Friday, October 10, 2025
Homeព័ត៌មានជាតិផឹកសុីតែ២នាក់សប្បាយក្អាកក្អាយសុខៗ ក្លាយជាទំនាស់ ទាញដំបងវាយបែកក្បាល

ផឹកសុីតែ២នាក់សប្បាយក្អាកក្អាយសុខៗ ក្លាយជាទំនាស់ ទាញដំបងវាយបែកក្បាល

ខេត្តប៉ៃលិន ៖ បុរស២នាក់ បានអង្គុយផឹកស៊ីជុំគ្នា លុះក្រោយពេលស្រវឹងធ្លាក់ភ្នែក ក៏ចាប់ផ្តើមក្លែមពាក្យសម្តីដាក់គ្នាទៅវិញទៅមក រហូតដល់ផ្ទុះជាជម្លោះ ត្រូវភាគីម្ខាងទប់កំហឹងមិនបាន ក៏ទាញដំបងវាយសំពងគូទំនាស់ បណ្តាលឱ្យបែកក្បាលរងរបួសធ្ងន់ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចត្រពាំងខ្ចៅ ក្នុងភូមិអូរគន្ធាងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

ជនបង្កហេតុ ដែលផឹកស៊ីស្រវឹងទាញដំបងវាយគូទំនាស់បែកក្បាល មានឈ្មោះឃឿង ខឿត អាយុ៣២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកបុរសរងគ្រោះ មានឈ្មោះពេជ្រ សុធា អាយុ៥០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា រងរបួសក្បាលធ្ងន់ធ្ងរ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនបង្កបានអង្គុយផឹកស៊ីជាមួយគ្នាយ៉ាងសប្បាយក្អាកក្អាយ លុះដល់វេលាម៉ោងកើតហេតុខាងលើ ក្រោយពីស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏ស្រាប់តែអ្នកទាំង២បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាតឹងសរសៃក ហើយភ្លាមនោះ ជនបង្កហេតុបានស្ទុះទៅទាញដំបងមកវាយសំពងទៅលើជនរងគ្រោះចំក្បាល បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួនរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ចំណែកជនបង្កហេតុ ឈ្មោះឃឿង ខឿត ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងត្រង់ ចុះឃាត់ខ្លួន នាំយកទៅសាកសួរ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES