ខេត្តកណ្តាល ៖ សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្ថិតក្នុងសភាពរលេះរលួយ និងមានដង្កូវចោះ មើលលែងស្គាល់ ព្រមទាំងមានស្លាកស្នាមរបួសត្រង់ក្បាលផ្ទៃមុខ និងដៃជើង ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញចុះមកពិនិត្យ រួចសន្និដ្ឋានថា ជាករណីឃាតកម្មវាយសម្លាប់យ៉ាងសាហាវឃោរឃៅ។
ហេតុការណ៍ប្រទះឃើញសាកសពខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចបង្គោលអង់តែនទូរសព្ទ័អូរល្វា ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម។
សាកសពមិនស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថាជាមនុស្សប្រុស អាយុប្រហែលចន្លោះពី៤០ឆ្នាំទៅ៥០ឆ្នាំ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ រួចក៏ធុំក្លិនស្អុយយ៉ាងចម្លែក ទើបនឹកឆ្ងល់ក៏ដើររកមើល ស្រាប់តែប្រទះឃើញសាកសពដេកស្លាប់ផ្កាប់មុខ រលេះរលួយសាច់ មានដង្កូវចោះ មើលមុខលែងស្គាល់ទៅហើយ។ ភ្លាមនោះ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។
ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ប៉ុស្តិ៍ ពេទ្យមណ្ឌលសុខភាព ក្រុមប្រឹក្សាឃុំ ភូមិ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យដល់ទីតាំងកើតហេតុ។
យោងតាមលទ្ធផលកោស្យវិច័យរបស់សមត្ថកិច្ច សាកសពមានស្ថានភាពរលេះរលួយសាច់ ស្លៀកខោខូវប៊យជើងវែងពណ៌ខៀវ ក្រណាត់យឺត ខ្សែក្រវ៉ាត់ពណ៌ខ្មៅ ក្បាលដែករូបផ្កាយ (ទាហាន) អត់មានពាក់អាវ។ សាកសពដេកផ្កាប់មុខ ដៃស្តាំមានស្នាមចាក់សាក់នៅលើកំភួនដៃ (រូបផ្កាកូលាប) ក្បាលផ្នែកខាងក្រោយមុតដល់ខាងមុខ (ពីប្រជុំកណ្តាលរហូតដល់មុខលើចុងចិញ្ចើមខាងឆ្វេង) ស្លៀកខោលីអូពណ៌ខ្មៅ ក្នុងហោប៉ៅស្តាំខាងមុខមាននាឡិកា១ពណ៌ស សក់វែងស្លូត ធ្មេញធំរដិករដុបប្រហោងមិនស្មើ ស្នាមមុតមួយចំហៀងក្បាលផ្នែកខាងឆ្វេង ពីលើជើងសក់ ផ្នែកខាងក្រោយកាត់ទទឹងលើស្លឹកត្រចៀកខាងឆ្វេងមកដល់លើចិញ្ចើមខាងស្តាំ។ មានស្នាមបាក់ឆ្អឹងកំភួនដៃខាងឆ្វេង បាក់ជា២កំណាត់ដាច់ចេញពីគ្នា និងបាក់ភ្លៅខាងឆ្វេងលើក្បាលជង្គង់។
ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានលើករណីនេះ គឺជាករណីឃាតកម្ម។
សាកសពត្រូវបានកប់នៅវត្តឧទុម្ពរ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ដើម្បីស្រាវជ្រាវរកសាច់ញាតិ និងតាមស្វែងចាប់ខ្លួនជនល្មើសនាំយកមកផ្តន្ទាទោសតាមច្បាប់៕