ភ្នំពេញ ៖ បុរសជាប្តីចិត្តកំណាចឃោរឃៅដែលផឹកស្រាស្រវឹងបង្ករឿងឈ្លោះប្រកែក ប្រើកណ្តាប់ដៃវ៉ៃប្រពន្ធបណ្តាលឱ្យហើមមុខជាំភ្នែក រងរបួសធ្ងន់ នៅចំណុចភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ ត្រូវបានលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងព្រហ្មទណ្ឌចុះស្រាវជ្រាវឃាត់ខ្លួន កាលពីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨។
បុរសជាប្តីកំណាចដែលវាយដំប្រពន្ធរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសរ ចន្នីរឹទ្ធ អាយុ៣២ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនលក់ប្រេងម៉ាស៊ីនលីឃ្វីម៉ូលី។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះឆេង សុខរ៉ា អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកធនាគារ។ ទាំងពីរនាក់ប្តីប្រពន្ធខាងលើ ស្នាក់នៅផ្ទះលេខ៦៣ដេ ផ្លូវ៥៣បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
គួររំលឹកថា កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ មានករណីហិង្សាក្នុងគ្រួសារដ៏ព្រៃផ្សៃមួយ បានកើតឡើងដោយស្ត្រីរងគ្រោះម្នាក់ត្រូវបានប្តីចិត្តកំណាច រួមនិងក្រុមគ្រួសារខាងប្តីវាយធ្វើបាបយ៉ាងធ្ងន់ធ្ងរ រហូតដល់ប្រឈមនឹងពិការភ្នែកម្ខាង។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនដៃដល់ជាប្តី ក្រៅពីម៉ោងធ្វើការតែងដីរលេងផឹកស៊ី និងមានស្រីញីស្ទើររាល់យប់ ប៉ុន្តែស្ត្រីរងគ្រោះជាប្រពន្ធមិនដែលសួរនាំ ឫរករឿងម្តងណាឡើយ។ រហូតមកដល់វេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ជនដៃដល់ជាប្តី ទើបនឹងត្រឡប់មកពីផឹកស៊ីស្រវឹងអួទីនួ លុះមកដល់ផ្ទះ ក៏ចេះតែរអ៊ូរទាំខ្លាំងៗតែម្នាក់ឯង ទើបស្ត្រីរងគ្រោះបានសួរទៅប្តីថា តើបងមានរឿអីជាមួយអ្នកណា? គ្រាន់តែឮប្រពន្ធសួរប៉ុណ្ណឹង ស្រាប់តែជនដៃដល់បានជេរប្រពន្ធថា “មីចុយម៉្រាយ កុំចេះដឹងរឿងអញ ប្រយ័ត្នអញយកកាំបិតអារកចោល” ពេលនោះប្រពន្ធក៏បានតបវិញថា “គ្រាន់ខ្ញុំសួរប៉ុណ្ណឹង ហេតុអីចាំបាច់ជេរដល់ម្តាយខ្ញុំ ម្តាយខ្ញុំមិននៅជាមួយអ្នកឯងឯណា ក្រែងសព្វថ្ងៃហ្នឹង ខ្ញុំរស់នៅជាមួយម្តាយអ្នកឯងតើ?” ភ្លាមនោះ ជនដៃដល់បានស្រែកថា “មីង៉ែងហ៊ានជេរម្តាយយើងផង” រួចក៏ស្ទុះទៅវាយប្រពន្ធបីបួនដៃ និងចាប់បោចសក់ខ្ទប់ជញ្ជាំងទាត់ និងលោតធាក់នាង រហូតបែកឈាមពេញភ្នែក ធ្វើឱ្យស្ត្រីរងគ្រោះស្រែកឆោឡោផ្អើលអ្នកជិតខាង ទើបប្តីកំណាចព្រមបញ្ឈប់សកម្មភាព។
ប្រភពដដែលបន្តថា នៅអំឡុងពេលដែលបុរសជាប្តីវាយប្រពន្ធនោះ គេឃើញក្រុមគ្រួសារខាងប្តីបានឃើញ និងនាំគ្នាឈរមើលគ្រប់គ្នា ប៉ុន្តែគ្មានអ្នកណាម្នាក់ចេញមុខជួយឃាត់នោះទេ ផ្ទុយទៅវិញម្តាយក្មេករបស់ស្ត្រីរងគ្រោះថែមទាំងកាន់ជើងកូនប្រុសបង្កើតរបស់ខ្លួន និងបានវាយកូនប្រសាថែមទៀតផង។
ក្រោយកើតហេតុ បានប្រមាណ១ម៉ោង ស្ត្រីរងគ្រោះបានពឹងឱ្យអ្នកជិតខាងជួយជូនទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងទំពុន ប៉ុន្តែសមត្ថកិច្ចបានត្រឹមតែទទួលពាក្យបណ្តឹង និងថតរូបស្លាកស្នាមរបួសរបស់ស្ត្រីរងគ្រោះប៉ុណ្ណោះ រួចទុកចោលដោយគ្មានដំណោះស្រាយ និងគ្មានការអន្តរាគមន៍អ្វីទាំងអស់។
ប្រភពខាងលើបញ្ជាក់ថា រំលងបាន១ថ្ងៃ ស្ត្រីរងគ្រោះជាប្រពន្ធបានធ្វើដំណើរទៅរកម្តាយបង្កើតរបស់ខ្លួននៅខេត្តកំពង់ចាម ហើយក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងទៅតុលាការតែម្តង ព្រោះតែមិនអាចពឹងផ្អែកលើសមត្ថកិច្ចមូលដ្ឋានបាន។
ក្រោយពីទទួលបានដំណឹងស្តីពីករណីអំពើហិង្សាដ៏ឃោរឃៅខាងលើ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាឱ្យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យជាប្តីចិត្តកំណាចជាបន្ទាន់ ដើម្បីផ្តល់យុត្តិធម៌ជូនស្ត្រីរងគ្រោះ។
ជនដៃដល់ជាប្តីចិត្តកំណាចខាងលើ កំពុងត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕