ខេត្តកំពង់ឆ្នាំង ៖ គូស្នេហ៍ថ្មោងថ្មីមួយគូនេះ បានធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ព្រោះតែភាគីកូនកំលោះដែលមានវ័យជាង៥០ឆ្នាំប្លាយ និងមានសក់ស្កូវសព្រោង មានភ័ព្វវាសនាស្ទូចយកបេះដូងភរិយាដែលមានវ័យក្មេងរូបស្រស់ រហូតបានដឹកដៃគ្នាសំពះផ្ទឹមរៀបការទទួលយកគ្នាជាគូអនាគត ដោយសន្យាថែរក្សាចំណងស្នេហ៍មួយនេះឱ្យមានភាពផ្អែមល្ហែមរហូតតទៅ។
គូស្វាមីភរិយាថ្មោងថ្មីខាងលើនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ ប៉ុន្តែមានប្រភពមួយបង្ហើបប្រាប់ថា ភាគីកូនកំលោះមានឈ្មោះសួស សុខៈ អាយុជាង៥០ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត។ ចំណែកភាគីកូនក្រមុំ មានឈ្មោះចន្ធី អាយុជាង២០ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។ គូស្នេហ៍ខាងលើនេះបានដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨កន្លងទៅ។
គួរបញ្ជាក់ថា ថ្មីៗនេះ មានការបង្ហោះចែកចាយរូបថតគូស្វាមីភរិយាខាងលើផ្អើលពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយម្នាក់ៗចាប់អារម្មណ៍ត្រង់ថា កូនក្រមុំមានវ័យក្មេងសាច់សខ្ចី រូបក៏ស្រស់ បែរជាទៅរៀបការជាមួយនឹងកូនកំលោះមានវ័យចំណាស់សក់សព្រោងទៅវិញ។ មិនតែប៉ុណ្ណោះ អ្នកលេងហ្វេសប៊ុក រួមនឹងផេកហ្វេសប៊ុកមួយចំនួន បាននាំគ្នាវាយប្រហាររិះគន់ទៅលើគូស្វាមីភរិយាខាងលើ ដោយខ្លះថា ជាចំណងស្នេហ៍ខុសវ័យ ដែលផ្តើមចេញពីទឹកប្រាក់ ខ្លះថាអំណាចទឹកប្រាក់សម្លាប់ទឹកចិត្តស្មោះបុរសអស់ទៅហើយ រីឯខ្លះទៀតហ៊ានទាំងប្រៀបធៀបថា គោចាស់ប៉ះស្មៅខ្ចីទៀតផង។
ដោយឡែក យោងតាមរូបភាពអាពាហ៍ពិពាហ៍របស់គូស្នេហ៍ខាងលើចំនួន៣សន្លឹក ដែលត្រូវបានបង្ហោះចែកចាយពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក គេសង្កេតឃើញថា ត្បិតថាកូនកំលោះក្រមុំ សុទ្ធតែបានតុបតែងខ្លួនដោយសម្លៀកបំពាក់ភ្លឺផ្លេក សមរម្យក្តី ប៉ុន្តែមង្គលការខាងលើដែលបានរៀបចំឡើងនៅលើផ្ទះឈើចំណាស់ប្រក់ស័ង្កសីនោះ ហាក់មិនសូវជាធំដុំប៉ុន្មាននោះទេ ដោយមានភ្ញៀវចូលរួមសុទ្ធតែជាចាស់ទុំទាំងសងខាង ចំណែកផ្លែឈើនំចំណីដែលរៀបចំក្នុងពិធីក៏មិនមានច្រើនអ្វីដែរ ក្រៅតែពីចេកទុំ និងមាន់ស្ងោរប៉ុណ្ណោះ រីឯចិញ្ចៀនបញ្ចាំចិត្តស្នេហ៍របស់គូស្វាមីខាងលើ ក៏មើលទៅហាក់សាមញ្ញធម្មតាៗប៉ុណ្ណោះ។ ទាំងនេះអាចបញ្ជាក់បានថា មង្គលការរបស់អ្នកទាំងពីរខាងលើ ធ្វើឡើងក្នុងលក្ខណៈតូចតាច សំខាន់មានការចូលរួមដឹងឮពីសាច់ញាតិចាស់ទុំទាំងសងខាង និងមានការរៀបចំសែនព្រេន សំពះផ្ទឹមតាមប្រពៃណី ហើយក៏មិនមានសញ្ញាណាមួយបង្ហាញថា ភាគីកូនកំលោះជះលុយស្ទូចទឹកចិត្តកូនក្រមុំនោះដែរ តែផ្ទុយទៅវិញ ចំណងស្នេហាមួយនេះ គឺកើតចេញពីចិត្តនិងចិត្តរបស់អ្នកទាំងពីរទៅវិញទេ។
យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សាមីខ្លួនកូនក្រមុំ ដែលមានឈ្មោះ Chanthy Chamming បានបង្ហោះសារមួយ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ថា “ក្នុងមួយជីវិតរបស់មនុស្សស្រី មានតែមួយលើកប៉ុណ្ណោះដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមី បង្កើតជីវិតសាមញ្ញ តែរក្សានាងដូចជាព្រះនាងក្នុងបេះដូងរបស់គាត់…”។
ទាក់ទងទៅនឹងចំណងស្នេហ៍ខាងលើនេះ គេឃើញអ្នកលេងហ្វេសប៊ុកជាច្រើន ក្នុងនោះ មានមិត្តភក្តិអ្នកដែលស្គាល់ភាគីស្ត្រីជាកូនក្រមុំ បានជួយឈឺឆ្អាល ចេញមុខតតាំង ឆ្លើយតបចំពោះអ្នករិះគន់ទាំងឡាយ ដែលពោរពេញទៅដោយគំនិតអវិជ្ជមាន។
ក្នុងនោះ មានគណនីហ្វេសប៊ុកខ្លះបានឆ្លើយតបថា “ការស្រលាញ់របស់គាត់ គាត់ស្រលាញ់គ្នាតែពីរនាក់គ្នាគាត់ អ្នកចុះព័ត៌មាន កុំចេះតែចុះពេក គួរយល់អារម្មណ៍គាត់ផង គួរយកពេលចុះព័ត៌មានណាដែរមានប្រយោជន៍វិញល្អជាង” “ខ្ញុំ ដឹងខ្ញុំស្គាល់ពួកគាត់ទាំងពីរច្បាស់ណាស់ ហើយក៏ដឹងពីក្តីស្រលាញ់ពួកគាត់ទាំងពីរច្បាស់ណាស់ តែអ្នកដែលចុះ មិនដែលដឹង ក៏នៅតែខំចុះនិយាយពីគាត់” “ខ្ញុំដឹង ចាន់ធី គាត់ជាមិត្តខ្ញុំមិនតិចឆ្នាំទេ គាត់ធ្វើអ្វីក៏មានហេតុផលដែរ ទើបគាត់ធ្វើ” “ស្នេហាពិត មិនប្រកាន់ពណ៌សម្បុរ អាយុ ឬវណ្ណៈអ្វីឡើយ សំខាន់ឱ្យតែចិត្តស្រលាញ់គ្នាស្មោះ ហេតុនេះមិនគួររិះគន់ដោយចិត្តច្រណែន និន្ទាគេនោះឡើយ” “ខ្ញុំគិតថានាងគិតត្រូវព្រោះ៩០ភាគរយ នៃមនុស្សចាស់ គឺចាស់ចិត្តចាស់គំនិត អាចថែរក្សា ថ្នាក់ថ្នមនាងទាំងកាយ ទាំងវាចា និងទាំងចិត្ត ជាជាងទៅយកអាស្ទាវសម័យនេះ ដែលភាគច្រើនមានខ្លះជាភឿនបងតូចបងធំ ញៀនស្រា ញៀនល្បែង មានស្រីមិនខ្ចីខ្វល់ពីនាង… អាស្រ័យហេតុដូច្នោះហើយ សូមអាស្ទាវដែលខ្ញុំនិយាយត្រូវចំណុចទាំងអស់ខាងលើនេះ កុំខឹងនឹងសម្តីពិតរបស់ខ្ញុំ ហើយក៏កុំបញ្ចោញមតិបែបជាលក្ខណៈច្រណែននិន្ទាគាត់អីល្អជាង…”។
យ៉ាងណាក្តី ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនកូនកំលោះក្រមុំខាងលើបាននៅឡើយ៕