Friday, October 10, 2025
Homeព័ត៌មានជាតិអាករសម្លាប់ប្រពន្ធនិងកូន២នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ប្តីចុងកំណាចរត់បាត់ស្រមោល

អាករសម្លាប់ប្រពន្ធនិងកូន២នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ប្តីចុងកំណាចរត់បាត់ស្រមោល

ខេត្តត្បូងឃ្មុំ ៖ បុរសជាប្តីចុងចិត្តកំណាចឃោរឃៅម្នាក់ មិនដឹងជាមានជម្លោះផ្ទៃក្នុងគ្រួសាររឿងអ្វី ក៏ឈានដល់ការប្រព្រឹត្តអំពើឃាតកម្មយ៉ាងសាហាវព្រៃផ្សៃ  ដោយធ្វើសកម្មភាពអារកសម្លាប់ប្រពន្ធ រួចកាប់កូនប្រុសចំនួន២នាក់ បណ្តាលឱ្យដេកស្លាប់ក្នុងថ្លុកឈាមនៅលើផ្ទះ រួចរត់គេចខ្លួនបាត់ស្រមោល រហូតដល់សាច់ញាតិស្ត្រីរងគ្រោះយកម្ហូបមកឱ្យឃើញផ្ទះស្ងាត់ឈឹង ក៏ឡើងទៅមើលនៅលើផ្ទះ ស្រាប់តែប្រទះឃើញសាកសព ៣នាក់ម្តាយកូនដេកស្លាប់យ៉ាងរន្ធត់។

ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ។

ជនសង្ស័យជាឃាតករដៃឆៅដែលចាប់អារកប្រពន្ធ រួចកាប់កូនប្រុស២នាក់បណ្តាលឱ្យស្លាប់ មានឈ្មោះជ្រាំង ភូ អាយុ៤៨ឆ្នាំ ត្រូវជាប្តីចុងរបស់ស្ត្រីរងគ្រោះ មានស្រុកកំណើតនៅភូមិអកមួល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង (កំពុងរត់គេចខ្លួន)។ ចំណែកជនរងគ្រោះទាំង៣នាក់ម្តាយកូន ដែលត្រូវឃាតករចិត្តព្រៃផ្សៃកាប់សម្លាប់យ៉ាងឃោរឃៅ រួមមាន ទី១-ឈ្មោះឃាន សុខលាន ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ត្រូវជាប្រពន្ធជនសង្ស័យជាឃាតករ និងត្រូវជាម្តាយរបស់ក្មេងប្រុសរងគ្រោះទាំង២នាក់ ទី២-ឈ្មោះធឿន វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស និងទី៣-ឈ្មោះធឿន ធារី  ភេទប្រុស អាយុ១១ឆ្នាំ មុខរបរសិស្ស។ ជនរងគ្រោះទាំង៣នាក់ម្តាយកូន មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០១ ខែមេសា  ឆ្នាំ២០១៨ មានស្ត្រីម្នាក់ឈ្មោះសេង នាង អាយុ៤៥ឆ្នាំ រស់នៅភូមិរើល ឃុំដូនតី ស្រុកពញាក្រែក ត្រូវជាបងថ្លៃរបស់ស្ត្រីរងគ្រោះបានយកផ្អកមកឱ្យ ស្ត្រីរងគ្រោះឈ្មោះឃាន សុខលាន លុះមកដល់ មិនឃើញមានមនុស្សនៅផ្ទះសោះ ចំណែកទ្វារតូបខាងមុខផ្ទះក៏បានបិទមិនបើកលក់ដូរដូចសព្វដងសោះ ដោយនឹកឆ្ងល់ ទើបស្ត្រីជាបងថ្លៃបានដើររកមើលក៏ប្រទះឃើញស្នាមឈាមស្រក់តាមជើងសរសរផ្ទះ ភ្លាមនោះ ស្ត្រីជាបងថ្លៃក៏ឡើងទៅលើផ្ទះបើកទ្វារចូលទៅមើល ស្រាប់តែប្រទះឃើញជនរងគ្រោះទាំង៣នាក់ម្តាយកូន បានដេកស្លាប់ក្នុងថ្លុកឈាមនៅកន្លែងផ្សេងគ្នាអស់ទៅហើយ ដោយក្នុងនោះ ស្ត្រីរងគ្រោះជាម្តាយដេកស្លាប់នៅកៀនជញ្ជាំង ចំណែកកូនប្រុសទាំង២នាក់ ដេកស្លាប់នៅលើពូកចំកណ្តាលផ្ទះ។

ក្រោយកើតហេតុ ស្ត្រីឈ្មោះសេង នាង ក៏ស្រែកឆោឡោផ្អើលអ្នកជិតខាងនាំគ្នាស្ទុះទៅមើល រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ និងបានពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះត្រូវជនដៃដល់ចាប់អារកសម្លាប់ ចំណែកក្មេងប្រុសទាំង២នាក់ជាកូនរបស់ស្ត្រីរងគ្រាះ ត្រូវជនជាឃាតករកាប់នឹងកាំបិតផ្គាក់ដងវែងបណ្តាលឱ្យស្លាប់។ នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញកាំបិតផ្គាក់ដងឬស្សីមួយ ប្រវែងជាង១ម៉ែត្រ មានប្រឡាក់ជាប់ឈាម បន្សល់ទុកនៅខាងមុខទ្វារខាងលើផ្ទះ។ ដោយឡែកបុរសជាប្តីចុងរបស់ស្ត្រីរងគ្រោះ មិនដឹងជាគេចខ្លួនទៅណាបាត់ ហេតុនេះ ទើបសមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាជំហានដំបូងថា ករណីឃាតកម្មដ៏ព្រៃផ្សៃខាងលើនេះ គឺអាចជាប់ពាក់ព័ន្ធនឹងបុរសជាប្តីចុងរបស់ស្ត្រីរងគ្រោះ។

យ៉ាងណាក្តី ពេលនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនដៃដល់ និងកំពុងតាមប្រមាញ់ចាប់ខ្លួនជនដៃដល់ជាឃាតករ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES