ខេត្តកំពង់ចាម ៖ បុរសជាប្តីម្នាក់ក្រោយពីផឹកស្រាស្រវឹងជោកជាំ ត្រឡប់មកដល់ផ្ទះវិញ ក៏រករឿងឈ្លោះប្រកែកជាមួយប្រពន្ធ រួចក៏ស្ទុះទៅវាយតប់ ចាប់ច្របាច់កប្រពន្ធរហូតដល់លៀនអណ្តាត ប៊ិះក្ស័យ ធ្វើឱ្យផ្អើលដល់អ្នកជិតខាងចូលមកជួយឃាត់ចាប់បំបែក រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកឃាត់ខ្លួនប្តីកំណាចនាំយកទៅចាត់ការតាមច្បាប់។
ករណីហិង្សាក្នុងគ្រួសារ ប្តីវ៉ៃតប់ចាប់ច្របាច់កប្រពន្ធលៀនអណ្តាតស្ទើរស្លាប់ស្ទើររស់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម។
ជនដៃដល់ដែលផឹកស្រវឹងវ៉ៃច្របាច់កប្រពន្ធលៀនអណ្តាត មានឈ្មោះពៅ សីហា អាយុ៣២ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះ ជាប្រពន្ធ មានឈ្មោះយ៉ន សារ៉ាន់ អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ។ ប្តីប្រពន្ធអ្នកទាំង២ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ប្តីប្រពន្ធខាងលើរស់នៅមិនសូវចុះសម្រុងនឹងគ្នាប៉ុន្មានទេ ដោយសារតែបុរសជាប្តី គឺជាមនុស្សប្រមឹក និងមានចរិតកោងកាចខ្លាំងណាស់ ឱ្យតែបានស្រាចូលពោះ ដឹងតែរករឿងឈ្លោះវាយតប់ប្រពន្ធមិនសូវលោះថ្ងៃឡើយ។ រហូតមកដល់ថ្ងៃកើតហេតុ ជនសង្ស័យបានដើរចេញទៅផឹកស្រាជាមួយមិត្តភក្តិនៅក្នុងភូមិតាំងពីក្បាលព្រលប់ រហូតដល់វេលាម៉ោង៨យប់ ត្រឡប់មកដល់ផ្ទះវិញ ក៏ស្រាប់តែមួម៉ៅក្តៅចិត្ត ឡូឡារករឿងឈ្លោះប្រកែកជាមួយប្រពន្ធ រហូតដល់ប្រពន្ធទ្រាំមិនបាន ក៏តបត២-៣ម៉ាត់ទៅ ស្រាប់តែបុរសប្តីច្រឡោតខឹង ស្ទុះចូលទៅវាយតប់ប្រពន្ធ រួចចាប់ច្របាច់កប្រពន្ធរហូតដល់លៀនអណ្តាត ប៊ិះដាច់ខ្យល់ស្លាប់ គង់តែបានអ្នកជិតខាងចូលមកជួយឃាត់ទាន់ពេល ពុំនោះទេច្បាស់ជាមានគ្រោះថ្នាក់ធ្ងន់មិនខាន។
ក្រោយកើតហេតុ អ្នកជិតខាងបានរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ចុះមកចាប់ឃាត់ខ្លួនបុរសជាប្តីនាំយកទៅសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ជាប្តីបានឆ្លើយសារភាពថា រូបគេពិតជាបានវាយច្របាច់កប្រពន្ធមែន មូលហេតុដោយសារតែខ្លួនផឹកស្រាស្រវឹងខ្លាំងពេក ណាមួយកើតមានជម្លោះជាមួយប្រពន្ធ ទើបធ្វើឱ្យទប់ចិត្តមិនបាន ក៏កើតមានអំពើហិង្សាបែបនេះតែម្តង។
ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕