ភ្នំពេញ ៖ ស្ត្រីជាកម្មកររោងចក្រទឹកកកម្នាក់ ត្រូវមេការប្រើឱ្យធ្វើការហត់ពេក ក៏រអ៊ូរទាំ ទើបធ្វើឱ្យកើតមានទំនាស់ពាក្យសម្តីនឹងគ្នា រហូតដល់បុរសជាមេការផ្ទុះកំហឹង ក៏ស្ទុះទៅវាយស្ត្រីរងគ្រោះជាកម្មករចំនួន៣ដៃ បណ្តាលឱ្យបែកចិញ្ចើមហូរឈាមស្រោចខ្លួន ទើបធ្វើឱ្យស្ត្រីរងគ្រោះកើតទុក្ខមិនសុខចិត្ត ក៏រត់មកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនមេការជើងខ្លាំងខាងលើ នាំយកមកសាកសួរ។
ករណីហិង្សាមេការវាយកូនចៅ៣ដៃ បែកចិញ្ចើមខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចរោងចក្រផលិតទឹកកកមួយកន្លែង មានទីតាំងស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
ស្ត្រីរងគ្រោះមានឈ្មោះ ទ.រ អាយុ៣៧ឆ្នាំ មុខរបរកម្មកររោងចក្រផលិតទឹកកកខាងលើ ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកជនដៃដល់ មានឈ្មោះបុង សៅ អាយុ៣០ឆ្នាំ មានមុខរបរជាមេការរោងចក្រផលិតទឹកកកខាងលើ និងមានស្រុកកំណើតនៅភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។
តាមសម្តីស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ទាំងទឹកភ្នែកថា បុរសជាមេការម្នាក់នេះ (ជនដៃដល់) ហាក់មានចិត្តលំអៀងចំពោះគាត់ខ្លាំងណាស់ តែងប្រើគាត់ឱ្យធ្វើការច្រើនលើសគេ អស់ពីប្រើឱ្យធ្វើនេះ ប្រើឱ្យធ្វើនោះ សឹងរកពេលសម្រាកមិនចង់បាន មិនដឹងថាមានគំនុំអ្វីជាមួយគាត់ តាំងពីពេលណាមកនោះទេ។
ស្ត្រីរងគ្រោះ បន្តថា ជាក់ស្តែងនៅព្រឹកថ្ងៃកើតហេតុ គាត់បានចូលទៅធ្វើការងារដូចសព្វដង ហើយនៅកន្លែងធ្វើការរបស់គាត់មានគ្នាចំនួន៣នាក់ លុះពេលចូលធ្វើការ មេការរូបនោះ (ជនដៃដល់) បានប្រើឱ្យគាត់ជាន់ធុងទឹកកកម្នាក់ឯង ចំណែក២នាក់ទៀត ត្រូវមេការប្រើឱ្យជាន់ធុងទឹកកកជាមួយគ្នា។ លុះពេលដែលគាត់ជាន់ធុងទឹកកកតែម្នាក់ឯងរួច ចំណែក២នាក់នោះជាន់មិនទាន់ហើយទេ ស្រាប់តែមេការនោះបានប្រើគាត់ឱ្យទៅជួយជាន់ធុងទឹកកកកម្មករទាំង២នាក់នោះទៀត តែគាត់មិនព្រមទៅជួយ ក៏ត្រូវមេការរករឿងស្តីបន្ទោស រួចក៏ស្ទុះមកវាយចំនួន៣ដៃ បណ្តាលឱ្យបែកចិញ្ចើមខាងស្តាំហូរឈាមពេញខ្លួនតែម្តង។ ភ្លាមនោះ ដោយទ្រាំនឹងទង្វើដ៏ឃោរឃៅរបស់មេការរូបនេះតទៅទៀតលែងបាន ទើបគាត់សម្រេចចិត្តរត់មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌដង្កោ តែម្តង។
ក្រោយពីទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះខាងលើ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ដង្កោ ក៏បានចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនបង្កយកមកសួរនាំនៅប៉ុស្តិ៍ដង្កោ។
នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុជាមេការរោងចក្រទឹកកក បានឆ្លើយសារភាពថា រូបគេពិតជាបានវាយទៅលើស្ត្រីរងគ្រោះមែន ព្រោះតែរូបគេខឹងស្ត្រីរងគ្រោះដែលប្រើមិនបាន និងថែមទាំងរអ៊ូរទាំច្រើន លុះគាត់ស្តីបន្ទោសតិចតួច ស្រាប់តែជេរ និងយកបោយទឹកគប់មកលើគាត់ទៀត ទើបគាត់ទប់ចិត្តមិនបានក៏វាយទៅលើស្ត្រីរងគ្រោះតែម្តង។
បច្ចុប្បន្នជនដៃដល់ខាងលើ ត្រូវបានបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងធ្វើតាមនីតិវិធី៕