ភ្នំពេញ ៖ ស្ត្រីម្នាក់ទើបនឹងក្រោកពីឈឺជំងឺគ្រុនពោះវៀន ជិះរថយន្តឈ្នួលចេញពីស្រុកកំណើត សំដៅមកធ្វើការនៅក្នុងរាជធានីភ្នំពេញ វិញ ស្រាប់តែបាត់ខ្លួនសូន្យឈឹង ត្រង់ចំណុចបេនរថយន្ត ជាហេតុធ្វើឱ្យបុរសជាប្តីភ័យដើរតាមស្វែងរកប្រពន្ធសព្វកន្លែង នៅតែមិនមានដំណឹង ទើបដាច់ចិត្តកាន់រូបថតប្រពន្ធមកដាក់ពាក្យបណ្តឹងទាំងយប់ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមស្វែងរកប្រពន្ធរបស់ខ្លួនត្រឡប់មកវិញ។
បុរសជាប្តីដែលកាន់រូបថតប្រពន្ធមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ទាំងយប់ មានឈ្មោះហេង ភារៈ អាយុ២២ឆ្នាំ មុខរបរកម្មករ ធ្វើការនិងស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងមានស្រុកកំណើតនៅភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ ចំណែកស្ត្រីជាប្រពន្ធដែលបាត់ខ្លួនដោយគ្មានដំណឹង មានឈ្មោះវៃ ដាលីន អាយុ១៨ឆ្នាំ មុខរបរបោសជូត បម្រើការនិងស្នាក់នៅក្រុមហ៊ុន ម្តុំផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតក្នុងភូមិឃុំជាមួយគ្នា។
តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ថា រូបគេនិងប្រពន្ធ បានរៀបការនឹងគ្នាត្រឹមត្រូវតាមច្បាប់ប្រពៃណី តាំងពីអំឡុងឆ្នាំ២០១៥ មកម៉្លេះ ហើយរហូតមកដល់សព្វថ្ងៃ ប្តីប្រពន្ធពួកគេរួមរស់បង្កើតបានកូនស្រីម្នាក់ ទើបនឹងមានអាយុ៩ខែ ជាចំណងនិស្ស័យ សព្វថ្ងៃទុកឱ្យយាយតានៅស្រុកកំណើតឯខេត្តកំពង់ចាម ជួយមើលថែ។
បុរសជាប្តីបានបន្តថា ក្រោយពីរៀបការរួច នៅឆ្នាំ២០១៦ ប្តីប្រពន្ធពួកគេបាននាំគ្នាចេញមកធ្វើការនៅភ្នំពេញ លុះមកដល់ រូបគេជាប្តីរកបានការងារធ្វើនៅម្តុំជ្រោយចង្វារ ចំណែកប្រពន្ធចូលធ្វើការងារនៅក្នុងក្រុមហ៊ុនបោសសំអាត ឯម្តុំផ្សារដីហុយ ហេតុនេះប្តីប្រពន្ធពួកគេត្រូវស្នាក់នៅផ្ទះជួលបែកគ្នា ហើយរៀងរាល់២ខែម្តង ទើបបានឡើងទៅស្រុកកំណើតជួបមុខគ្នា៤-៥ថ្ងៃ ទើបត្រឡប់មកធ្វើការនៅភ្នំពេញវិញ ហើយអំឡុងពេលស្នាក់នៅភ្នំពេញ ពួកគេមិនសូវមានពេលបានជួបគ្នាញឹកញាប់នោះទេ។
បុរសជាប្តី បានឱ្យដឹងទៀតថា លុះមកដល់រយៈពេលជិត១០ថ្ងៃមុននេះ ប្រពន្ធរបស់ខ្លួនបានកើតមានជំងឺគ្រុនពោះវៀន ទើបបានសុំច្បាប់ពីការងារទៅសម្រាកព្យាបាលនៅផ្ទះឯខេត្តកំពង់ចាម។ លុះក្រោយមក រូបគេជាប្តីក៏បានឡើងទៅមើលប្រពន្ធបាន២-៣ថ្ងៃដែរ ក៏ត្រូវប្រពន្ធដេញឱ្យត្រឡប់មកភ្នំពេញ វិញ កុំឱ្យមានបញ្ហានៅកន្លែងធ្វើការ ព្រោះអាការៈជំងឺរបស់នាងក៏បានធូរស្រាលខ្លះហើយ ចាំនាងឡើងមកភ្នំពេញ វិញ តាមក្រោយ។ រហូតមកដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ប្រពន្ធរបស់ខ្លួនបានឡើងជិះរថយន្តឈ្នួលចេញពីស្រុកកំណើត សំដៅចូលភ្នំពេញវិញ ហើយរូបគេជាប្តីបានទាក់ទងតាមទូរស័ព្ទសួរនាំ តាំងពីពេលដែលប្រពន្ធឡើងឡាន រហូតពេលនាងមកដល់បេនឡានម្តុំរង្វង់មូលកួចកាណុង គល់ស្ពានជ្រោយចង្វារ នៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃដដែល ខ្លួនក៏ខលមកប្រពន្ធម្តងទៀត ដោយបបួលប្រពន្ធចូលញ៉ាំអីជាមួយគ្នានៅមាត់ទន្លេសិន ព្រោះខ្លួនទើបនឹងសម្រាកពីការងារ ណាមួយចង់ញ៉ាំអីជុំប្រពន្ធបន្តិច ព្រោះចង់ប៉ូវកម្លាំងប្រពន្ធដែលទើបនឹងក្រោកពីឈឺ។ ប៉ុន្តែ ពេលនោះប្រពន្ធបាននិយាយប្រាប់ថា នាងមិនទាន់ស្រួលខ្លួនទេ ណាមួយប្រញាប់ទៅកន្លែងធ្វើការផង។
បុរសជាប្តី បានបញ្ជាក់ថា តាំងពីនោះមក ទូរស័ព្ទរបស់ប្រពន្ធក៏លែងអាចទាក់ទងបានតែម្តង ហើយភ្លាមនោះរូបគេជាប្តីបានតាមទៅរកប្រពន្ធដល់កន្លែងធ្វើការនាងដែរ តែគេប្រាប់ថា មិនទាន់ឃើញនាងត្រឡប់មកវិញនៅឡើយ បន្ទាប់មករូបគេបានតាមរកផ្ទះបងប្អូន និងមិត្តភក្តិជិតស្និទ្ធប្រពន្ធដែរ តែគ្មានអ្នកណាម្នាក់ប្រទះឃើញសោះ មិនដឹងជាប្រពន្ធបាត់ខ្លួនទៅណា ជាមួយអ្នកណា សុខទុក្ខយ៉ាងណា ណាមួយនៅជាប់នឹងខ្លួនប្រពន្ធមានខ្សែក១ខ្សែ កងដៃ ទូរស័ព្ទ លុយប្រមាណ៣០ម៉ឺនរៀល ទើបធ្វើឱ្យរូបគេជាប្តីភ័យព្រួយបារម្ភពីសុវត្ថិភាពប្រពន្ធ ខ្លាចត្រូវមនុស្សមិនល្អបោកប្រាស់ ធ្វើបាប ក៏សម្រេចចិត្តកាន់រូបថតមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
ជាចុងក្រោយ បុរសជាប្តីរូបនេះបានអំពាវនាវដល់បងប្អូនដែលប្រទះឃើញមនុស្សស្រីដែលមានភិនភាគដូចក្នុងរូបថត សូមមេត្តាជួយផ្តល់ដំណឹងដល់សមត្ថកិច្ច ឬអាចទាក់ទងមករូបគេដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទ ទូរស័ព្ទប្តី ០៩៦ ៨ ៧០៨ ៨៣៤ ឬ ០១៦ ៤២៣ ៥៧៧។ ជាមួយនេះ បុរសជាប្តីបានបញ្ជាក់ថា ប្រសិនបើប្រពន្ធមានការអាក់អន់ស្រពន់ចិត្តជាមួយប្តីដោយប្រការណាមួយ ដែលខ្លួនជាប្តីមិនបានដឹងនោះ សូមឱ្យប្រពន្ធវិលមកវិញដោះស្រាយគ្នាវិញ ប្រសើរជាងនៅសុខៗបាត់ខ្លួនបែបនេះ៕