស់ពាន The Voice Cambodia រដូវកាលទី១នេះ ងើបមុខសឹងតែមិនរួចឡើយ ព្រោះថាសីហា ក៏នឹងមិនអាចចេញទៅច្រៀងសម្ដែងនៅប្រទេសផ្សេងៗទៀតបានដូចគ្នាដែរ ប្រសិនបើករណីនៃការប្រើប្រាស់គ្រឿងញៀននេះ នៅតែមិនទាន់ត្រូវបានសីហា បញ្ជាក់ការពិតថា រូបគេមិនពាក់ព័ន្ធ។
មហាជនជាច្រើនបានលើកឡើងថា រឿងរ៉ាវរបស់ប៊ុត សីហា ដែលអស់ទាំងតំណែងនៅផលិតកម្មរស្មីហង្សមាស និងបាត់បង់ឱកាសចេញទៅច្រៀងសម្ដែងនៅក្រៅស្រុកនេះ គឺហាក់មិនខុសគ្នាទៅនឹងអតីតតារាចម្រៀងផលិតកម្មរស្មីស្ទឹងសង្កែ លោកសាន ផានិត ឡើយ។ សាន ផានិត ដែលចេញមកដំបូងចង់ខ្លាំងជាងព្រាប សុវត្ថិ ទៀត ព្រោះជាតារាចម្រៀងផង ជាសាស្រ្ដាចារ្យបង្រៀនភាសាអង់គ្លេសផងនោះ ត្រូវធ្លាក់ដលចំណុចសូន្យ ក្រោយពីអ្នកចម្រៀងរូបនេះបានយកគ្រឿងញៀនជាមិត្ត រហូតដល់វង្វេងវង្វាន់ដើរចូលស្ថានទូតបរទេសតែម្នាក់ឯង រហូតដល់ត្រូវសន្ដិសុខចាប់ខ្លួនចេញនោះ។ ទោះជាយ៉ាងណា ពេលនេះ សាន ផានិត ដែលប្រកាសថា ឈប់ប្រើប្រាស់គ្រឿងញៀនទៀតនោះ ហាក់ងើបបានតិចៗឡើងវិញ ក្រោយពីការប្រពន្ធថ្មីនៅក្រុងតាខ្មៅ ហើយពេលនេះត្រូវថៅកែក្លឹបកម្សាន្ដមួយបានអនុញ្ញាតឲ្យច្រៀងជាមួយអ្នកចម្រៀងល្បីៗផ្សេងៗទៀតនោះ។
ប្រភពបានឲ្យដឹងថា តាមរយៈការជាប់ពាន The Voice Cambodia នៅហង្សមាសនោះ ប៊ុត សីហា នៅតែអាចងើបឡើងសារជាថ្មីមិនខាន ប្រសិនបើអ្នកចម្រៀងរូបនេះកែខ្លួន ព្រោះថាមានផលិតកម្មមួយចំនួននៅតែចង់ផ្ដល់ឱកាសឲ្យសីហា ចាប់ផ្ដើមកែខ្លួនជាថ្មី ហើយពួកគេនឹងទទួលយកឲ្យចូលច្រៀង ក្រោយពេលដែលហង្សមាស បានបោះបង់និងកាត់កាលភ្លាមៗ ក្រោយពីប៉ះរឿងសេពគ្រឿងញៀននោះ។
មហាជនមួយចំនួនទៀតបានលើកឡើងថា ហង្សមាស ហាក់ជាន់ពន្លិចសីហា ពិបាកក្នុងការស្ដារមុខមាត់សារជាថ្មីបានណាស់ ហើយរឿងនេះហាក់ដូចជាអយុត្តិធម៌ដែរ សម្រាប់សីហា ព្រោះថាតុលាការមិនទាន់កាត់ទោសរូបគេឲ្យមានទោស និងធ្វើការចោទប្រកាន់លើអ្នកចម្រៀងនេះជាផ្លូវការឡើយ។
ហ្វេសបុកមួយដែលមានគណនេយ្យថា “ដាបែកស្លុយ” នោះបានបញ្ចញយោបល់លើរឿងហង្សមាស ជាន់ប៊ុត សីហា កប់ៗនោះ ដោយលើកឡើងថា ”ការកាត់ទោសទៅលើសីហា របស់ហង្សមាស ពាក់ព័ន្ធគ្រឿងញៀន ដោយថាទោះជាកែខ្លួនវិញ ក៏មិនព្រមឲ្យធ្វើជាតារាហង្សមាស ទៀតជាដាច់ខាតនោះ គឺហាក់ដូចជា ”កាត់ទោសសេកស្មើទោសខ្លាអីចឹង”។ ការថ្លែងបែបនេះដោយសារគណនីហ្វេសប៊ុកមួយនោះ យល់ថា ”សេកគ្រាន់តែលួចស៊ីស្រូវអ្នកស្រុកក្នុងភូមិ តែត្រូវមានទោសស្មើខ្លាស៊ីមនុស្សមួយភូមិដែរ…”។ ប៉ុន្ដែគណនីហ្វេសប៊ុកនោះនិយាយថា លោកមិនបានការពារអ្នកប្រើប្រាស់គ្រឿងញៀននោះទេ ៕